អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ត្រៀម​ធ្វើជា​តួឯក​ជួយ​ដោះស្រាយ​ជម្លោះ​អ៊ី​ស្រា​អែល​និង​ប៉ា​ឡេ​ស្ទី​ន​?
04, May 2017 , 10:39 pm        
រូបភាព
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សន្យា​ជាមួយ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​ថា​រដ្ឋបាល​លោក​នឹង​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ជួយ​សម្របសម្រួល​និង​ជ្រោមជ្រែង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ស្វែងរក​សន្តិភាព​ពិតប្រាកដ​មួយ​។​លោក​បាន​ព្រលយ​ពាក្យ​ថា ការដោះស្រាយ​បញ្ហា​ជម្លោះ​មជ្ឈិមបូព៌ា​មិន​លំបាក​ដូច​គ្រប់គ្នា​ធ្លាប់​គិត​ឡើយ ហើយ​លោក​រំពឹង​មុតមាំ​ថា ដំណោះស្រាយ​និង​សន្តិភាព​នឹង ចេញ​រូបរាង​ឡើង​នៅពេល​ខាងមុខ​។ មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន ក៏​បង្ហាញ​ក្តីសង្ឃឹម​ខ្ពស់​ផងដែរ​ចំពោះ​ការសន្យា​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ​។ ប៉ុន្តែ ដូ​ណា​ល់ ត្រាំ មាន​សុ​ទិ​ដ្ឋ​និយម​ខ្ពស់​ពេក ហើយ​ដូចជា​មើលស្រាល​ភាពស្មុគស្មាញ​ពី​ធម្មជាតិ​នៃ​ជម្លោះ​មជ្ឈិមបូព៌ា​ដែរ​។


​ថ្ងៃ​ពុធ​ទី ៣​ឧសភា  ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ឈរ​ទន្ទឹម​ជាមួយ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​សេត​វិមាន​ក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​។ ការស្វែងរក​សន្តិភាព​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​ជា​ប្រធានបទ​ស្នូល​នៃ​កិច្ចពិភាក្សា​ទ្វា​ភាគី ហើយ​អ្វីដែល​វិជ្ជមាន​ប្រធានាធិបតី​អាមេរិក​បានប្រកាសថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​កិច្ចចរចា​សន្តិភាព​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​រស់​ឡើងវិញ និង​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​យូរអង្វែង​មួយ​ផងដែរ​។

«​យើង​ចង់​បង្កើត​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។ យើង​នឹង​សម្រេច​វា​ឲ្យ​បាន​។ យើង​នឹង​ប្រឹងប្រែង​បំផុត​ដើម្បី​សម្រេច​វា ហើយ​ខ្ញុំ​គិតថា​វា​ជា​ឱកាសល្អ​មួយ ហើយ​ខ្ញុំ​គិតថា​យើង​អាចធ្វើ​បាន​»​។ នេះ​ជាស​ម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​និង​មេដឹកនាំ​ជើងចាស់​ប៉ា​ឡេ​ស្ទី​ន​វ័យ ៨២ ឆ្នាំ​ដែល​ឈរ​ទន្ទឹមគ្នា​ជាមួយ​លោក​នោះ​។​

​គោលនយោបាយ​ការបរទេស​អាទិភាពរ​បស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ គឺ​ជួយ​ស្វែងរក​សន្តិភាព​ឲ្យ​តំបន់​ម​ជ្ឈិ​បូព៌ា ហើយ​លោក​យកចិត្តទុកដាក់​ខ្លាំង​លើ​ការប្រឆាំង​ភេរវកម្ម​នៅ​តំបន់​នេះ​ផងដែរ​។  ប៉ុន្តែ ដូ​ណា​ល់ ត្រាំ មិនមែនជា​ប្រធានាធិបតី​ទីមួយ​ទេ​ដែល​តាំងខ្លួន​ជា​អ្នកបង្កើត​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​និង​ជា​អ្នក​ផ្សះផ្សា​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​។​

​សូម្បីតែ​បា​រ៉ា​ក់ អូ​បា​ម៉ា ពេល​ឡើងកាន់តំណែង​ដំបូង​ក៏​តាំងចិត្ត​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព​រវាង​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​ផងដែរ ដោយ​លោក​កំណត់​យក​ការបង្កើត​ដំណោះស្រាយ​រដ្ឋ​ពីរ «Two-State Solution» ជា​គោល​។ ប៉ុន្តែ​ចុងក្រោយ ការចរចា​សន្តិភាពរ​វាង​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​នៅតែ​ជាប់គាំង​ទៅមុខ​មិន​រួច ហើយ​បង្កើត​រដ្ឋ​ពីរ​ដែលមាន​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​លើ​បន្ទាត់​ព្រំដែន​ឆ្នាំ ១៩៦៧ ក៏​នៅត្រឹមតែ​ជា​សុបិន​រហូតមក​។​

​ទោះជា​បែបណាក៏ដោយ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​វ័យ ៨២​ឆ្នាំ​លោក Mahmoud Abbas បាន​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​បង្កើត​សន្តិភាព​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​។ លោក​សង្ឃឹមថា កិច្ចព្រមព្រៀង​ស​និ្ត​ភាពជា​ប្រវត្តិសាស្ត្រ​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​នឹង​ចេញ​រូបរាង​ឡើង​ក្នុង​អាណត្តិ​របស់លោក ដូ​ណា​ល់ ត្រាំ​ថែមទៀត​។​

​ប៉ុន្តែ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លោក Abass បានបញ្ជាក់​ពេញៗ​មាត់​ថា ជម្រើស​ជា​យុទ្ធសាស្ត្រ​របស់​ប៉ា​ឡេ​ស្ទី​ន​គឺ សន្តិភាព​ផ្អែកលើ​ការអនុវត្ត​ដំណោះស្រាយ​រដ្ឋ​ពីរ​។ លោក​ក៏​អំពាវនាវ​ចំពោះមុខ​ប្រធានាធិបតី​អាម​រិ​ក​ទៅកាន់​ភាគី​អ៊ីស្រាអែល​ឲ្យ​បញ្ចប់​រាល់​ការកាន់កាប់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន និង​ការសាងសង់​សំណង់​លំនៅដ្ឋាន​ជា​លក្ខណៈ​អាណានិគម​បែប​ថ្មី​ផងដែរ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​៖«​ជម្រើស​យុទ្ធសាស្ត្រ​និង​ជម្រើស​តែមួយគត់​របស់​យើង​គឺ​សម្រេច​ឲ្យ​បាន​នូវ​ដំណោះស្រាយ​រដ្ឋ​ពីរ មាន​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដោយមាន​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​មខាង​កើតជា​រដ្ឋធានី នៅ​ទន្ទឹម​ជាមួយ​រដ្ឋ​អ៊ីស្រាអែល​ដោយ​សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ស្របតាម​បន្ទាត់​ព្រំដែន​ឆ្នាំ ១៩៦៧»​។​

​ថ្វីបើ ត្រាំ សន្យា​យ៉ាង​ហំ​ហាន​ចង់​ធ្វើជា​សន្ធាន​ការី​ឬ​ជា​អាជ្ញាកណ្តាល ឬ​ត្រឹម​ជា​អ្នកសម្របសម្រួល​ដើម្បី​បង្កើត​សន្តិភាព​ដល់​តំបន់​មជ្ឈិមបូព៌ា​ដូច្នេះ​ក្តី គេ​មិនទាន់​ឃើញ​គោលនយោបាយ​ឬ​ចំណាត់ការ​អ្វី​ច្បាស់លាស់​ដែល​ប្រធានាធិបតី​ម្នាក់នេះ​ដាក់ចេញ​នៅឡើយ​ទេ​។ និយាយ​ឲ្យ​អាក្រក់​ស្តាប់​បន្តិច លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​សន្យា ខណៈដែល​លោក មិនទាន់​យល់ច្បាស់​ពី​ជម្លោះ​រ៉ាំរ៉ៃ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន និង​ភាពស្មុគស្មាញ​នៅ​តំបន់​មជ្ឈិមបូព៌ា​នោះឡើយ​។

១.​បញ្ចប់​ជម្លោះ​មជ្ឈិមបូព៌ា​មិន​ពិបាក​ដូច​លោក ដូ​ណា​ល់ ត្រាំ​និយាយ​មែន​ឬ?


​បន្ទាប់ពី​សន្និសីទ​សារព័ត៌មាន​ប្រធានាធិបតី​អាមេរិក​ដែល​ធ្លាប់តែ​ធ្វើ​ជំនួញ​នោះបាន​ព្រលយ​ពាក្យ​ថា​ការបញ្ចប់​ជម្លោះ​នៅ​មជ្ឈិម​បូព៌​មិន​លំបាក​ដូច​មនុស្ស​គ្រប់គ្នា​ធ្លាប់​គិត​ឡើយ​។ លោក ត្រាំ ប្រហែល​ជាមាន​សុទិដ្ឋិនិយម​ពេក​ហើយ​។ ឬ​និយាយ​ម្យ៉ាង​ទៀតថា លោក​និយាយ​ឲ្យ​តែ​រួចពីមាត់​ប៉ុណ្ណោះ ព្រោះ​ដូច​បញ្ជាក់​ខាងដើម​ស្រាប់ ត្រាំ​ទំនងជា​មិនទាន់​យល់​ពី​ជម្រៅ​និង​ភាពសាំញ៉ាំ​នៃ​ជម្លោះ​មជ្ឈិមបូព៌ា​ឡើយ​។​

​បើសិន​ដោះស្រាយ​ជម្លោះ​ដ៏​ស្មុគស្មាញ​ចាក់ស្រេះ​រាប់​សតវត្ស​នៅ​មជ្ឈិមបូព៌ា និង​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ស្រួល​មែន ធ្វើជា​ប្រធានាធិបតី​អាមេរិក​ក៏​មិនមែនជា​រឿង​លំបាក​ប៉ុន្មាន​ដែរ​។  ដូច្នេះ​លោក​ក៏​មិនចាំបាច់​ពោល​រអ៊ូ​ប្រាប់​អ្នកកាសែត ថា​ធ្វើ​ប្រធានាធិបតី​អាមេរិក​ពិបាក​ជាង​ការ​ការរំពឹង​គិត​ដែរ​។​

​ដំណើរ​ដើមទង​នៃ​ជម្លោះ​អ៊ីស្រាអែល ប៉ា​ឡេ​ស្ទី​ន ស្មុគស្មាញ​ខ្លាំង ហើយ​បើ​មើលផ្លូវ​ឈានឆ្ពោះ​ទៅរក​ការចរចា​រវាង​ភាគី​រឹតតែ​លំបាក​ថែមទៀត​។ និយាយ​ត្រឹម​ភាគី​ដែល​ត្រូវ​អង្គុយ​ចរចា​សិន​ចុះ មុន​ឈានទៅ​ផ្តោតលើ​កម្មវត្ថុ​នៃ​ការចរចា​។  ប៉ា​ឡេ​ស្ទី​ន​មិនមែនជា​ក្រុម​ដែល​រួមគ្នា​ជា​ធ្លុង​មួយ​ឡើយ​។ វា​នៅ​មានការ​បែកខ្ញែក​គ្នា​គ្នា​រវាង​ក្រុម​ហ្វា​តា (Fatah) នៅ West Bank និង​ក្រុម​ប្រដាប់អាវុធ ហា​ម៉ាស (Hamas) នៅ​កា​ហ្សា (Gaza)  ហើយ​វា​ជាហេតុ​ផល​មួយ​ធំ​ដែល​ប៉ា​ឡេ​ស្ទី​ន​ពិបាក​ចូល​ចរចា​ជាមួយ​អ៊ីស្រាអែល​។ ម្ខាង​ជ្រុលនិយម​អាង​អាវុធ​បាញ់បោះ​ប្រឆាំង​អ៊ីស្រាអែល ឯ​ម្ខាង​ទៀត​អាច​ដឹង​ខុសត្រូវ​អាច​និយាយ​ឬ​ចរចា​គ្នា​បាន ។​

​សូម្បីតែ​លោក Mahmoud Abbas ដែល​តំណាង​ឲ្យ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន និង​ដែល​លោក ដូ​ណា​ល់ ត្រាំ អញ្ជើញ​ទៅ​ជួប​នៅ​សេត​វិមាន​នៅពេលនេះ​ក៏​មិនមាន​លទ្ធភាព​ប​ង្រួ​បង្រួម​មនុស្ស​ក្នុង​ក្រុម​ហ្វា​តា​របស់​ឡើយ​ពេលនេះ​។ លោក​ផុត​អាណត្តិ​ទាំងពី​ឆ្នាំ ២០០៩ ប៉ុន្តែ​លោក​បាន​បន្ត​កាន់តំណែង​ជា​ប្រធាន​អាជ្ញាធរ​ដោយ​មិន​ឆ្លងកាត់​ការបោះឆ្នោត​មកដល់​បច្ចុប្បន្ន​ខណៈដែល​ប្រជាប្រិយភាព​លោក​បន្ត​ធ្លាក់ចុះ​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ ចលនា​ផ្ទៃក្នុង​ដែល​ចង់​ប្រជែង​យក​តំណែង​លោក​ក៏​កើនឡើង​ខ្លាំង​ថែមទៀត​នៅពេល​បច្ចុប្បន្ន​។ ដូច្នេះហើយ​វា​នឹង​អាចមាន​ការប្រែប្រួល​ឬ​ផ្លាស់ប្តូរ​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ក្រុម​ហ្វា​តា​ផង​នាពេល​ណាមួយ​ខាងមុខ​។

​ប៉ុន្តែ​គេ​ឃើញ​សញ្ញា​វិជ្ជមាន​ចេញពី​ខាង​ក្រុម​ប្រដាប់អាវុធ​ហា​ម៉ាស​នៅមុន​ពេល​លោក Abbas ធ្វើដំណើរ​ទៅ​ជួប​លោក ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន​។ ក្រុម​ប្រដាប់អាវុធ​ដែលមាន​និន្នាការ​ជ្រុលនិយម​នេះ​បង្ហាញ​ជំហរ​ទន់ភ្លន់​និង​ចង់រក​ផ្លូវ​ចូល​ចរចា​។ យោងតាម​សារព័ត៌មាន New York Times ក្រុម​នេះ​បាន​បញ្ចេញ​ឯកសារ​មួយច្បាប់​ដែលជា​គោលការណ៍​រួម​របស់ខ្លួន ដោយ​ឯកសារ​នេះ​បាន​អំពាវនាវ​ឲ្យ​មានការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អេ​ហ្ស៊ី​ប​និង​បន្ថយ​ការប្រើប្រាស់​ភាសា​ប្រឆាំង​អ៊ីស្រាអែល​ដែល​ចែង​ក្នុង​ធម្មនុញ្ញ​ខ្លួន រួមទាំង​ទទួលយក​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បណ្តោះអាសន្ន​ផង។​

២.​រដ្ឋបាល ត្រាំ ខ្លួនឯង​កំពុង​បំផ្លាញ​ផ្លូវ​ទៅរក​សន្តិភាព​រវាង​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​?

​ក្រៅពី​ភាពស្មុគស្មាញ​នៃ​ភាគី​ជម្លោះ យើង​គួរ​ផ្តោតលើ​កម្មវត្ថុ​ដ៏​ចម្រូងចម្រាស​ក្នុង​ដំណើរការ​នៃ​ការចរចា​សន្តិភាព​វិជ្ជមាន​។ ដំណោះស្រាយ​រដ្ឋ​ពីរ​ជា​អ្វីដែល​គេ​លឺជា​យូរយារ​មកហើយ ប៉ុន្តែ​វា​មិនត្រូវ​បាន​អ៊ីស្រាអែល​ទទួលយក​ឡើយ​។​ដូច​បានបញ្ជាក់​ខាងលើ ដំណោះស្រាយ​ស្រាយ​រដ្ឋ​ពី​គឺ ជាការ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ស្ថិតនៅលើ​បន្ទាត់​ព្រំដែន​ឆ្នាំ ១៩៦៧ ហើយ​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​រស់នៅ​ទន្ទឹម​អ៊ីស្រាអែល​ក្នុងនាម​ជា​មិត្ត​ជិតខាង​ដោយ​សន្តិ​សហ​វិជ្ជមាន​។​

​អ៊ីស្រាអែល​បង្កើត​ឧបសគ្គ​រារាំង​ការស្វែងរក​ដំណោះស្រាយ​រដ្ឋ​ពីរ​នេះ ព្រោះ​អ៊ីស្រាអែល​បន្ត​គម្រោង​សាងសង់​សំណង់​លំនៅដ្ឋាន​លើដី​ប៉ា​ឡេ​ស្ទី​ន និង​មិន​ខ្វល់ខ្វាយ​ពី​ការ​ថ្កោល​ទោ​របស់​សហគមន៍​អន្តរជាតិ​ទៀត​។​

​កាលពី​ខែធ្នូ​ឆ្នាំមុន រដ្ឋបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បើកភ្លើង​ខៀវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចេញ​ដំណោះស្រាយ​ថ្កោលទោស​អ៊ីស្រាអែល ដែល​វា​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ក្តៅក្រហាយ​ខ្លាំង​។ ប៉ុន្តែ​ប្រធានាធិបតី​អាម​រិ​ក​ដែល​ចង់​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល​ប៉ា​ឡេ​ស្ទី​ន ដូ​ណា​ល់ ត្រាំ ចេញមុខ​រិះគន់​និង ព្រមាន​អង្គការសហប្រជាជាតិ​ជុំវិញ​ការចេញ​ដំណោះស្រាយ​ថ្កោលទោស​អ៊ីស្រាអែល​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល ដូ​ណា​ល់ ត្រាំ ព្រមាន​កែទម្រង់​អង្គការ​សហ​ប្រជា​តិ និង​ដុសក្អែល​រដ្ឋ​ដែល​ប្រឆាំង​អ៊ីស្រាអែល​ក្នុង​អង្គការសហប្រជាជាតិ​ទៀត​។ វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា លោក​ព្យាយាម​ការពារ​សកម្មភាពរ​បស់​អ៊ីស្រាអែល​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន និង​មិន​ខ្វាយខ្វល់​ពី​ច្បាប់​អន្តរជាតិ​ដែល​គ្រប់គ្នា​មាន​កាតព្វកិច្ច​គោរព​នោះ​ឡើយ។

​បញ្ហា​ធំ​មួយទៀត​ដែល​អាច​បំផ្លាញ​ផ្លូវ​ឆ្ពោះទៅរក​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន គឺ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ត្រៀម​ប្តូរ​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅ​តាំងនៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​កន្លងមក​។​

​បើសិនជា ដូ​ណា​ល់ ត្រាំ ប្តូរ​ទីតាំង​ស្ថានទូត​ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​មមែ​ន ប៉ា​ឡេ​ស្ទី​ន​នឹង​ឈប់​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង​ឈប់​ចរចា​។ បញ្ចប់​ការទទួលស្គាល់​អ៊ីស្រាអែល​មានន័យថា ប៉ា​ឡេ​ស្ទី​ន​មិន​រើសយក​ការចរចា​ទៀតឡើយ ហើយ  ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​អាមេរិក​និង​សហគមន៍​អន្តរជាតិ​ជ្រោមជ្រែង​នោះ​នឹង​ក្លាយជា​សម្រាម​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា ក្រៅពី​ភាព​ពិសិដ្ឋ ហ្ស៊េ​រុយ​សា​ឡិ​ម​ជាទី​ក្រុង​មួយ​ដ៏​ចម្រូងចម្រាស​ដែល​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ថា​ជា​របស់​ភាគី​ណា ទោះជា​វា​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​ក៏ដោយ​។ ហើយ​វា​ក៏​ជា​ចំណុច​ស្នូល​នៃ​ការចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​។

​តាមពិតទៅ អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​៕


Tag:
 ​ដូ​ណា​ល់ ត្រាំ​
  Two-State Solution
  Mahmoud Abbas
© រក្សាសិទ្ធិដោយ thmeythmey.com