អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ពឹង Duterte ឲ្យ​ជួយ​បញ្ចុះបញ្ចូល ស៊ី ជីន​ភីង ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​
05, May 2017 , 10:44 am        
រូបភាព
​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០១៧ ហ្វីលីពីន លេចមុខ​មាត់​ខ្លាំង​លើ​ឆាក​អន្តរជាតិ​។ ជា​រឿង​មិន​នឹកស្មាន​ដល់ ប្រធានាធិបតី Rodrigo Duterte បាន​ក្លាយជា​អ្នកសម្របសម្រួល​រវាង​មហាអំណាច​អាមេរិក និង​ចិន ដែល​កំពុង​ខ្វល់ខ្វាយ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក Duterte បានចាប់ផ្ដើម​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហើយ​លោក ត្រាំ ក៏បាន​ស្នើ​ឲ្យ​លោក​និយាយ​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​ចិន ស៊ី ជីន​ភីង ទៀត ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​ឧ​ប​កូរ៉េ​។​


​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​លើកឡើងថា កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រវាង​លោក និង​សម​ភាគី​ចិន ស៊ី ជីន​ភីង ដើម្បី​ពិភាក្សា​លើ​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ ធ្វើឡើង​តាម​ការបង្គាប់​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ លោក Duterte បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក ស៊ី នៅ​ថ្ងៃទី​៣ ខែឧសភា ហើយ​លោក​ក៏បាន​ប្រាប់​លោក​មេដឹកនាំ​ចិន ពី​តួនាទី​មិនអាច​ខ្វះ​បាន​របស់​ចិន​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​។​

​ថ្លែង​ពី​កម្មវិធី​មួយ​នៅ​ទីក្រុង Davao នៅ​ថ្ងៃទី​៤ ខែឧសភា ប្រធានាធិបតី​ហ្វីលីពីន​បាន​ទម្លាយ​ពី​ខ្លឹមសារ​មួយចំនួន​ក្នុងការ​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​ចិន​។ លោក Duterte និយាយថា លោក​បានស្នើ​ឲ្យ​ប្រធានាធិបតី ស៊ី ជីន​ភីង បង្កើន​ការប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​បន្ថយកម្ដៅ​តានតឹង​បង្កដោយ​ការបាញ់​មី​ស៊ី​ល និង​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

«​ខ្ញុំ​បាន​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី ស៊ី ជីន​ភីង​។ ខ្ញុំ​ទូរ​សព្ទ​ទៅ​លោក (​ស៊ី ជីន​ភីង​) តាម​សំណើ​របស់​ប្រធានាធិបតី​អាមេរិក​។ សមាជិក​អាស៊ាន​ទាំងអស់ រួមទាំង​ប្រធានាធិបតី ត្រាំ ផង សុទ្ធតែ​យល់ឃើញ​ដូចគ្នា​ថា លោក ពិតជា​អាចជួយ​បាន​។ អន្តរាគមន៍​របស់លោក គឺជា​ការរួមចំណែក​ដ៏​ធំ​បំផុត​»​។ នេះ​ជាការ​រំ​ឮ​ក​ឡើងវិញ​របស់លោក Duterte ទាក់ទង​អត្ថន័យ​នៃ​ការសន្ទនា​រវាង​លោក និង​មេដឹកនាំ​ចិន ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​នៅមុន​ការជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​ចិន​ប៉ុន្មាន​ថ្ងៃ លោក Duterte បាន​និយាយ​ទូរ​សព្ទ​ជាមួយ​លោក ត្រាំ ខណៈ​លោក​កំពុង​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​សម្រាប់​ឆ្នាំនេះ​។ ពោល គឺ​ទំនងជា​ពេលនោះ​ហើយ​ដែល​លោក ត្រាំ ប្រាប់​ឲ្យ​លោក Duterte ជួយ​និយាយ​ជាមួយ​លោក ស៊ី និង​បញ្ចុះបញ្ចូល​មេដឹកនាំ​ចិន​ឲ្យ​ចាត់វិធានការ​បន្ថែមទៀត​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែម្ដងទៅ​។​

​តាមពិតទៅ នេះ​ក៏​មិនមែនជា​រឿង​ចំឡែក​អ្វី​ដែរ ដែល​ប្រធានាធិបតី​អាមេរិក ពឹង​សម​ភាគី​ហ្វីលីពីន​ឲ្យ​ជួយ​ដើរតួ​ជា​អ្នកសម្របសម្រួល​ជាមួយ​សម​ភាគី​ម្ខាង​ទៀត​នោះ​។ ម្យ៉ាង​ហ្វីលីពីន ជា​ប្រធាន​អាស៊ាន​ស្រាប់ ដែល​កូរ៉េខាងជើង​ជា​សមាជិក​នៃ​វេទិកា​តំបន់​អាស៊ាន​មួយ​ដែរ ហើយ​ណាមួយ​ហ្វីលីពីន ក៏​កំពុងមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន ដូច្នេះ​ហ្វីលីពីន អាច​ដើរតួនាទី​សំខាន់​ដែរ​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​តំបន់​បាន​៕


Tag:
 អាមេរិក​
  ហ្វីលីពីន​
  ចិន​
  កូរ៉េខាងជើង​
  Rodrigo Duterte
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជីន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com