អន្តរជាតិ
អគ្គ​លេខា​ធិ​ការ​អាស៊ាន​៖ អាស៊ាន​នឹង​ពិភាក្សា​បញ្ហា​ឧបទ្វីប​កូរ៉េ ហើយ​ចង់ឃើញ​កិច្ចចរចា ៦ ភាគី​ចាប់ផ្តើម​វិញ​
28, Apr 2017 , 10:39 pm        
រូបភាព
អាស៊ាន​, Le Luong Minh, បញ្ហា​ឧបទ្វីប​កូរ៉េ​, Six-Party Talks
អាស៊ាន​, Le Luong Minh, បញ្ហា​ឧបទ្វីប​កូរ៉េ​, Six-Party Talks
 ស្របពេល​ដែលមាន​ក្តីបារម្ភ​ពាក់ព័ន្ធ​បញ្ហា​ឧបទ្វីប​កូរ៉េ អគ្គលេខាធិការ​អាស៊ាន​លោក Le Luong Minh បាន​បញ្ជាក់ថា គោលជំហរ​របស់​អាស៊ាន​មិន​ប្រែប្រួល​និង​នៅតែ​ច្បាស់លាស់​ដោយ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រឡប់​ចូល​តុ​ចរចា​ដែលមាន​ស្រាប់​, បន្ថយ​ភាព​តានតឹង​និង​ញ្ចៀ​ស​សង្គ្រាម​។ អគ្គលេខាធិកា​រអាស៊ាន​លើកឡើង​នេះ ស្រប​ពេលដែល​កូរ៉េខាងជើង​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋ​អាស៊ាន​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​អា​មេ​រិ​ផងដែរ​។​


​ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន Channel News Asia​នា​ថ្ងៃ ២៨ មេសា អគ្គលេខាធិការ​អាស៊ាន​លោក Le Luong Minh បាន​លើកឡើងថា គោលជំហរ​របស់​អាស៊ាន​នៅតែ​ច្បាស់លាស់​និង​មិន​ប្រែប្រួល​។ គោលជំហរ​របស់​អាស៊ាន​ក្នុងនាម​ជា​អង្គការ​តំបន់​ដ៏​មាន​ឥទ្ធិពល​និង​ទឹកមាត់ប្រៃ មានដូចជា​ការអំពាវនាវ​ឲ្យ​ភាគី​ទាំងអស់​ធ្វើយ៉ាងណា​បន្ធូរបន្ថយ​កម្តៅ​និង​ការប្រឈមមុខ​ដាក់គ្នា​, ការរំសាយ​អាវុធ​នុយក្លេអ៊ែរ និង​ជ្រោមជ្រែង​ការ​ឈានទៅ​ចាប់ផ្តើម​កិច្ចចរចា​ប្រាំមួយ​ភាគី (Six-Party Talks) ឡើងវិញ​។​

​សូមបញ្ជាក់​បន្តិច​ថា កិច្ចចរចា​ប្រាំមួយ​ភាគី​នេះ​មាន​ប្រទេស​ចូលរួម​ដូចជា​កូរ៉េខាងជើង​, កូរ៉េខាងត្បូង​, ចិន​, អាមេរិក​, ជប៉ុន និង​រុស្ស៊ី​។ វា​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០០៣ ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​ភាគី​ទាំងអស់​ជជែក​ពិ​ក្សា​និង​ចរចា​គ្នា​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ប៉ុន្តែ​ជា​អកុសល​កិច្ចពិភាក្សា​នេះ​រលំរលាយ​នៅ​ឆ្នាំ ២០០៨ ក្រោយ​ពេលដែល​ក្រុង​ព្យុងយ៉ាង​សម្រេច​បាញ់​មី​ស៊ី​ល​ផ្គើន​សហគមន៍​អន្តរជាតិ​។

​ត្រឡប់មកវិញ មុន​ផ្តល់​បទ​សម្ភាស​ឲ្យ​សារព័ត៌មាន​សិង្ហ​បុរី​នេះ អគ្គលេខាធិការ​អាស៊ាន​ខាងលើ​បានទទួល​សំបុត្រ​ដ៏​កម្រ​មួយ​រួច​ហើយពី​កូរ៉េខាងជើង​ពាក់ព័ន្ធ​ស្ថានការណ៍​កូរ៉េខាងជើង​និង​ស្ថានភាព​ប្រឈមមុខគ្នា​ជាមួយ​អាមេរិក ។ ប្រមុខ​ការទូត​កូរ៉េខាងជើង​លោក Ri Yong-ho បាន​ទទូច​ឲ្យ​អគ្គលេខាធិការ​អាស៊ាន ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ស្ថានការណ៍​គ្រោះថ្នាក់​នៅ​ឧបទ្វីប​កូរ៉េ និង​លើក​ជា​សំណើ​សមស្រប​សម្រាប់​ដោះស្រាយ​បញ្ហា​នេះដែរ​។ ឆ្លៀត​ពេលនោះ កូរ៉េខាងជើង ក៏​មិន​ភ្លេច​រិះគន់​សមយុទ្ធ​ប្រចាំឆ្នាំ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ដែលជា​មូលហេតុ​ដ៏​សំខាន់​នាំ​ឲ្យ​កូរ៉េខាងជើង​ប្រឹងប្រែង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ទុក​ការពារ​ខ្លួន​នោះ​។

​ទាក់ទិន​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នៅ​ឧបទ្វីប​កូរ៉េ​នេះ អគ្គលេខាធិការ​អាស៊ាន​ខាងលើ​បានបញ្ជាក់​ប្រាប់​ផងដែរ​ថា វេទិកា​មេដឹកនាំ​អាស៊ាន​លើក​ទី​៣០ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នឹងមាន​ជជែក​ពិភាក្សាគ្នា​ពី​បញ្ហា​សន្តិសុខ​និង​បញ្ហា​អន្តរជាតិ​ផ្សេងទៀត​ផងដែរ​។ ក្នុងចំណោម​បញ្ហា​ទាំងនោះ​មាន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ត្រូវ​រៀបចំឡើង​នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន មុន​វេទិកា​តំបន់​អាស៊ាន (ARF) ដែល​កូរ៉េខាងជើង​ចូលរួម​ដែរនោះ ចាប់ផ្តើម​នៅ​ខែសីហា​ខាងមុខ​៕


Tag:
 អាស៊ាន​
  Le Luong Minh
  បញ្ហា​ឧបទ្វីប​កូរ៉េ​
  Six-Party Talks
© រក្សាសិទ្ធិដោយ thmeythmey.com