អន្តរជាតិ
លោក ម៉ា​ក្រុង កាន់​តែមាន​ប្រជាប្រិយភាព ក្រោយ​លោក អូ​បា​ម៉ា ចេញមុខ​គាំទ្រ​
05, May 2017 , 8:19 pm        
រូបភាព
​ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​២ នៅ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៧ ខែឧសភា អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចេញមក​ប្រកាស​គាំទ្រ​បេក្ខជន​កណ្ដាល​និយម អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) ដែល​ត្រូវ​តទល់​នឹង​បេក្ខជន​ស្ដាំនិយម​ជ្រុល ម៉ា​រី​ន ឡឹ​ប៉ែន (Marine Le Pen) ។ ក្នុង​សារ​វីដេអូ​មួយ​ដែល​បង្ហោះ​លើ​គណនី Twitter របស់លោក ម៉ា​ក្រុង លោក អូ​បា​ម៉ា ចាត់ទុក​ការបោះឆ្នោត​នៅ​បារាំង គឺជា​បញ្ហា​សម្រាប់​ពិភពលោក​ទាំងមូល ហើយ​ជោគជ័យ​របស់​បារាំង ក៏​ជា​ជោគជ័យ​របស់​ពិភពលោក​ដែរ​។


​អនាគត​របស់​បារាំង នឹងត្រូវ​សម្រេច​ក្នុងការ​បោះឆ្នោត​ជុំ​ចុងក្រោយ​នៅ​ចុង​សប្ដាហ៍​នេះ ដោយ បេក្ខជន គ្មាន​បក្ស Emmanuel Macron ត្រូវ​ប្រជែង​កៅអី​ប្រធានាធិបតី​ជាមួយ​បេក្ខជន​បក្ស​រណសិរ្ស​ជាតិ Marine Le Pen ។ ជាការ​បោះឆ្នោត​ជ្រើសរើស​រវាង​ការបន្ត​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប ឬ​ត្រូវ​ចាកចេញ រវាង​នយោបាយ​បើកចំហ ឬ​ការ​រឹ​ត្បិត​លំហូរ​ជនអន្តោប្រវេសន៍ រវាង​ការបន្ត​ប្រើ​លុយ​អឺរ៉ុប ឬ​ការ​ចាយលុយ​ក្នុងស្រុក និង​រវាង​នយោបាយ​គាំទ្រ​សកលភាវូបនីយកម្ម ឬ​គាំទ្រ​ការ​គាំពារ​និយម​។​

​ដោយហេតុថា​នេះ​ជាការ​បោះឆ្នោត​យ៉ាងសំខាន់ អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​នៅ​ឆ្ងាយ​ពី​រឿង​នយោបាយ​ចាប់តាំងពី​ចាកចេញ​ពី​សេត​វិមាន​មក​នោះ ក៏បាន​ចេញមក​អន្តរាគមន៍ ដោយ​លោក​ប្រកាស​គាំទ្រ​លោក Macron ។ នេះ ជា​រឿង​កម្រ​ដែល​លោក អូ​បា​ម៉ា និយាយ​លូកលាន់​កិច្ចការ​បោះឆ្នោត​ប្រទេស​ផ្សេង បើទោះជា​លោក​ធ្លាប់​និយាយ​ដល់​ប្រជាមតិ​អង់គ្លេស​ក្ដី ប៉ុន្តែ​សម្រាប់​លោក អូ​បា​ម៉ា បារាំង​ជា​ករណី​លើកលែង ព្រោះ​ពាក់ព័ន្ធ​អនាគត​របស់​អឺរ៉ុប​ផង និង​ពិភពលោក​ផង​។​

​ជាមួយនឹង​ការលើកសរសើរ​នយោបាយ​សេរីនិយម​របស់លោក Macron អតីត​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​និយាយ​ដែរ​ថា ការបោះឆ្នោត​នៅ​បារាំង​នៅពេលនេះ ជា​បញ្ហា​របស់​របស់​ពិភពលោក​ទាំងមូល ដែល​រឿងនេះ​តម្រូវ​ឲ្យ​លោក​ចេញមក​អន្តរាគមន៍ ទោះ​លោក​គ្មាន​តំណែង​អ្វី​ក៏ដោយ​។ ក្នុង​វីដេអូ​ខាងលើ លោក អូ​បា​ម៉ា បន្តថា លោក​យល់ដឹង​ពី​បញ្ហា​ប្រឈម​ដែល​ប្រជាជន​បារាំង​កំពុង​ជួប ដូច្នេះ​ទើប​លោក​គាំទ្រ​បេក្ខជន Macron ដើម្បី​ដឹកនាំ​បារាំង​។​

១. អន្តរាគមន៍​របស់លោក អូ​បា​ម៉ា ជួយ​ឲ្យ​លោក Macron ឈ្នះឆ្នោត​

​ជា​ពិត​ការប្រកាស​គាំទ្រ​លោក Macron ពី​សំណាក់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការប្រមូល​ការគាំទ្រ​សម្រាប់​លោក Macron មុន​ការបោះឆ្នោត​មកដល់​។ នេះ​ក៏​ព្រោះ​លោក Macron និង​លោក អូ​បា​ម៉ា មាន​នយោបាយ​ស្រដៀង​គ្នា​ជាច្រើន​ចំណុច​ដូចជា​ការគាំទ្រ​ការបើកចំហ​សេដ្ឋកិច្ច​សេរី ការបើកចំហ​ព្រំដែន​ទទួលយក​ជនអន្តោប្រវេសន៍ និង​ការ​ឲ្យ​តម្លៃ​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ផ្សេង​។ 

​ប៉ុន្តែ​អតីតមន្ត្រី​រដ្ឋបាល​លោក អូ​បា​ម៉ា ក៏បាន​ព្រមាន​ដែរ​ថា អន្តរាគមន៍​របស់​អតីត​ប្រធានាធិបតី​អាមេរិក​នៅពេលនេះ ទំនងជា​មិនអាច​ជួយ​អ្វី​បានឡើយ​។ បើតាម​សារព័ត៌មាន The Guardian លោក Philip Gordon អតីត​ឧបការី​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការ​អឺរ៉ុប​ព្រមាន​ថា បើទោះជា​លោក អូ​បា​ម៉ា នៅមាន​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាជន​បារាំង​ក្ដី អន្តរាគមន៍​របស់លោក​អាច​ក្លាយជា​ការជួយ​លោកស្រី Le Pen វិញ​។

​ក្នុងន័យនេះ លោក Philip Gordon ទំនង​ចង់​បញ្ជាក់ថា អន្តរាគមន៍​របស់លោក អូ​បា​ម៉ា នៅ​វិនាទី​ចុងក្រោយ​មុន​ការបោះឆ្នោត គឺជា​កាំបិត​ដែល​ចាក់​លោក Macron ពីក្រោយ​ខ្នង​ទៅវិញ​។ នេះ​ក៏​ព្រោះតែ​ប្រជាជន​បារាំង​ខ្លះ​ក៏​ប្រកាន់​គំនិត​ប្រឆាំង​អាមេរិក មិន​ចូលចិត្ត​ចរិត​អុង​អាត់​ដឹកនាំ​គេឯង​របស់​អាមេរិក ហើយ​ខ្លះទៀត​ថែមទាំង​មានគំនិត​រើសអើង​ពូជសាសន៍​នៅឡើយ​។​

២. ប្រជាប្រិយភាព​របស់លោក Macron កើន​ខ្ពស់​ក្នុងការ​ស្ទាបស្ទង់​ចុងក្រោយ​

​នៅ​ថ្ងៃទី​៣ ខែឧសភា បេក្ខជន​ចុងក្រោយ​ទាំង​២ បាន​ទាស់សម្ដី​គ្នា​យ៉ាងខ្លាំង ហើយ​ថែមទាំង​វាយប្រហារ​គ្នា​ទៅវិញទៅមក​ទៀត​មិន​ថា​គោលនយោបាយ ឬ​រឿងរ៉ាវ​បុគ្គល​អ្វី​ឡើយ​។ បេក្ខជន​ទាំង​២ ព្យាយាម​រក​ចំណុចខ្សោយ​របស់​ភាគី​ម្ខាង​ទៀត រួច​វាយប្រហារ​តែម្ដង ក្នុងន័យ​ដណ្ដើមយក​សំឡេងគាំទ្រ​ពី​ប្រជាជន​បារាំង​មាន​សិទ្ធិ​បោះឆ្នោត​រាប់លាន​នាក់ ដែល​តាមដាន​ការជជែក​ដេញដោល​តាម​ទូរទស្សន៍​។​

​ក្រោយ​ការជជែក​ដេញដោល​បែកផ្សែង​មក​នោះ ប្រជាប្រិយភាព​របស់លោក Emmanuel Macron បាន​នាំមុខ​ក្នុង​គម្លាត​ធំ​គួរ​សមបើ​ប្រៀបធៀប​នឹង​លោកស្រី Marine Le Pen ។ បើទោះជា​ប្រើ​ឱកាស​ចុងក្រោយ​នៃ​ការជជែក​ដេញដោល​ទល់មុខ​ក្ដី បេក្ខជន​ស្ដាំនិយម​ជ្រុល Le Pen នៅតែ​មិនអាច​ទាក់ទាញ​សំឡេង​ពី​អ្នកបោះឆ្នោត​បារាំង​បាន​ច្រើន​គ្រប់គ្រាន់​ដែរ ហើយ​លោកស្រី នៅ​ស្ថិតក្រោម​លោក Macron ដដែល​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា អ្នកបោះឆ្នោត​ចំនួន ៦២​ភាគរយ​ជ្រើស​រើសយក Macron ខណៈ ៣៨​ភាគរយ​ទៀត​ជ្រើសរើស​លោកស្រី Le Pen ។ នេះ​គឺជា​លទ្ធផល​ស្ទង់​មតិ​ក្នុងចំណោម​អ្នកបោះឆ្នោត​បារាំង​នៅក្រោយ​ការជជែក​ពិភាក្សា​តាម​ទូរទស្សន៍​។ ជាមួយ​លទ្ធផល​បែបនេះ តើ​ប្រជាជន​បារាំង មិន​ចង់​ចាក​ចេញពី​អឺរ៉ុប មិន​ចង់​រឹតត្បិត​សេដ្ឋកិច្ច​របស់ខ្លួន ហើយក៏​មិន​ចង់​មាន ដូ​ណា​ល់ ត្រាំ បារាំង​ឬ​?


Tag:
 បារាំង​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  Emmanuel Macron
  Marine Le Pen
© រក្សាសិទ្ធិដោយ thmeythmey.com