អន្តរជាតិ
សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ៖ កុំ​យកឈ្មោះ​ព្រះ​ជា​លេស​បង្ក​ហិង្សា​ ​
29, Apr 2017 , 8:39 pm        
រូបភាព
​ប្រមុខ​ដឹកនាំ​សាសនា​គ្រិស្ត​កាតូលិក សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​យាង​ដល់​អេ​ហ្ស៊ី​ប​នៅ​ថ្ងៃទី​២៨ ខែមេសា ដែលជា​ទស្សនកិច្ច​មាន​គោលដៅ​ជំរុញ​ឲ្យ​មាន​សន្តិភាព​រវាង​ជន​មូស្លីម​ភាគច្រើន និង​គ្រិស្ត​សាសនិក​ភាគតិច​នៅក្នុង​ប្រទេស​កាន់សាសនា​ឥស្លាម​ដ៏៏​ធំ​មួយ​នេះ​។ នៅ​អេ​ហ្ស៊ី​ប សម្ដេច​ប៉ាប ជួប​ជាមួយ​ប្រធានាធិបតី Abdel Fattah al-Sisi និង​បណ្ដា​មេដឹកនាំ​សាសនា​ឥស្លាម និង​សាសនា​គ្រិស្ត​ផងដែរ​។​


​ក្នុងឱកាស​ចូលរួម​សន្និសីទ​មួយ​ក្រោយ​ទៅដល់​អេ​ហ្ស៊ី​ប សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស មានបន្ទូលថា អំពើហិង្សា​មិនអាច​បាន​ដោយ​យក​ព្រះនាម​របស់​ព្រះ មក​ធ្វើជា​លេស​ឡើយ ព្រោះនេះ​ជាការ​ប្រមាថ​ព្រះ​យ៉ាងធ្ងន់ធ្ងរ​។ សម្ដេច​ប៉ាប មានបន្ទូល​ដូចនេះ ស្រប​ពេលដែល​អំពើហិង្សា​ជាច្រើន​ស្ទើរ​រាល់ថ្ងៃ​ជុំវិញ​ពិភពលោក ហើយ​ឧក្រិដ្ឋជន​បាន​យក​ព្រះនាម​របស់​ព្រះ​មក​បិទបាំង​អំពើ​សាហាវព្រៃផ្សៃ​របស់ខ្លួន​ទៅវិញ​។​

​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស កំពុង​ស្ថិតនៅ​អេ​ហ្ស៊ី​ប​ក្នុង​ទស្សនកិច្ច ២​ថ្ងៃ​នៅ​ទីនោះ​។ ទស្សនកិច្ច​នៅពេលនេះ ក៏​ជាការ​ជំរុញ​ឲ្យ​សេចក្ដីសុខ និង​សន្តិភាព​រវាង​ជន​មូស្លីម និង​គ្រិស្ត​សាសនិក​រស់នៅ​អេ​ហ្ស៊ី​ប ដែល​រង​ការវាយប្រហារ​នាពេល​កន្លងមក​។ វិហារ​សាសនា​គ្រិស្ត​នៅ​អេ​ហ្ស៊ី​ប គឺជា​គោលដៅ​វាយប្រហារ​របស់​ក្រុម​ជ្រុលនិយម ដែល​សម្លាប់​មនុស្ស​ជាច្រើន​នាក់ រហូតដល់​ប្រធានាធិបតី Abdel Fattah al-Sisi សម្រេចចិត្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​។​

​សន្តិសុខ​ត្រូវបាន​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ទាំង​នៅ​អាកាសយានដ្ឋាន និង​នៅតាម​ដងផ្លូវ​ឆ្ពោះទៅកាន់​វិមាន​ប្រធានាធិបតី​។ ក្រៅពី​ជួប​ប្រមុខរដ្ឋ​អេ​ហ្ស៊ី​ប សម្ដេច​ប៉ាប ក៏​ជួប​ជាមួយ​លោក Sheikh Ahmed al-Tayeb មេដឹកនាំ​ជាន់ខ្ពស់​ឥស្លាម​នៅ​អេ​ហ្ស៊ី​ប ក៏ដូចជា Pope Tawadros II ប្រមុខ​វិហារ Coptic ដែលជា​និកាយ​នៃ​គ្រិស្តសាសនា​នៅ​អេ​ហ្ស៊ី​ប​ផង​។  

​ឆ្លៀតឱកាស​នៃ​ទស្សនកិច្ច​នេះ ប្រមុខ​បុរី​វ៉ា​ទី​កង់​អង្គ​នេះ ក៏បាន​ព្រមាន​ពី​ការកើនឡើង​នៃ​គំនិត​ប្រជា​ឧបាយ​និយម​ផងដែរ​។ បើតាម​សារព័ត៌មាន Al Jazeera សម្ដេច​ប៉ាប​មានបន្ទូលថា​៖ «​ប្រជា​ឧបាយ​និយម​នេះ គ្មាន​ផល​ល្អ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​ឡើយ​។ តែ​វា​ជា​រឿង​សំខាន់​ក្នុង​ការជួប​លុបបំបាត់​ភាពក្រីក្រ ដែលជា​មូលហេតុ​ដើម​នៃ​អំពើ​ជ្រុលនិយម ក៏ដូចជា​ជួយ​ទប់ស្កាត់​ទឹកប្រាក់ ដែល​អាច​បង្ក​ជា​សកម្មភាព​ហិង្សា​»​។  

​សូម​បញ្ជាក់ដែរថា ក្នុងចំណោម​ប្រជាជន​អេ​ហ្ស៊ី​ប​ទាំង​ជាង ៩០​លាន​នាក់ មាន​អ្នក​កាន់​គ្រិស្តសាសនា Coptic ចំនួន ១០​ភាគរយ ដែលជា​សហគមន៍​គ្រិស្ត​សាសនិក​ភាគតិច​ធំជាងគេ​នៅ​មជ្ឈិមបូព៌ា​។ ប៉ុន្តែ ជារឿយៗ ពួកគេ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ជ្រុលនិយម​។ ការវាយប្រហារ​ចុងក្រោយ​ដែលជា​ស្នាដៃ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម បាន​កើតឡើង​កាលពី​ដើមខែ​នេះ និង​បានសម្លាប់​មនុស្ស​ដល់​ទៅ ៤៥​នាក់​ឯណោះ​។​


© រក្សាសិទ្ធិដោយ thmeythmey.com