អន្តរជាតិ
ហ្វេ​ស​ប៊ុ​ក​រើស​បុគ្គលិក​៣០០០​នាក់​ទៀត​ដើម្បី​ពិនិត្យមើល​ការ​បង្ហោះ​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម និង​បញ្ហា​នានា​
05, May 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​លោក Mark Zuckerberg អគ្គនាយក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បានប្រកាស​កាលពី​ថ្ងៃ​ពុធ​កន្លងមក​ថា ក្រុមហ៊ុន​បណ្តាញ​សង្គម​ឈាន​មុនគេ​លើ​លោក​មួយ​នេះ គ្រោង​រើស​បុគ្គលិក​៣០០០​នាក់​បន្ថែមទៀត ដើម្បី​តាមដាន​វីដេអូ និង​ការ​បង្ហោះ​នានា​ពាក់ព័ន្ធ​ទង្វើ​ឧក្រិដ្ឋ និង​អត្ថន័យ​ផ្សេងៗ​ដែល​អាច​ចោទ​ជា​បញ្ហា​។​


​រយៈពេល​ចុងក្រោយ​នេះ ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ករង​ការរិះគន់​យ៉ាងខ្លាំង ទាក់ទង​នឹង​ការខ្វះខាត​វិធានការ​ទប់ស្កាត់​ការ​បង្ហោះ​វីដេអូ​ហិង្សា ដូចជា​ករណី​ឃាតកម្ម​នៅ Cleveland សហរដ្ឋអាមេរិក និង​ការសម្លាប់​ទារក​នៅ​ប្រទេស​ថៃ ជាដើម​។

​តាម​ការកត់សម្គាល់ វីដេអូ ឬ​រូបភាព​ហិង្សា​នានា សុទ្ធតែ​បំពាន​លើ​ច្បាប់​ដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បានកំណត់ ប៉ុន្តែ​ករណី​ជាច្រើន​នៅតែ​លេចចេញ​ជា​រូបរាង ហើយ​ករណី​ដែល​ត្រូវ​លុបចេញ​នោះ គឺ ដោយសារតែ​មានការ​រាយការណ៍ (Report) ប៉ុណ្ណោះ​។​

​ទាក់ទង​នឹង​ទាំងនេះ លោក Mark Zuckerberg អគ្គនាយក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​អះអាងថា លោក​កំពុង​ស្វែងរក​វិធីសាស្ត្រ​ដ៏​ល្អ និង​ការឆ្លើយតប​យ៉ាង​រហ័ស​ដើម្បី​ឲ្យ​សហគមន៍​មាន​សុវត្ថិភាព​។ លោក​បាន​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំក្រោយ យើង​នឹង​បន្ថែម​មនុស្ស​៣០០០​នាក់​ទៀត ដើម្បី​ប្រតិបត្តិការ​ជុំវិញ​ពិភពលោក ដោយ​បច្ចុប្បន្ន​យើង​មាន​៤៥០០​នាក់​ហើយ​។ ពួកគេ​មាន​តួនាទី​ពិនិត្យ​របាយការណ៍​រាប់លាន​ដែល​យើង​បានទទួល​រៀងរាល់​សប្តាហ៍​...»​។​

​លោក​បាន​លើកឡើងថា បុគ្គលិក​រាប់ពាន់​រប​ស់​ខ្លួន នឹង​ជំរុញ​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កនូវ​សារ​ដែល​មានន័យ​គ្រោតគ្រាត និង​ការកេងប្រវ័ញ្ច​កុមារ ជាដើម​។ ជាមួយគ្នានេះ លោក Mark បាន​លើកឡើងថា ហ្វេ​ស​ប៊ុ​កប​ន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហគមន៍​តាម​តំបន់​ក្នុង​ពង្រឹង​ច្បាប់ ដែលជា​ជំនួយ​យ៉ាងសំខាន់​សម្រាប់​មនុស្ស​ទូ​ទៅ​៕




Tag:
 ហ្វេ​ស​ប៊ុ​ក​
  Mark Zuckerberg
© រក្សាសិទ្ធិដោយ thmeythmey.com