អន្តរជាតិ
អាមេរិក ឈប់​ផ្ដល់​អាទិភាព​រឿង​ការពារ​សិទ្ធិមនុស្ស​នៅ​បរទេស តែ​នឹង​ផ្ដោត​សំខាន់លើប្រយោជន៍​អាមេរិក​
05, May 2017 , 9:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ក្នុងពេលជួបជាមួយមន្ត្រីក្រសួងការបរទេស (រូបភាព៖ Department of State)
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ក្នុងពេលជួបជាមួយមន្ត្រីក្រសួងការបរទេស (រូបភាព៖ Department of State)
​តាំងតែ​ពី​ដើម​មក អាមេរិក ត្រូវគេ​ចាត់​ទុ​តុ​កថា​ជា​បិតា​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពេញ​ពិភពលោក​។ ទីណា​មានការ​រំលោភបំពាន​សិទ្ធិមនុស្ស ទីនោះ​តែង​ឃើញ​មាន​វត្តមាន​អាមេរិក​ចេញមុខ​រក​ខុសត្រូវ ឬ​យ៉ាងហោចណាស់​បង្ហាញ​ការព្រួយបារម្ភ​ដែរ​។ ប៉ុន្តែ​ក្រោម​អាណត្តិ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ការគោរព​សិទ្ធិមនុស្ស​នេះ ហាក់​រយាល​ជាង​មុន ហើយ​ប្រមុខ​ការទូត​អាមេរិក​ថែមទាំង​និយាយថា ការការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស គឺជា​ឧបសគ្គ​សម្រាប់​ប្រយោជន៍​អាមេរិក​ទៅទៀត​។


​ចំពោះមុខ​មន្ត្រីក្រោមឱវាទ​នៃ​ក្រសួងការបរទេស ប្រមុខ​ការទូត Rex Tillerson និយាយថា នយោបាយ​ការទូត​របស់​អាមេរិក នឹង​ផ្ដោត​ការយកចិត្ត​ទុក​សំខាន់​លើ​ផលប្រយោជន៍​អាមេរិក​ជា​ចម្បង​មុននឹង​បញ្ហា​ផ្សេងទៀត​រាប់ទាំង​រឿង​សិទ្ធិមនុស្ស​ផង​។ ការលើកឡើង​បែបនេះ ជា​សញ្ញា​បង្ហាញ​ពី​ការប្រែប្រួល​នៃ​នយោបាយ​ការបរទេស​របស់​អាមេរិក​ក្រោម​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ហើយ​វា​ក៏​ខុសពី​រដ្ឋបាល​អាមេរិក​មុនៗ​ដែល​ផ្ដោត​សំខាន់​លើ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេង​។

​ការអធិប្បាយ​របស់​ប្រមុខ​ការទូត​អាមេរិក​នៅ​ថ្ងៃទី​៣ ខែឧសភា ក៏​បង្ហាញ​កាន់តែច្បាស់​ថែមទៀត​នយោបាយ «America First» របស់លោក ត្រាំ ដែល​ផ្ដល់​អាទិភាព​ដល់​អ្វី​ជា​ប្រយោជន៍​សម្រាប់​អាមេរិក និង​មិនសូវ​ខ្វល់​ឡើយ​ពី​បញ្ហា​របស់​ប្រទេស​ផ្សេង​។ និយាយ​ឲ្យ​ខ្លី ទីណា​ផ្ដល់​ប្រយោជន៍​ឲ្យ​អាមេរិក នោះ​រដ្ឋបាល​ប្រធានាធិបតី ត្រាំ នឹងមិន​គិតគូរ​បញ្ហា​អ្វី​ផ្សេងទៀត ទោះជា​មានការ​រំលោភសិទ្ធិ​មនុស្ស ឬ​ការបំពាន​ប្រជាធិបតេយ្យ​អ្វី​ឡើយ ព្រោះ​វា​មិនមែនជា​នយោបាយ​របស់​អាមេរិក​ទៀត​។​

«​អ្វីដែល​មូលដ្ឋាន​នៃ​នយោបាយ​ការបរទេស​របស់​យើង​កន្លងមក គឺ​តម្លៃ​របស់​យើង​តែម្ដង​មាន​សេរីភាព និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស និង​សកម្មភាព​របស់​។​។ គោលការណ៍​ទាំងនោះ ជា​តម្លៃ​របស់​យើង មិនមែនជា​នយោបាយរ​បស់​យើង​ឡើយ​»​។ នេះ​ជា​អធិប្បាយ​របស់​រដ្ឋមន្ត្រី​ការបរទេស Tillerson ទៅកាន់​ការជួបជុំ​មួយ​នៅ​ក្រសួង​កាបរទេស​ដែល​ចូលរួម​មន្ត្រី​ជាច្រើន​រួមទាំង​មន្ត្រីការទូត​ផងដែរ​។ នេះ​មានន័យថា ក្រោម​អាណត្តិ​លោក ត្រាំ អាមេរិក​នឹងមិន​ផ្ដល់​ទម្ងន់​ខ្លាំង​លើ​បញ្ហា​សិទ្ធិមនុស្ស​ឡើយ​។​

​ជាមួយគ្នា​នោះ លោក​Tillerson បញ្ជាក់ថា បើ​អាមេរិក​ដាក់​លក្ខខណ្ឌ​ខ្លាំងពេក​ឲ្យ​ប្រទេស​ផ្សេង​អនុវត្តតាម​គោលការណ៍​របស់ខ្លួន ដូចដែល​ធ្លាប់ធ្វើ​កន្លងមក វា​នឹង​បង្កើតជា​ឧបសគ្គ​ក្នុងការ​ទទួលបាន​ប្រយោជន៍​ត្រឡប់មកវិញ​រាប់ទាំង​បញ្ហា​សន្តិសុខ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ផង​។ លោក​បន្តថា អាមេរិក ត្រូវ​ដឹង​ឲ្យ​ច្បាស់​អ្វី​ជា​បញ្ហា​សន្តិសុខ​របស់ខ្លួន អ្វី​ជា​ផលប្រយោជន៍​សេដ្ឋកិច្ច ហើយ​ផលប្រយោជន៍​ជាតិ និង​បញ្ហា​សិទ្ធិមនុស្ស អាច​ដើរ​ទន្ទឹមគ្នា​បាន​ឬ​យ៉ាងណា​។​

​ឧទាហរណ៍​ជាក់ស្ដែង​នៃ​ការប្រែប្រួល​នយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​អាមេរិក ដែល​មិនសូវ​ឲ្យ​តម្លៃ​លើ​បញ្ហា​សិទ្ធិមនុស្ស អាច​ស្ដែង​តាមរយៈ​ការជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ដែល​មិនសូវមាន​ការគោរព​សិទ្ធិមនុស្ស​ដូចជា​អេ​ហ្ស៊ី​ប ក៏ដូចជា​ការអញ្ជើញ​មេដឹកនាំ​ហ្វីលីពីន Rodrigo Duterte និង​មេដឹកនាំ​របប​សឹក​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា​។ ចុងក្រោយ​នេះ លោក ត្រាំ បែរជា​និយាយ​លើកសរសើរ​មេដឹកនាំ​ផ្ដាច់ការ​វ័យក្មេង គីម ជុង​អ៊ុន ហើយ​ថែម​ចង់​ជួប​លោក គីម ជុង​អ៊ុន​ទៅទៀត​៕


Tag:
 អាមេរិក​
  Rex Tillerson
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com