អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាមេរិក​ប្រាប់​អាស៊ាន​ថា ជំហរ​អាមេរិក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មិន​ប្រែប្រួល​
05, May 2017 , 4:53 pm        
រូបភាព
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​ដែរ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​អាស៊ាន​ថ្ងៃ ៤ ខែឧសភា​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​បញ្ជាក់ថា គោលជំហរ​អាមេរិក​មិន​ប្រែប្រួល​ឡើយ​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ពោលគឺ​អាមេរិក​យក​ច្បាប់​អន្តរជាតិ​ជាធំ និង​ស្នើ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​រាល់​សកម្មភាព​សាងសង់ ឬ​វាតទី ឬ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ​ដើម្បី​ឈានទៅ​ដោះស្រាយ​ជម្លោះ​នេះ​បាន​។​


​គោលជំហរ​របស់​អាមេរិក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មិនមាន​ការប្រែប្រួល​ឡើយ​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​អាស៊ាន​ពឹង​ផ្អែកលើ​កម្ពុជា​ក្នុងការ​រក្សា​និង​អនុវត្ត​សិទ្ធិ​ដ៏​សំខាន់​នេះ​ដើម្បី​រក្សា​ប្រយោជន៍​តំបន់​និង​ភាគី​ពាក់ព័ន្ធ​។ នេះ​ជាការ​អ្វីដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson ប្រាប់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុងជំនួប​លើកដំបូង​នៅ​ក្រុង​វ៉ាស៊ីនតោន​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​ថ្ងៃ​សុក្រ​ទី ៥ ខែឧសភា លោក Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទ​ទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក Rex Tillerson និង​សម​ភាគី​អាស៊ាន​ចំណាយពេល​ច្រើន​ដែរ​ដើម្បី​ជជែក​គ្នា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​

 លោក​បន្តថា អាមេរិក​ផ្ញើ​សារ​ច្បាស់លាស់​ទៅកាន់​អាស៊ាន​ច្បាស់លាស់​ដោយ​ជំហរ​អាមេរិក​ឥត​ងាករេ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​និង​ការពារ​សេរីភាព​នាវាចរណ៍​និង​សេរីភាព​នៃ​ការហោះហើរ​។ ហើយ រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​អាស៊ាន​ពិភាក្សាគ្នា​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ ផ្អែក​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​កិច្ចប្រជុំ​អាមេរិក អាស៊ាន​នៅ Sunnylands កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៦​។

«​វា​ច្បាស់លាស់​ណាស់​ថា អាមេរិក​ចង់​រក្សា​សេរីភាព​នាវាចរណ៍​និង​ការហោះហើរ ហើយ​ថា​ដៃគូ​យើង​នៅ​អាស៊ាន​អាច​ពឹង​ផ្អែកលើ​អាមេរិក​ដើម្បី​អនុវត្ត​សិទ្ធិ​ខាងលើនេះ ។ វា​មាន​សារៈសំខាន់ សម្រាប់​ពាណិជ្ជកម្ម ហើយ​វារឹតតែ​សំខាន់​ទៀត​សម្រាប់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល​»​។​

​តំណាង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ខាងលើ​ក៏បាន​ពន្យល់​បន្ថែម​ផងដែរ​ថា ថ្វីបើ​មិនមែនជា​ភាគី​ជម្លោះ​ក្តី អាមេរិក​មាន​ផលប្រយោជន៍​ព្រោះ​អាមេរិក​ជា​រដ្ឋ​ស្ថិតក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​យល់ថា គេ​អាច​ដោះស្រាយ​បញ្ហា​ជម្លោះ​នេះ​បាន​ដោយ​ការជជែក​ពិភាក្សា ដោយ​យក​គោលការណ៍​អន្តរជាតិ និង​ច្បាប់​អន្តរជាតិ​ជាធំ ហើយ​ភាគី​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​សាងសង់​, យោ​ធូប​នីយកម្ម និង​វាតទី​យក​តំបន់​ជម្លោះ​ជាដើម​។

«​រដ្ឋមន្ត្រី Rex Tillerson បាន​អំពាវនាវ​ទៅកាន់​ភាគី​ពាក់ព័ន្ធ និង​ស្នើ​ឲ្យ​ភាគី​ទាំងអស់​បញ្ឈប់​រាល់​ការធ្វើ​យោ​ធូប​នីយកម្ម​,​សាងសង់​សំណង់ ឬ​វាតទី​យក​តំបន់​ជម្លោះ ស្រប​ពេលដែល​ការជជែក​ពិភាក្សា​រក​ដំណោះស្រាយ​នៅតែ​បន្ត​។ វា​នៅតែមាន​មធ្យោបាយ​សមស្រប​ដោយ​សន្តិវិធី ដូចជា​ការចរចា និង​ពិភាក្សា ដើម្បី​សម្រេចបាន​ដំណោះស្រាយ​មួយ​យូរអង្វែង​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស Murphy​។

​ថ្វីបើ​អាមេរិក​មាន​គោលជំហរ​មិន​ប្រែប្រួល​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្តី  រដ្ឋ​ដែល​តែង​តតាំង​ជាមួយ​ចិន ហ្វីលីពីន​ស្រាប់តែ​ងាក​ទៅរក​ចិន​មួយ​ទំហឹង​ក្រោយ​លោក Rodrigo Duterte ឡើងកាន់​អំណាច​ខែមិថុនា​ឆ្នាំ​២០១៦​។ ហើយ​អ្វីដែល​រឹតតែ​ភ្ញាក់ផ្អើល​គឺ ហ្វីលីពីន​ដែលជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នោះបាន​សម្រេច​មិន​ដាក់​ចំណុច​ពាក់ព័ន្ធ​សាលក្រម​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ និង​ក្តីបារម្ភ​រឿង​យោ​ធូប​នីយកម្ម​របស់​ចិន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​អាស៊ាន​ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចុងខែ​មេសា​ទៀត​៕


Tag:
 អាមេរិក​
 Rex Tillerson
  អាស៊ាន​
  Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com