អន្តរជាតិ
ត្រាំ នឹង​ទៅ​ទស្សនកិច្ច​អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ីស្រាអែល ក្នុង​គោលបំណង​បង្កើត​សន្តិភាព​តំបន់​
05, May 2017 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​, អ៊ីស្រាអែល និង​បន្តទៅ​បុរី​វ៉ា​ទី​កង់​ផងដែរ​នៅ​ចុងខែ​ឧសភា​ខាងមុខ​។  ត្រាំ ប្រកាស​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា​នេះ​កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​លោក​ជួប​ជាមួយ​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន និង​សន្យា​ស្វែងរក​សន្តិភាព​សម្រាប់​តំបន់​ម​ជ្ឈិ​បូព៌ា​ផង​នោះ​។​


​ក្នុងពេល​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​ស្នាក់ការ​កណ្តាល​អង្គការ​ណា​តូ​នៅ​ព្រុ​ច​សែ​ល និង​ចូលរួម​កិច្ចប្រជុំ​ប្រទេស​៧ នៅ​ក្រុង Sicily ប្រទេស​អ៊ីតាលី ចុងខែ​នេះ លោក ដូ​ណា​ល់ ត្រាំ នឹង​ឈាង​ទៅ​ទស្សនកិច្ច​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​, អ៊ីស្រាអែល និង​បុរី​វ៉ា​ទី​កង់​ថែម​ទៀតផង​។​

​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ឧសភា​ដូច្នេះ​ថា​៖« ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​លើកដំបូង​របស់ខ្ញុំ​ជា​ប្រធានាធិបតី​អាមេរិក​គឺ ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់មក​ទៅ​អ៊ីស្រាអែល និង​បន្ទាប់មកទៀត​គឺ​បុរី​វ៉ា​ទី​កង់​នៅ​ទីក្រុង​រ៉ូម​»​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ទាក់ទិន​ការធ្វើដំណើរ​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅពេល​ខាងមុខ​នេះដែរ លោក ដូ​ណា​ល់ ត្រាំ មាន​គោលបំណង​សំខាន់​ពង្រឹង​ទំនាក់ទំនង​ឡើងវិញ​រវាង​អាមេរិក​និង​បណ្តា​ប្រទេស​ម៉ូ​ស្លី​ម​ធំៗ​លើ​ពិភពលោក​។​

​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​រដ្ឋ​ឈូង​សមុទ្រ​ហាក់​ល្អក់កករ​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយសារតែ​លោក​ជ្រើស​រើសយក​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​អ៊ីរ៉ង់ និង​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។ ហើយ​មកដល់​ជំនាន់​លោក ដូ​ណា​ល់ នេះ​ទៀត​ទំនាក់ទំនង​កាន់តែ​ដុនដាប ដោយសារ​លោក​ជា​ប្រធានាធិបតី​ដែល​ត្រូវបាន​គេ​រិះគន់​ខ្លាំង​រឿង​បញ្ឆេះ​គំនិត​ស្អប់ខ្ពើម​ប្រជាជន​ម៉ូ​ស្លី​ម​ផង​។​

​ដូច​ឃើញស្រាប់ ក្នុងពេល​ឃោសនា​បោះ​ឆ្នោ​ង​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រើប្រាស់​ពាក្យសម្តី​បង្កប់​អត្ថន័យ​រើសអើង​សាសន៍​និង​បង្ក​ការប៉ះពាល់​ដល់​ប្រជាជន​ម៉ូ​ស្លី​ម​។ ហើយ​ក្រោយ​ឡើងកាន់​អំណាច លោក​បានចេញ​ក្រឹត្យ​ហាមឃាត់​អ្នកដំណើ​មកពី​ប្រទេស​ម៉ូ​ស្លី​ម​ធំៗ​ចំនួន ប្រាំមួយ​ថែមទៀត​ដែល​សកម្មភាព​នេះ​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​កាន់​តែ​ខ្លាំង​ក្នុង​សហគមន៍​ប្រជាជន​ម៉ូ​ស្លី​ម​ថែមទៀត​។​

​ដូច្នេះហើយ វា​ជា​ពេលវេលា​សមស្រប​សម្រាប់​ប្រធានាធិបតី​អាមេរិក​ដែល​ត្រូវ​ស្វះ​ស្វែងរក​ឱកាស​ស្តារ​ទំនាក់ទំនង​នេះ​ឡើងវិញ​ដើម្បី​ប្រយោជន៍​ទ្វេភាគី​និង​ប្រយោជន៍​តំបន់​ផងដែរ​។​

​ដោយឡែក​ការបំពេញ​ទស្សនកិច្ច​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ីស្រាអែល​នេះ​អាចជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​។​ចំណុច​អាទិភាព​របស់លោក ដូ​ណា​ល់ ត្រាំ គឺ​បង្កើត​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ដូចជា​ជួយ​ជ្រោមជ្រែង​ការដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​។​

​លោក ដូ​ណា​ល់ ត្រាំ​ប្រកាស​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ីស្រាអែល មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​លោក​ទទួល​ស្វាគមន៍​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas ហើយ​លោក​ថែមទាំង​ហ៊ាន​សន្យា​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​រ៉ាំរ៉ៃ​ខ្លាំងជាងគេ​លើ​លោក​នេះ​ទៀត​។​

​ក្នុងពេល​ទៅ​អ៊ីស្រាអែល លោក ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ និង​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas ម្តងទៀត​ដែរ​។ មន្ត្រី​សេត​វិមាន​បាន​បង្ហើប​ថា ការ​ទៅ​ទស្សនកិច្ច​នៅ​តំបន់ West Bank ដោយ​ប្រធានាធិបតី​អាមេរិក​ក្នុងពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល​អាច​កើតឡើង​ដែរ​។​

​បន្ទាប់ពី​ចាកចេញ​ពី​អ៊ីស្រាអែល លោក ដូ​ណា​ល់ ត្រាំ នឹង​បន្តដំណើរ​ទៅកាន់​បុរី​វ៉ា​ទី​កង់ ហើយ​លោក​ជួយ​សំណេះសំណាល​ជាមួយ​សម្តេច ប៉ាប​ហ្វ្រ​ង់​ស៊ី​ស នៅ​ថ្ងៃ ២៤ ឧសភា​។  ក្រៅពីនេះ​លោក​នឹង​ជួប​មេដឹកនាំ​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ និង​បន្ត​ចូលរួម​វេទិកា​មេដឹកនាំ​ក្រុម​ប្រទេស ៧​ថែមទៀត​។ វត្តមាន​លោក​នៅក្នុង​កិច្ចប្រជុំ​ណា​តូ មាន​សារៈសំខាន់​និង​ជា​សារ​មួយ​ច្បាស់លាស់​បញ្ជាក់ប្រាប់​មេដឹកនាំ​សមាជិក​ណា​តូ​ថា អាមេរិក​មិន​ចាត់ទុក​ណា​តូ​ជា​អង្គការ​ហួស​សម័យ​ដូច​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​លើកឡើង​ទៀតហើយ​៕



Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ​
  Mahmoud Abbas
© រក្សាសិទ្ធិដោយ thmeythmey.com