អន្តរជាតិ
អាមេរិក​ពឹង​ឲ្យ​អាស៊ាន បន្ថយ​កម្រិត​ការទូត និង​ផ្តាច់​លំហូរ​ហិរញ្ញវត្ថុ​ដើម្បី​ដាក់​សម្ពាធ​កូរ៉េខាងជើង​
05, May 2017 , 3:14 pm        
រូបភាព
 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃ ៤ឧសភា នៅក្រុងវ៉ាស៊ីនតោន (រូបភាព៖ Department of State)
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃ ៤ឧសភា នៅក្រុងវ៉ាស៊ីនតោន (រូបភាព៖ Department of State)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson បានស្នើ​ឲ្យ​អាស៊ាន​ជួយ​សហការ​ដើម្បី​កាត់ផ្តាច់​ចរន្ត​ចំណូល​របស់​ក្រុង​ព្យុងយ៉ាង និង​កាត់បន្ថយ​ទំនាក់ទំនង​ការទូត​ជាមួយ​របប​ដឹកនាំ​នេះ​ឲ្យ​ដល់​កម្រិត​អប្បបរមា​។ អាមេរិក​មិន​ជំរុញ​ឲ្យ​អាស៊ាន​ផ្តាច់ចំណង​ការទូត​ជាមួយ​កូរ៉េខាងជើង​ឡើយ ប៉ុន្តែ​វា​ជា​រឿង​ចាំបាច់​ដែល​រដ្ឋ​អាស៊ាន​ត្រូវ​បន្ថយ​កម្រិត​ការទូត​ខ្លះ​ដែល​មិនចាំបាច់​។​


​សមុទ្រ​ចិន​ខាងត្បូង​,​អតុល្យភាព​ពាណិជ្ជកម្ម​និង​បញ្ហា​សន្តិសុខ​តំបន់ ក្លាយជា​ប្រធានបទ​ស្នូល​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថ្ងៃ ៤ ឧសភា​នៅ​ក្រុង​វ៉ាស៊ីនតោន​។ ប៉ុន្តែ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ជា​ប្រធានបទ​ក្តៅ​និង​សំខាន់​ជាងគេ​។​

​មន្ត្រីជាន់ខ្ពស់​អាមេរិក​បាន​បញ្ជាក់ថា ប្រមុខ​ការទូត​អាមេរិក Rex Tillerson បាន​យក​ឱកាស​នៃ​ជំនួប​នេះ​បញ្ចុះបញ្ចូល​ឲ្យ​សម​ភាគី​អាស៊ាន​ចូលរួម​ផ្តាច់​លំហូរ​ហិរញ្ញវត្ថុ​ទៅកាន់​កូរ៉េខាងជើង និង​បន្ថយ​កម្រិត​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េខាងជើង​ឲ្យ​នៅត្រឹម​កម្រិត​អប្ប​មរ​មា​ថែមទៀត​។​

​ក្នុង​កិច្ចប្រជុំ​នេះ គេ​ឃើញ​មាន​វត្តមាន​រដ្ឋមន្ត្រីការបរទេស​រដ្ឋ​អាស៊ាន​ចំនួន ៨ និង​មន្ត្រីជាន់ខ្ពស់​តំណាង​ប្រទេស​ពីរ​ទៀត​។ រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​និង​ទីប្រឹក្សា​រដ្ឋ​លោកស្រី អ៊ុង​សាន ស៊ូ​ជី មិនបាន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ទេ​ព្រោះ​លោកស្រី​ជាប់​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​ថ្ងៃ​សុក្រ​ទី​៥ ឧសភា ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទ​ទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​លោក Patrick Murphy បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា អាមេរិក​ចង់បាន​ភាព​ជា​ដៃគូ​និង​កិច្ចសហការ​ជាមួយ​អាស៊ាន​ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា មិនមែនជា​ការដាក់​ស​ម្ពា​ធ​លើ​អាស៊ាន​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជាពិសេស​វិបត្តិ​កូរ៉េ​ទេ​។​

​លោក Murphy បានបញ្ជាក់​ដូច្នេះ​« យើង​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ និយាយ​ទៅ​វិធានការ​ជាក់លាក់​ដែល​យើង​ស្នើ​គឺ សុំ​ឲ្យ​អាស៊ាន​ជួយ​សហការ​ដើម្បី​កាត់ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ​ដែល​កូរ៉េខាងជើង​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ និង​បន្ថយ​កម្រិត​ចំណង ការទូត​ជាមួយ​ក្រុង​ព្យុងយ៉ាង​ផង​»​។​

​តំណាង​ក្រុង​វ៉ាស៊ីនតោន​នេះ​បាន​បន្តថា ថា រដ្ឋ​អាស៊ាន​ទាំង​១០ មាន​ទំនាក់ទំនង​ល្អ​និង​កក់ក្តៅ​ជាមួយ​រដ្ឋ​ឯកោ​កូរ៉េខាងជើង​។ ដូច​ឃើញស្រាប់​ហើយ​រដ្ឋ ប្រាំ ក្នុងចំណោម​រដ្ឋ​អាស៊ាន​ទាំង​ដប់​មាន​ស្ថានទូត​នៅ​កូរ៉េខាងជើង ដែល​វា​បង្ហាញថា​ទំនាក់ទំនង​ការទូត​នេះ​មាន​ច្រើន​ហួសការ​ចាំបាច់​។ ដូច្នេះ​រដ្ឋ​អាស៊ាន​អាចធ្វើ​សកម្មភាព​បាន​ច្រើនជាង​នេះ​ដើម្បី​បន្ថយ​ទំនាក់ទំនង​នេះ​។​

​កន្លងមក​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រឹងប្រែង​ស្វះ​ស្វែងរក​ការសហការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ជាពិសេស​មហា​យក្ស​ចិន និង​ប្រទេស​អាស៊ាន​។ ដូ​ណា​ល់ ត្រាំ បាន​ទទូច​ឲ្យ​ចិន​ធ្វើ​សកម្មភាព​ច្រើនជាង​មុន​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ហើយ​លោក ក៏បាន​ទូរ​សព្ទ​មកកាន់​មេដឹកនាំ​អាស៊ាន​មួយចំនួនទៀត​ផងដែរ​ដើម្បី​សុំ​ការសហការ​។

​កាលពី​សប្តាហ៍​មុន​លោក ដូ​ណា​ល់ ត្រាំ បាន​ទូរ​សព្ទ​មក​ប្រធាន​អាស៊ាន​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte , នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា និង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ដើម្បី​ជជែក​ពី​បញ្ហា​ប្រឈម​និង​អញ្ជើញ​អ្នក​ទាំងបី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ថែមទៀត​។​

-​ពឹង​អាស៊ាន​ឲ្យ​ជួយ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនមាន​អ្វី​ផ្តល់​ឲ្យ​អាស៊ាន​ជា​ថ្នូរ​

​ជា​លើកដំបូង​បំផុត​ដែល​អាមេរិក​រត់​មក​ពឹង​រដ្ឋ​អាស៊ាន​ឲ្យ​ជួយ​លូកដៃ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ចាប់ពី ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ខែមករា​។ ការពឹង​ពាក់​អាស៊ាន​កើតឡើង ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែល​បង្កក្តី​បារម្ភ​ក្នុង​តំបន់​ទាំងមូល​។

​គេ​បារម្ភ​ថា​អាមេរិក​នឹង​ដកខ្លួន ឈប់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ទៀត​នៅពេល​អនាគត ខុសស្រឡះ​ពី​គោលនយោបាយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា នោះ​។ ដូច្នេះ​គេ​ឆ្ងល់​ថា តើ​អាមេរិក​មាន​អ្វី​ជា​ថ្នូរ​ដើម្បី ពឹង​ឲ្យ​អាស៊ាន​ធ្វើតាម​សំណូមពរ​ខ្លួន​ដោយ​កាត់ផ្តាច់​លំហូរ​ហិរញ្ញវត្ថុ​និង​បន្ថយ​កម្រិត​ទំនាក់ទំនង​ការទូត​នោះ​?

​ក្នុង​សន្និសីទ​សារ​ព័​ត៌ា​មន​ថ្ងៃ​សុក្រ ឧបការ​រី​រង​រដ្ឋមន្ត្រីការបរទេស Patrick Murphy បាន​ព្យាយាម​បញ្ជាក់ថា អាមេរិក​នៅ​ចាត់ទុក​អាស៊ាន​ជា​ដៃគូ​ខ្វះ​មិនបាន ហើយ​អាស៊ាន​នឹង​នៅ​បន្ត​ទទួលបាន​ប្រយោជន៍​សង្គម​, សេដ្ឋកិច្ច និង​សន្តិសុខ​ពី​ការបន្ត​តួនាទី​និង​ពង្រឹង​ឥទ្ធិពល​របស់​អាមេរិក​ក្នុង​តំបន់​។

«​អាស៊ាន​សំខាន់​ណាស់​សម្រាប់​អាមេរិក​ពេល​និយាយ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច ហើយ​អាមេរិក​មាន​គោលបំណង​បន្ត​អភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ច ហើយ​បណ្តា​ប្រទេស​អាស៊ាន​អាច​នឹង​ឃើញ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កាន់តែ​រីក​ធំធាត់​ឡើង​នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក Murphy​។​

​ឧបការ​រី​រង​រូ​បន្ត​បន្តថា ក្នុងជំនួប​លើកដំបូង​នេះ រដ្ឋមន្ត្រី​កាបរទេស​អាមេរិក​លោក Rex Tillerson ប្រាប់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ថា អាស៊ាន​ជា​ដៃគូ​យុទ្ធសាស្ត្រ​សំខាន់បំផុត​មួយ​សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​កិច្ចសហការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​និង​ពង្រឹង​ទំនាក់ទំនង ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាដើម​។ លោក​ក៏បាន​រំលឹក​ឡើងវិញ​ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ក្នុងការ​បន្ត​កសាង​និង​លើក​ស្ទូ​យ​ទំនាក់ទំនង​ជាមួយ​អាស៊ាន​នៅពេល​អនាគត​ខាងមុខ​។​

​ដូច​ឃើញស្រាប់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាសថា​នឹង​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​វៀតណាម និង​បន្ត​មក​ចូលរួម​កិច្ចប្រជុំ​សំខាន់​ពី​ទៀត​នៅ​ហ្វីលីពីន​មាន​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​និង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក​ផងដែរ​៕


Tag:
 Rex Tillerson
  Patrick Murphy
  អាស៊ាន​
 ​ កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com