អន្តរជាតិ
Duterte រំ​ឮ​ក​មេដឹកនាំ​អាស៊ាន​ពី «​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចផ្ទៃក្នុង​ប្រទេស​ដទៃ​» ​
29, Apr 2017 , 3:50 pm        
រូបភាព
មេដឹកនាំរដ្ឋសមាជិកអាស៊ានទាំង១០ (រូបភាពហ្វេសប៊ុកសម្តេច ហុន សែន)
មេដឹកនាំរដ្ឋសមាជិកអាស៊ានទាំង១០ (រូបភាពហ្វេសប៊ុកសម្តេច ហុន សែន)
កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣០ កំពុងដំណើរការ​ហើយ​នៅ​ហ្វីលីពីន ដោយមាន​ការចូលរួម​ពី​បណ្ដា​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​រដ្ឋ​ជា​សមាជិក​ទាំងអស់ លើកលែង​មី​យ៉ាន់​ម៉ា​ដែល​ចូលរួម​ដោយ​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ។ ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​រំ​ឮ​ក​ជាមុន​ដល់​សម​ភាគី​រប​ស់លោក ពី​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ខណៈ​ប្រធានបទ​សមុទ្រ​ចិន​ខាងត្បូង ដែល​សមាជិក​អាស៊ាន​ខ្លះ​មាន​ជំហរ​មិន​ស្របគ្នា នឹងត្រូវ​យកមក​ពិភាក្សា​។​


​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អាស៊ាន​នៅ​ថ្ងៃទី​២៩ ខែមេសា ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានលើកឡើង​ពី​គោលការណ៍​សំខាន់​របស់​អង្គការ​តំបន់​មួយ​នេះ ដែល​រួមមាន​ការគោរព​ច្បាប់​អន្តរជាតិ និង​ការគោរព​គ្នា​ទៅវិញទៅមក​នៃ​ឯករាជ្យ​, អធិបតេយ្យ និង​ផលប្រយោជន៍​រដ្ឋ​ជា​សមាជិក​ទាំងអស់​។ លោក Duterte ក៏​ថែមទាំង​បានលើកឡើង​ពី​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងនៃ​សមាជិក​ផ្សេងទៀត​ដែរ​។​

​ចំពោះមុខ​បណ្ដា​មេដឹកនាំ​អាស៊ាន​ទាំង ៩​ប្រទេស​ផ្សេងទៀត ប្រធានាធិបតី​ហ្វីលីពីន​រំ​ឮ​កថា ទំនាក់ទំនង​រវាង​សមាជិក​អាស៊ាន អាច​ផ្តល់​ផ្លែផ្កា​បាន លុះត្រា​សមាជិក​ទាំងអស់​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។ លោក​បន្តថា ការសន្ទនា​ក្នុងចំណោម​សមាជិក​ទាំងអស់ អាច​ផ្ដល់​ប្រយោជន៍​បាន​ច្រើន ប្រសិនបើ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវបាន​គោរព​ដាច់​ខាត់​។​

​ក្នុងនាម​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​សម្រាប់​ឆ្នាំ​២០១៧ នេះ លោក Duterte ក៏​សង្កត់​ថា ទំនាក់ទំនង​រវាង​សមាជិក​អាស៊ាន ជាមួយ​ដៃគូ​សន្ទនា​មាន​អាមេរិក សហភាព​អឺរ៉ុប និង​អាមេរិក​ជាដើម នឹង​កាន់តែខ្លាំង​ជាង​មុន បើ​ប្រទេស​ទាំងអស់​គោរព​គ្នា និង​មាន​សិទ្ធិ​ស្មើគ្នា​។ ឆ្លៀត​ពេលនេះ លោក ក៏​មិន​ភ្លេច​រំ​ឮ​ក​រដ្ឋ​ក្រៅ​អាស៊ាន​ពី​ទំនាក់ទំនង​រវាង​ពួកគេ និង​អាស៊ាន ដែល​នឹង​នៅតែ​រឹងមាំ បើ​ពួកគេ​គោរព និង​ឲ្យ​តម្លៃ​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។​

​ប្រធានាធិបតី Duterte លើកឡើង​ដូចនេះ ខណៈដែល​លោក នឹង​បណ្ដា​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត នឹង​ពិភាក្សាគ្នា​លើ​ប្រធានបទ​ដ៏​សំខាន់ គឺ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ សមាជិក​អាស៊ាន​ទាំងអស់ គ្មាន​ជំហរ​ស្របគ្នា​លើ​បញ្ហា​ឡើយ បើទោះជា​សមាជិក​ទាំងអស់​ធ្លាប់​ប្រកាស​រួមគ្នា​ពី​សារសំខាន់​នៃ​ការស្វែងរក​ដំណោះស្រាយ​សន្តិភាព​ក្ដី​។ លោក Duterte ក៏ត្រូវ​បានស្នើ​ឲ្យ​ដាក់​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង ចូល​សេចក្ដីថ្លែងការណ៍​រួម​ក្រោយ​ជំនួប​កំពូល​នេះ​ក្ដី​។​

​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នៅតែ​សំណុំរឿង​សាំ​ញាំ ហើយ​លំបាក​សម្រាប់​អាស៊ាន ព្រោះ​មិនមែន​សមាជិក​ទាំងអស់​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​នេះឡើយ​។ បើតាម​សេចក្ដី​ពង្រាង​សេចក្ដីថ្លែងការណ៍​រួម សមាជិក​អាស៊ាន​ខ្លះ បានទាមទារ​ឲ្យ​បញ្ចូល​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដូចជា​ការធ្វើ​យោ​ធូប​នីយកម្ម​ជាដើម ទៅក្នុង​សេចក្ដីថ្លែងការណ៍​រួម ប៉ុន្តែ​សមាជិក​ខ្លះទៀត ហាក់​មាន​ជំហរ​ផ្ទុយ​ពីនេះ ព្រោះ​មិន​ចង់​ឲ្យ​ចិន​ទាស់ចិត្ត​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com