អន្តរជាតិ
Michelle៖«​ខ្ញុំ​មិន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ឡើយ ត្រឹម​ជា​ពលរដ្ឋ​សាមញ្ញ​ក៏​ជួយ​សង្គម​បានដែរ​»
29, Apr 2017 , 9:39 pm        
រូបភាព
អតីត​ស្ត្រី​ទីមួយ​លោកស្រី Michel Obama បានប្រកាស​ជាថ្មី​ថា លោកស្រី​មិន​ធ្លាប់​គិត និង​មិន​ឈរឈ្មោះ​សម្រាប់​ប្រកួត​យក​តំណែង​នយោបាយ​ពោលគឺ​ជា​ប្រធានាធិបតី​អាមេរិក​ឡើយ​។ លោកស្រី​បានលើកឡើង​ដូច្នេះ​ស្របពេល​ដែលមាន​ការអំពាវនាវ​និង​ស្នើសុំ​ពី​សំណាក់​ប្រជាជន​អាមេរិក​ឲ្យ​លោកស្រី​ឈរឈ្មោះ​ដណ្តើម​តំណែង​នយោបាយ​នៅពេល​ខាងមុខ​។​


​ក្នុងពេល​ថ្លែង​សុន្ទរកថា ទៅកាន់​និស្សិត​នៃ​វិទ្យាស្ថាន​ស្ថាបត្យកម្ម​នៅ Orlando ជា​លើកដំបូង​ក្រោយ​ចេញពី​សេត​វិមាន លោកស្រី Michelle Obama ដែលជា​អតីត​ស្ត្រី​ទីមួយ​របស់​អាមេរិក​ដ៏​ល្បីល្បាញ​បានប្រកាស​ជា​សាធារណៈ​ជាថ្មី​ថា លោកស្រី​មិន​ឈរឈ្មោះ​ដើម្បី​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ឡើយ​។​

​យោងតាម​សារព័ត៌មាន The Hill លោកស្រី Michelle បាន​បញ្ជាក់ថា លោកស្រី​មិន​ធ្លាប់​គិត​ហើយក៏​មិន​ចង់​ឈរឈ្មោះ​ដើម្បី​ដណ្តើម​តំណែង​នយោបាយ​នៅពេល​ណាមួយ​ខាងមុខ​នោះឡើយ​។ ផ្ទុយទៅវិញ​លោកស្រី ចង់​ជួយ​ប្រទេសជាតិ​ក្នុងនាម​ជា​ប្រជាជន​សាមញ្ញ​ធម្មតា ជាជាង​ធ្វើជា​មន្ត្រី​កំពូល​រដ្ឋ​។ ហើយ​លោកស្រី​ក៏​មិន​អនុញ្ញាត​ឲ្យ​កូន​លោកស្រី​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​ដូច​ស្មារ​មី​លោកស្រី​ដូចគ្នា​។​

​ក្នុងនាម​ជា​អតីត​ស្ត្រី​ទីមួយ លោកស្រី​ចង់​បន្ត​ជួយ​ជ្រោមជ្រែង​ក្មេងស្រីៗ​និង​ស្ត្រី​ដែល​កំពុង​ប្រឈម​បញ្ហា​រឿង​ទទួល​ការអប់រំ​, បញ្ហា​សុខុមាលភាព​, ជួបប្រទះ​ហិង្សា និង​វិសមភាព​ចំណូល​ជាដើម​ផងដែរ​។​

​យ៉ាងណាមិញ​លោកស្រី​បាន​អះអាង​ផងដែរ​ថា ការចាកចេញ​ពី​សេត​វិមាន​កន្លង​មកជា​រឿង​ដែល​ពិបាក​បំផុត​សម្រាប់​គ្រួសារ​ព្រោះ​លោកស្រី​និង​ក្រុមគ្រួសារ​បានរស់នៅ​ទីនោះ​យូរអង្វែង​មកហើយ​ដែរ ហើយ​អ្វីដែល​សំខាន់​កូនស្រី​ទាំងពីរ​របស់លោក​ស្រី​បាន​លូតលាស់​ធំ​ធា​ត​នៅ​ទីនោះ​ស្រាប់​។ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច ហើយ​វា​ជា​ពេលដែល​មេដឹកនាំ​ថ្មី​ត្រូវ​ចូលមក​ដឹកនាំ​ប្រទេស​ជំនួយ​ស្វាមី​លោកស្រី​ហើយ​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖«​វា​ជា​រឿង​ល្អ​មួយ​ដែល​យើង​អាច​ចេញពី​សេត​វិមាន​។ វា​មិនមាន​រយៈពេល​យូរ​ឡើយ​ចាប់ពី​ពេលដែល​យើង​ចាក​ចេញពី​សេត​វិមាន​។ វា​ជា​រឿង​ល្អ​មួយ​ដែល​ស្មារ​របស់​យើង​មិនមាន​បន្ទុក​ធ្ងន់​រឿង​ដោះស្រាយ​បញ្ហា​ពិភពលោក​»​។​

​តាំងពី​ចាកចេញ​ពី​សេត​វិមាន​នៅ​ចុងខែ​មករា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី​មិនសូវ​លេចមុខ​មាត់ច្រើន​ឡើយ​។ ក្រុមគ្រួសារ​វណ្ណៈ​ទីមួយ​នេះ​បាន​ចំណាយ​ពេលវេលា​យ៉ាងច្រើន​លំហែរ​កាយ​ក្នុងនាម​ជា​ប្រជាជន​សាមញ្ញ ហើយ​ទើបតែ​ដល់​សបា្តហ៍​នេះ​ទេ​ដែល​លោកស្រី Michelle និង​លោក អូ​បា​ម៉ា ចេញមុខ​ផ្តល់​សុន្ទរកថា​ជា​សាធារណៈ​និង​និយាយ​ពាក់ព័ន្ធ​បញ្ហានយោបាយ​មួយចំនួន​ផង​៕



© រក្សាសិទ្ធិដោយ thmeythmey.com