អន្តរជាតិ
ព្រះ​ស្វាមី​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II ចូល​និវត្ត​ពី​រាជកិច្ច​នៅ​ព្រះជន្ម​៩៥​វស្សា​
05, May 2017 , 3:56 pm        
រូបភាព
​ព្រះអង្គម្ចាស់ Phillip ស្វាមី​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II នៃ​ចក្រភព​អង់គ្លេស បានសម្រេច​ព្រះទ័យ​ចូល​និវត្ត​ពី​រាជកិច្ច​ទាំងអស់​របស់​ទ្រង់​ហើយ​ចាប់ពី​រដូវក្ដៅ​ខាងមុខ​។ មិនមាន​មូលហេតុ​ច្បាស់លាស់​នៃ​ការសម្រេច​ព្រះទ័យ​នេះឡើយ ប៉ុន្តែ​ទំនង​ពាក់ព័ន្ធ​ព្រះរាជសុខភាព​ផ្ទាល់​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះជន្ម​ជិត​៩៦​វស្សា​ទៅហើយ​ដែរ​។ រាជវាំង Buckingham ប្រកាសថា ការសម្រេច​ព្រះទ័យ​នេះ ក៏​ទទួលបាន​ការយល់ព្រម​ពី​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II ផងដែរ​។​


«​ព្រះអង្គម្ចាស់ Phillip ជា Duke of Edinburgh បានសម្រេច​ព្រះទ័យ​មិន​ចូលរួម​ក្នុង​កម្មវិធី​សាធារណៈ​ទៀតឡើយ ចាប់ពី​រដូវក្ដៅ​ឆ្នាំ​២០១៧ តទៅ​។ ជាមួយ​ការសម្រេចចិត្ត​នេះ ព្រះអង្គ​បានទទួល​ការគាំទ្រ​ពេញទំហឹង​ពី​ព្រះ​មហេសី Elizabeth II »​។ នេះ​ជាការ​ប្រកាស​របស់​រាជ​វាំង Buckingham នៅ​ថ្ងៃទី​៤ ខែឧសភា ទាក់ទង​នឹង​ការសម្រេច​ព្រះទ័យ​ចូលនិវត្តន៍​របស់​ព្រះ​ម្ចាស់ Phillip ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​

​ព្រះអង្គម្ចាស់ Phillip ដែល​បាន​រៀប​អភិសេក​ជាមួយ​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II កាលពី​ឆ្នាំ​១៩៤៧ បាន​បំពេញ​រាជកិច្ច​ជាច្រើន​នា​រយៈពេល​៧០​ឆ្នាំ​មកនេះ​។ បើតាម​សារព័ត៌មាន BBC  គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៦ ព្រះអង្គ បាន​ចូលរួម​ក្នុង​កម្មវិធី​សាធារណៈ​ដល់​ទៅ​១១០​ថ្ងៃ​ឯណោះ​។ មិនតែប៉ុណ្ណោះ ព្រះអង្គ​ក៏មាន​តំណែង​ជា​ប្រធានកិត្តិយស ប្រធាន​អង្គការ​សមាគម និង​ជា​សមាជិក​អង្គការ​ច្រើនជាង​៧៨០​អង្គការ​។

​យ៉ាងណាក្ដី បើតាម​ការប្រកាស​រប​ស់រាជ​វាំង​អង់គ្លេស ព្រះ​ម្ចាស់ Phillip នឹង​បន្ត​ចូលរួម​កម្មវិធី​ដែល​បាន​អញ្ជើញ​រួចស្រេច ចាប់ពី​ពេល​នេ​រហូតដល់​ខែសីហា បន្ទាប់ពីនោះ ព្រះអង្គ​នឹងមិន​ទទួលយក​ការអញ្ជើញ​ទៀតឡើយ តែ​នឹង​សម្រេច​ព្រះទ័យ​ចូលរួម​កម្មវិធី​ណាមួយ​ទៅតាម​ពេលវេលា​ជាក់ស្ដែង​។ ដោយឡែក ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II ដែលមាន​ព្រះជន្ម​៩១​វស្សា​ដែរនោះ នឹង​បន្ត​រាជកិច្ច និង​ចូលរួម​ក្នុង​កម្មវិធី​នានា​ដូច​ធម្មតា​។​

​ជា​អតីត​ទាហានជើងទឹក ព្រះអង្គម្ចាស់ Phillip តែង​អមដំណើរ​មហេសី​ព្រះអង្គ​ក្នុងការ​បំពេញ​រាជកិច្ច​ទាំង​នៅក្នុង​ស្រុក និង​នៅ​បរទេស​។ មកទល់​ច​ប្ចុ​ប្ប​ន្នេះ Duke of Edinburgh បាន​ចូលរួម​កម្មវិធី​សាធារណៈ​តែ​អង្គឯង​ដល់​ទៅ ២២១៩១​ដង ទស្សនកិច្ច​ក្រៅប្រទេស​ចំនួន ៦៣៧​ដង និង​និពន្ធ​សៀ​ភៅ​បាន​ចំនួន ១៤​ក្បាល​ថែមទៀត​។​

​តាមពិតទៅ ព្រះអង្គម្ចាស់​មាន​លោហិត​ជាប់​រុស្ស៊ី ដា​ណឺ​ម៉ា និង​អាល្លឺម៉ង់​អង្គ​នេះ ធ្លាប់​បង្ហាញ​ព្រះទ័យ​ចូល​លា​ចេញពី​ជីវិត​សាធារណៈ​នេះ​ជា​យូរ​មកហើយ​។ ក្នុង​ឆ្នាំ​២០១១ ជា​ឆ្នាំ​គម្រប់​ព្រះជន្ម ៩០​វស្សា ព្រះអង្គម្ចាស់ Phillip មានបន្ទូលថា​៖ «​ខ្ញុំ​គិតថា ខ្ញុំ​បានធ្វើ​រឿង​ជាច្រើន​ហើយ​។ ដូច្នេះ​ខ្ញុំ​ចង់​សម្រាក​បន្តិច មិន​ចង់​មានការ​ទទួលខុសត្រូវ​ច្រើន ហើយក៏​មិន​ចង់​គិត​អ្វី​ច្រើន​ដែរ​។ ការចងចាំ​ក៏​កាន់តែ​យ៉ាប់​។ ខ្ញុំ​មិនអាច​ចាំ​ឈ្មោះ ឬអ្វី​ផ្សេង​បាន​ទៀតឡើយ​។​»


Tag:
 អង់គ្លេស​
  Phillip
  Elizabeth II
© រក្សាសិទ្ធិដោយ thmeythmey.com