អន្តរជាតិ
Brexit៖ នាយករដ្ឋមន្ត្រី May កំពុង​ប្រឈមមុខ​បញ្ហា​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ ​
29, Apr 2017 , 10:39 am        
រូបភាព
ដំណើរ​ការចរចា​លែងលះ​រវាង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប កំពុងស្ថិត​លើផ្លូវ​លំបាក ខណៈ​ការចរចា​មិនទាន់​ចាប់ផ្ដើម​ផង​នោះ​។ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Theresa May ជួបប្រទះ​បញ្ហា​យ៉ាងច្រើន ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក រហូត​សម្រេចចិត្ត​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​នៅ​ខែមិថុនា​ខាងមុខ​។ នៅក្នុង​ស្រុក លោកស្រី May ត្រូវធ្វើ​យុទ្ធនា​ការរក​ការគាំទ្រ​សម្រាប់​ការបោះឆ្នោត​ផង និង​ការចរចា​លែងលះ​ផង​។ ចំណែក​សហភាព​អឺរ៉ុប​ឯណោះ ក៏បាន​ដាក់​លក្ខខណ្ឌ​ចរចា​រឹងត្អឹង​សម្រាប់​ការជជែក​ជាមួយ​អង់គ្លេស​រាប់ទាំង​ការទាមទារ​ឲ្យ​អង់គ្លេស​បង់ប្រាក់​លែងលះ​ជាដើម​។


​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Theresa May ដែល​ជូនដំណឹង​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី​២៩ ខែមីនា បាន​ប្រាប់​ការជួបជុំ​មួយ​ថា រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧​ប្រទេស​ទៀត កំពុង​ផ្ដុំ​កម្លាំង​គ្នា​ប្រឆាំង​ចក្រភព​អង់គ្លេស តាមរយៈ​ការដាក់​លក្ខខណ្ឌ​ចរចា​យ៉ាង​តឹងរឹង​។ បញ្ហា​នេះ គឺជា​រឿង​ឈឺក្បាល​សម្រាប់​លោកស្រី May  ស្រប​ពេលដែល​លោកស្រី​ត្រូវ​ដោះស្រាយ​ជាមួយ​នយោបាយ​ប្រឆាំង​របស់​គូប្រជែង​ក្នុងស្រុក​ផង​នោះ​។​

​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស ធ្វើឡើង​ក្រោយ​អធិការបតី​អាល្លឺម៉ង់ Angela Merkel ទាត់ចោល​លទ្ធភាព​នៃ​ការចរចា​លែងលះ និង​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុងពេល​ជាមួយគ្នា​។ ការចរចា​លើ​ប្រធាន​ទាំង​២ ក្នុងពេល​តែមួយ ជា​ជំហរ​របស់​រដ្ឋាភិបាល​អង់គ្លេស ព្រោះ​មិន​ចង់​ចំណាយពេល​ច្រើន​ផង និង​មិន​ចង់​ចរចា​ច្រើនដង​ផង​។ នេះ ក៏​ព្រោះតែ​អង់គ្លេស និង​អឺរ៉ុប មាន​ពេល​តែ ២​ឆ្នាំ​ប៉ុណ្ណោះ ដើម្បី​ចរចា​ចាកចេញ ដូច្នេះ​ទើប​អង់គ្លេស​ស្នើ​ឲ្យ​ចរចា​ព្រម​គ្នា​តែម្ដង​។​

​យ៉ាងណាមិញ ជំហ​របស់​បែបនេះ មិនត្រូវ​បាន​បណ្ដា​មេដឹកនាំ​អឺរ៉ុប​យល់ស្រប​ឡើយ​។ អធិការបតី​អាល្លឺម៉ង់ Merkel និយាយថា កិច្ចព្រមព្រៀង​ណាមួយ​រវាង​អង់គ្លេស និង​អឺរ៉ុប អាចធ្វើ​ឡើង ក្រោយ​ការចរចា​លែងលះ​ចប់សព្វគ្រប់​។ លោកស្រី​បន្តថា ក្រោយ​ចរចា​ចប់ អង់គ្លេស ដែល​ក្លាយជា​ភាគី​ទី​៣ នឹង​មិនមាន​សិទ្ធិ​ដូច​សមាជិក​អឺរ៉ុប​ឡើយ ហើយ​មេដឹកនាំ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧ ក៏បាន​យល់ស្រប​លើ​រឿង​នេះដែរ​។​

១. មេដឹកនាំ​អឺរ៉ុប ជួបប្រជុំ​ថ្ងៃស្អែក ដើម្បី​សម្រេច​ជំហរ​ចុងក្រោយ​
មេដឹកនាំ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​២៧​ប្រទេស នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី​២៩ ខែមេសា ដើម្បី​សម្រេច​ចុងក្រោយ​លើ​ជំហរ​រួមគ្នា​របស់​ពួកគេ សម្រាប់​ការចរចា​ជាមួយ​ចក្រភព​អង់គ្លេស​។ បើ​គ្មាន​ការប្រែប្រួល​អ្វី​ទេ បណ្ដា​មេដឹកនាំ​អឺរ៉ុប នឹង​អនុម័ត​សេចក្ដីព្រាង​គោលការណ៍​ថ្ងៃទី​៣១ ខែមីនា ដែល​ដាក់​ស្នើ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​។ សេចក្ដីព្រាង​នេះ គឺជា​លក្ខខណ្ឌ​ទាមទារ​របស់​អឺរ៉ុប​តែម្ដង​។​

​កន្លងមក មេដឹកនាំ​អឺរ៉ុប ក៏​ធ្លាប់​លើកឡើង​ពី​ជំហរ​មួយចំនួន​សម្រាប់​តទល់​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​រួចហើយ​។ ការទាមទារ​ឲ្យ​អង់គ្លេស​បង់ប្រាក់​លែងលះ​ចំនួន​ជាង​៦០​ពាន់​លាន​អឺរ៉ូ និង​ការការពារ​ជនជាតិ​អឺរ៉ុប​រស់នៅ​អង់គ្លេស​ពេល​ចាកចេញ សុទ្ធតែជា​លក្ខខណ្ឌ​ដែល​អឺរ៉ុប​ត្រៀម​ដាក់​លើ​តុ​ចរចា​ទាំងអស់​។ ហើយ​ដូច​ការលើកឡើង​របស់​លោកស្រី Merkel អឺរ៉ុប ចង់​ជជែក​រឿង​លែងលះ​សិន មុននឹង​និយាយ​រឿង​ផ្សេងទៀត​។​

​ចំនួន​ទឹកប្រាក់​នេះ គឺជា​វិភាគទាន​របស់​សមាជិក​អឺរ៉ុប​នីមួយៗ​សម្រាប់​ការចំណាយ​របស់​សហភាព​អឺរ៉ុប​។ ទឹកប្រាក់​ដែល​បានមកពី​សមាជិក​ទាំង​អស់ នឹងត្រូវ​ចំណាយ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​, កម្មវិធី​សង្គម និង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​។ ប៉ុន្តែ​រដ្ឋាភិបាល​អង់គ្លេស ទំនងជា​បង់ប្រាក់​នេះឡើយ​។ អ្នកគាំទ្រ​ការចាកចេញ​ខ្លះ ថែមទាំង​និយាយថា អង់គ្លេស​បង់ប្រាក់​ច្រើនណាស់​កន្លងមក តែ​ទទួលផល​មកវិញ​តិចតួច​ណាស់​។​

​ក្រៅពីនេះ បញ្ហា​ក្ដៅ​មួយទៀត​ក្នុងពេល​ចរចា ដែល​អាច​ចាប់ផ្ដើម​ក្រោយ​ការបោះឆ្នោត​នៅ​អង់គ្លេស គឺ​សិទ្ធិ​របស់​ប្រជាជន​អឺរ៉ុប​នៅ​ទឹកដី​អង់គ្លេស និង​ប្រជាជន​អង់គ្លេស​ផ្ទាល់​។ បើតាម​សារព័ត៌មាន BBC ទាក់ទង​បញ្ហា​នេះ លោកស្រី Merkel បញ្ជាក់​ច្បាស់ៗ​ថា រឿងនេះ គឺជា​អាទិភាព ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ឆាប់​។ លោកស្រី ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស ជួយ​ការពារ​ពលរដ្ឋ​ខ្លួន​ជាង ១​សែន​នាក់​ដែល​រស់​នៅលើ​ទឹកដី​អង់គ្លេស​ផង​។​

២. នាយករដ្ឋមន្ត្រី May ថា ក្រុមប្រឆាំង​តាម​ខ្ទាស់​ការចរចា​លែងលះ​
បន្ថែម​ពីលើ​បញ្ហា​ប្រឈមមុខ​នៅក្រៅ​ប្រទេស រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី May ក៏​ជួបប្រទះ​បញ្ហា​ក្នុងស្រុក​ដែរ​។ លោកស្រី បាន​ចោទ​គូប្រជែង​មាន​បក្ស​ពលករ​ជាដើម​ថា​បាន​មិន​ជួយ​គាំទ្រ​ការចរចា​លែងលះ​ជាមួយ​អឺរ៉ុប​ឡើយ ហើយ​ថែមទាំង​មិន​យល់ស្រប​លើ​លក្ខខណ្ឌ​ដែល​ត្រៀម​យកទៅ​ចរចា​ជាមួយ​អឺរ៉ុប​ទៀត​។ ដោយសារ​រឿងនេះ ទើប​លោកស្រី​សម្រេចចិត្ត​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​តែម្ដង ដើម្បី​ឲ្យ​ប្រជាជន​អង់គ្លេស​ជ្រើសរើស​រវាង​លោកស្រី និង​បក្ស​ពលករ​។​

​ការបោះឆ្នោត​មុន​អាណត្តិ នៅសល់​ពេល​មិន ២​ខែ​ទៀតឡើយ​។ នាយករដ្ឋមន្ត្រី May និង​បក្ស​អភិរក្ស​របស់លោក​ស្រី កំពុង​ប្រឹងប្រែង​ខ្លាំង​ក្នុងការ​ស្វែងរក​ការគាំទ្រ​។ ពោល គឺ​លោកស្រី ចង់​ប្រាប់​ប្រជាជន​អង់គ្លេស​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកស្រី មាន​សមត្ថភាព​ដឹកនាំ​អង់គ្លេស​ឲ្យ​ឆ្លង​ផុត​កាលៈទេសៈ​ដ៏​សំខាន់​នេះ​។​

​គណបក្ស​ពលករ​ឯណោះ​វិញ ក៏បាន​សន្យា​បោះបង់​លក្ខខណ្ឌ​ចរចា​ជាមួយ​អឺរ៉ុប​របស់លោក​ស្រី May បើ​ខ្លួន​ឈ្នះឆ្នោត​។ គណបក្ស​អះអាងថា ខ្លួន​មិន​ចង់បាន​ការចាកចេញ​ពី​អឺរ៉ុប​ឲ្យ​ដាច់ស្រឡះ​ដូច​ជំហរ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ឡើយ​។ អ្នកនាំពាក្យ​បក្ស​នេះ​និយាយថា បក្ស​ពលករ នឹង​ធានា​សិទ្ធិ​រស់នៅ​របស់​ប្រជាជន​សហភាព​អឺរ៉ុប ហើយនឹង​បើក​ការចរចា​លើ​ការប្រើប្រាស់​ទីផ្សារ​រួម​របស់​អឺរ៉ុប​ដូច​ពេល​មិនទាន់​ចាកចេញ​ដូច្នេះ​ដែរ​៕
      

 




© រក្សាសិទ្ធិដោយ thmeythmey.com