អន្តរជាតិ
ឥណ្ឌូណេស៊ី​សុំ​ឲ្យ​មានការ​បង្រួបបង្រួមរ​ដ្ឋ​អាស៊ាន ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ជាមួយ​មហា​យក្ស​ចិន​
28, Apr 2017 , 9:39 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុកផ្លូវការរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo
រូបភាព៖ ហ្វេសប៊ុកផ្លូវការរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo
​ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​អំពាវនាវ​ទៅកាន់​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់​ឲ្យ​ប្រកាន់​ជំហរ​រួមគ្នា​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ឈានទៅ​តតាំង​ជាមួយ​មហា​យក្ស​ចិន​។ នេះ​ជា​សារ​មួយ​ពី​បងធំ​អាស៊ាន​ដែល​ចង់​ឲ្យ​មានការ​រួបរួមគ្នា​រវាង​សមាជិក​អាស៊ាន​ទាំង ១០ មុន​ពេលដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០​មកដល់​។


​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន ABS-CBN នៅ​ថ្ងៃ​សុក្រ​ទី ២៨ មេសា ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​ថ្លែងថា បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ដោយ​រដ្ឋ​អាស៊ាន​ទាំងអស់​ត្រូវតែ​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​និង​មាន​ជំហរ​រួមគ្នា​។​

​លោក  វី​ដូ​ដូ បាន​ថ្លែង​ដូច្នេះ​៖« សមុទ្រ​ចិន​ខាងត្បូង​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​យើង​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​។ កាលពី​ប្រជុំ​លើក​មុន វា​នៅមាន​បញ្ហា​ចម្រូងចម្រាស​និង​ការយល់ឃើញ​ខុសគ្នា​ច្រើន​រវាង​បណ្តា​រដ្ឋ​អាស៊ាន​ទាំង​១០»​។​

១. អាស៊ាន​ត្រូវមាន​ជំហរ​រួមគ្នា​សិន​ចាំ​ទៅ​ជជែក​ជាមួយ​ចិន

​ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី​នេះ​មើលឃើញ​ផងដែរ​ថា ការជជែក​ពិភាក្សា​ប្រឹក្សា​យោបល់​រវាង​អា​ស៊ា​និង​ចិន​ពិតជា​សំខាន់​ដែល​ជួយ​លើកស្ទួយ​ការកសាង​ទំនុកចិត្ត​រវាង​គ្នា​និង​គ្នា​។ ហើយ​វារឹតតែ​សំខាន់​ដែល​អាស៊ាន​ត្រូវ​ត្រៀមខ្លួន​ដោយ​បង្កើត​គោលជំហរ​ដូចគ្នា​លើ​បញ្ហា​ធំៗ​ដូចជា​សមុទ្រ​ចិន​ខាងត្បូង មុន​ឈានទៅ​និយាយ​ជាមួយ​ចិន​។​

« ខ្ញុំ​គិតថា​យើង​ត្រូវមាន​ជំហរ​រួមគ្នា​។ អ្វីដែល​សំខាន់បំផុត​គឺ​ផ្ទៃក្នុង​អាស៊ាន​ត្រូវតែ​មានការ​ឯកភាពគ្នា​ជារួម​លើ​បញ្ហា​នេះ​។ បន្ទាប់មកទៀត​យើង​អាច​ចាប់ផ្តើម​ជជែក​ពិភាក្សា​ជាមួយ​ចិន​បាន​ហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ចូ​កូ វី​ដូ​ដូ​។​

​សម្តី​របស់លោក ចូ​កូ វី​ដូ​ដូ ជា​សារ​មួយ​ដ៏​សំខាន់​ដែលមាន​ន​គោលដៅ​បង្រួបបង្រួម​អាស៊ាន ស្រប​ពេលដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ជិត​មកដល់​នោះ​។ វា​ជា​យុទ្ធសាស្ត្រ​តែមួយគត់​ដែល​អាច​ឲ្យ​អាស៊ាន​រក្សាបាន​ទម្ងន់​ក្នុង​ការចរចា​ជាមួយ​ចិន​នៅពេល​ខាងមុខ​។​

​គួរបញ្ជាក់​បន្តិច​ថា រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស​និង​គ្រោះថ្នាក់​សម្រាប់​តំបន់​ទាំងមូល ព្រោះ​ភាគី​ពាក់ព័ន្ធ​បន្ត​ទាមទារ​យក​ចំណែក​រៀងខ្លួន​ក្នុង​ដែន​ជម្លោះ​។ ចំណែក​ប្រទេស​ធំ​ដូច​ចិន​នោះបាន​បន្ត​គម្រោង​វាតទី​យក​តំបន់​ជម្លោះ​ដោយ​សាងសង់​កោះ​សិប្បនិម្មិត​ជា​បន្តបន្ទាប់​និង​ធ្វើ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​ដើម្បី​បម្រើ​ប្រយោជន៍​យោធា​ថែម​ទៀតផង​។

​ប៉ុន្តែ​ជម្លោះ​នេះ​បានធ្វើ​ឲ្យ​សមាជិក​អាស៊ាន​បែកខ្ញែក​គ្នា ព្រោះ​ខ្លះ​មាន​ជាប់​ជម្លោះ​ខ្លះទៀត​មិន​ជាប់​ជម្លោះ​។ ហើយ​ប្រទេស​ដូចជា​កម្ពុជា​និង​ឡាវ សុទ្ធសឹងតែ​ជា​រដ្ឋ​ដែលមាន​ទំនាក់ទំនង​ល្អ​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ជាមួយ​ចិន​ថែម​ទៀតផង​។ គេ​ចោទថា ប្រទេស​ទាំងពីរ​ជា​អ្នក​ចាំ រារាំង​រាល់​ការបង្កើត​ជំហរ​រឹងត្អឹង​ដើម្បី​ជជែក​ជាមួយ​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​នេះ​។

​ចំណែក​រដ្ឋ​មួយចំនួនទៀត​ដែលមាន​ជម្លោះ​ផ្ទាល់​ជាមួយ​ចិន​ជាពិសេស​ហ្វីលីពីន​នោះ​បន្ត​ជំរុញ​ឲ្យ​អាស៊ាន​ប្រកាន់​ជំហរ​រួម​ដើម្បី​តតាំង​ជាមួយ​ចិន​។ ហើយ​ហ្វីលីពីន​ជំនាន់​ប្រធានាធិបតី Benigno Aquino នេះ​ក៏បាន​សម្រេច​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ​ថែមទៀត​កាលពី​ឆ្នាំ ២០១៣​ដើម្បី​ប្រឆាំង​ចិន ហើយ​តុលាការ​បានចេញ​សាលក្រម​មួយ​គាំទ្រ​ហ្វីលីពីន និង​ទាត់ចោល​ការទាមទារ​ដែ​ន​ទឹក​ក្នុង​ដែន​ជម្លោះ​ស្ទើរតែ​ទាំងស្រុង​ដោយ​ផ្អែក​តាម​កត្តា​ប្រវត្តិសាស្ត្រ​របស់​ចិន​ថែម​ទៀតផង​។​

២.​ឥណ្ឌូណេស៊ី​មិន​ហ៊ាន​រិះគន់​ហ្វីលីពីន​ដែល​ងាក​ទៅរក​ចិន​
 
​យ៉ាងណា​ក៏ដោយចុះ ពេល​ប្រធានាធិបតី Rodrigo Duterte ឡើងកាន់តំណែង រដ្ឋាភិបាល​ក្រុង​ម៉ានីល​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន ១៨០​ដឺ​ក្រេ ដោយ​ត្រឡប់​ទៅ​ស្តារ​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង​វិញ​និង​ប្រកាសថា​ខ្លួន​ចង់​ចរចា​ទ្វេភាគី​ជាមួយ​ចិន​លើ​បញ្ហា​ជម្លោះ​នេះ​។ Duterte បាន​អះអាងថា គោលនយោបាយ​ការបរទេស​របស់លោក​ជា​គោលនយោបាយ​ឯករាជ្យ​និង​អ​ព្យា​ក្រឹ​ត្រ​មិន​រណប​អ្នកណា​ថែមទៀត​។​

​ពេល​សាកសួរ​រឿង​នយោបាយ​របស់លោក Rodrigo Duterte ចំពោះ​ចិន​អាច​ប៉ះពាល់​ដល់​អាស៊ាន​ឬ​អត់ លោក ចូ​កូ វី​ដូ​ដូ មិនបាន​បកស្រាយ​ឬ​មាន​យោបល់​អ្វី​ឡើយ​។ លោក​គ្រាន់តែ​បញ្ជាក់ថា អ្វីដែល​លោក​និយាយ​គ្រាន់តែ​ជា​សារ​ចូលរួម​បង្រួបបង្រួម​អាស៊ាន​តែប៉ុណ្ណោះ ហើយ​លោក​ក៏​កត់សម្គាល់​ផងដែរ​ថា ប្រទេស​ផ្សេងគ្នា​មាន​គោលនយោបាយ​ការបរទេស​ផ្សេងគ្នា​។​

«​គ្រប់​ប្រទេស​ទាំងអស់​មាន​គោលនយោបាយ​ខុសគ្នា​។ ខ្ញុំ​គិតថា ប្រធានាធិបតី Duterte បានសម្រេច​ចិត្ត​ច្បាស់លាស់​សម្រាប់​ការបង្កើត​គោលនយោបាយ​ការបរទេស​សម្រាប់​ហ្វីលីពីន​។ នៅ​ឥណ្ឌូណេស៊ី យើង​ក៏មាន​គោលនយោបាយ​ផ្ទាល់ខ្លួន​ដែរ​។ យើង​មិនមាន​គោលនយោបាយ​រួម​សម្រាប់​ប្រទេស​ទាំងអស់​ទេ​»​។​

​តាំងពីដើម​មក ក្នុងនាម​ជា​បងធំ​អាស៊ាន ឥណ្ឌូណេស៊ី​មិនសូវ​ញរ​ញើ​តម​ហា​យក្ស​ចិន​ឡើយ​កន្លងមក​។ រដ្ឋ​អាស៊ាន​មួយ​នេះ​បន្ត​បង្ក្រាប​ទូក​នេសាទ​ចិន​និង​បាញ់​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​យ៉ាង​ចាស់ដៃ​។ ឥណ្ឌូណេស៊ី​ស្ថិតនៅក្នុង​ជម្លោះ​ជាមួយ​ចិន​ដែរ​លើ​កោះ Natunas ដែលជា​កោះ​ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​តែ​សម្បូរ​ធនធានធម្មជាតិ​និង​ត្រី​។  រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា​ក៏​មិន​រារែក​ពង្រាយ​នាវាចម្បាំង​និង​យន្តហោះ​ទៅ​ការពារ​កោះ​ខ្លួន​ឡើយ ហើយ​រដ្ឋាភិបាល​នេះ​ក៏​ត្រៀម​បញ្ជូន​នាវាចម្បាំង មី​ស៊ី​ល និង​យន្តហោះ​ចម្បាំង​បន្ថែមទៀត​ដែរ​ទៅកាន់​កោះ​ខាងលើ​៕


Tag:
 Joko Widodo
  Rodrigo Duterte
  អាស៊ាន​
  ឥណ្ឌូណេស៊ី​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com