អន្តរជាតិ
ប្រធាន​អាស៊ាន Duterte ៖«​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ចិន​ចាញ់ក្តី មិនមែន​រឿង​អាស៊ាន​ទេ​»
28, Apr 2017 , 8:39 pm        
រូបភាព
រូបភាព៖ Presidential Communications Office
រូបភាព៖ Presidential Communications Office
ដោយ: ថ្មីៗ
​ហ្វីលីពីន​មិន​ដាក់​ចំណុច​ទាក់ទិន​សេចក្តីសម្រេច​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ (PCA) លើ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រកាស​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​ចិន​ក្នុង​កិច្ចពិភាក្សា​នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣០​ឡើយ​។ លោក​ថា សេចក្តីសម្រេច​នេះ​មិនមែនជា​រឿង​របស់​អាស៊ាន​ឡើយ ហើយ​លោក​យល់ថា វា​មិន​ខុសពី​ការបង្កើត​បញ្ហា​ធំ​សម្រាប់​ហ្វីលីពីន​ផង​និង​អាស៊ាន បើ​នៅ​បន្ត​បង្ខំ​មហាអំណាច​ចិន​ឲ្យ​គោរព​សេចក្តីសម្រេច​តុលាការ​រ​បៀ​ប​នេះ​។​


«​យើង​នឹងមិន​ដាក់​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​ក្នុង​កិច្ចពិភាក្សា​ឡើយ​។ វា​មិនមែនជា​បញ្ហា​ក្នុង​អាស៊ាន​ឡើយ​»​។ នេះ​ជាស​ម្តី​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ដែល​ប្រកាស​ពេញមាត់​ពាក់ព័ន្ធ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧​មេសា​។

​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ពន្យល់ថា ថ្វីបើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មាន​ពាក់ព័ន្ធ​រដ្ឋ​អាស៊ាន​បួន​ក៏ដោយ វា​មិនមែនជា​រឿង​ដែល​គួរ​យកមក​ឡូកឡំ​ជាមួយ​អាស៊ាន​ទាំងមូល​ឡើយ​។ ប្រមុខរដ្ឋ​ហ្វីលីពីន​ដែល​ប្រឹង​ស្តារ​ចំណងមិត្តភាព​ជាមួយ​ចិន​នេះ​បាន​សង្កត់ធ្ងន់ថា សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​នឹងត្រូវ​យកទៅ​ជជែក​ជាមួយ​ចិន​ជា​លក្ខណៈ​ទ្វេភាគី​នៅពេល​ណាមួយ​ខាងមុខ​វិញ​។​

«​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ វា​ជា​រឿង​រវាង​ចិន​និង​ហ្វីលីពីន​។ ដូច្នេះ​យើង​មិន​ដាក់​វា​ក្នុង​កិច្ចពិភាក្សា​ឡើយ​។​យើង​មិន​ជជែក​ពី​អធិបតេយ្យ​នៃ​កោះ​ក្នុង​ដែន​ជម្លោះ​ឡើយ​ព្រោះថា វា​មិនមែនជា​បញ្ហា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះឡើយ​»​។

​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ ២០១៥ នេះ លោក Duterte មាន​សិទ្ធិអំណាច​ក្នុងការ​ស​ម្រេ​ចិត្ត​ពាក់ព័ន្ធ​ការចេញ​សេចក្តីថ្លែងការណ៍​ប្រធាន​អាស៊ាន និង​ឯកសារ​សំខាន់ៗ ផ្សេងទៀត​។ ហើយ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler ដែល​បានឃើញ​សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​អាស៊ាន​ផ្ទាល់ វា​គ្មាន​ឡើយ​ការលើកឡើង​ពី​សាលក្រម​តុលាការ​នៅក្នុង​សេចក្តីថ្លែងការណ៍​អាស៊ាន​។​

​ត្រឡប់មកវិញ លោក Duterte បាន​ព្យាយាម​បកស្រាយ​ប្រាប់​គ្រប់គ្នា​ឲ្យ​អស់​មន្ទិលសង្ស័យ​ជុំវិញ​ការសម្រេចចិត្ត​របស់លោក​មិន​ដាក់​សេចក្តីសម្រេច​របស់​តុលាការ​ក្នុង​កិច្ចពិភាក្សា​នៃ​វេទិកា​អាស៊ាន​។ លោក​ប្រកាសថា គ្មាន​ការ​លូកលាន់​ពី​ចិន ឬ​មាន​អ្នកណាម្នាក់​ប្រាប់​លោក​ឲ្យ​ធ្វើ​អ្វី​ឬ​ត្រូវ​និយាយ​អ្វី​ឡើយ​។ ប៉ុន្តែ​គ្រប់យ៉ាង​ដែល​លោក​ធ្វើ​គឺ​លោក​មើលឃើញ​ពី​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​នៅពេលដែល​មានការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ចិន​និង​ហ្វីលីពីន​ឬ​អាស៊ាន​។​

​មេដឹកនាំ​ហ្វីលីពីន​រូបនេះ​ពន្យល់​បន្ថែមថា បើ​ប្រៀបធៀប​ជាមួយ​ហ្វីលីពីន ចិន​ជាយ​ក្ស​ទាំង​សេដ្ឋកិច្ច​និង​យោធា​។​ហ្វីលីពីន​គ្មាន​លទ្ធភាព​ឯណា​ទៅ​តតាំង ឬ​បង្ខំ​ឲ្យ​ចិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​នៅពេលដែល​ចិន​ថា​ខ្លួន​មិន​គោរព​នោះឡើយ​។ លោក​ចោទ​សួរថា «​បើ​បង្ខំ​ចិន​ឲ្យ​គោរព​សេចក្តីសម្រេច​តុលាការ​តើ អាស៊ាន​ត្រៀមខ្លួន​កម្រិត​ណា​ដើម្បី​ប្រឈម​និង​ដោះស្រាយ​បញ្ហា​?»

​សូមបញ្ជាក់ថា ក្រោយពេល​ប្រធានាធិបតី Rodrigo Duterte ឡើងកាន់តំណែង រដ្ឋាភិបាល​ក្រុង​ម៉ានីល​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន ១៨០​ដឺ​ក្រេ​ពាក់ព័ន្ធ​គោលជំហរ​របស់ខ្លួន​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ហ្វីលីពីន​ប្រឹង​ស្តារ​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង​វិញ​និង​ប្រកាសថា​ខ្លួន​ចង់​ចរចា​ទ្វេភាគី​ជាមួយ​ចិន​លើ​បញ្ហា​ជម្លោះ​នេះ​។ Duterte បាន​អះអាងថា គោលនយោបាយ​ការបរទេស​របស់លោក​មិនមែន​អែបអប​ចិន​ឲ្យ​ខាត​ប្រយោជន៍​ទេ តែ​ជា​គោលនយោបាយ​ឯករាជ្យ​និង​អ​ព្យា​ក្រឹ​ត្រ​មិន​រណប​មហាអំណាច​ថែមទៀត​៕


Tag:
 អាស៊ាន​
  Rodrigo Duterte
  PCA
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com