អន្តរជាតិ
ស្នេហ៍​មិន​សាបសូន្យ​៖ រៀបការ​ជាមួយគ្នា​៧១​ឆ្នាំ ហើយ​ស្លាប់​ខុសគ្នា​តែ​៤​នាទី
07, May 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
 
 
​លោកតា Wilf Russell អាយុ​៩៣​ឆ្នាំ និង​លោកយាយ Vera Russell អាយុ​៩១​ឆ្នាំ បានទទួល​មរណភាព​នៅ​ថ្ងៃ​តែមួយ ដោយ​ខុសគ្នា​តែ​៤​នាទី​ប៉ុណ្ណោះ ខណៈ​ពួកគាត់​ស្ថិតនៅ​ទីតាំង​ផ្សេងគ្នា​។ គូ​ស្វាមី​អង់គ្លេស​មួយគូ​នេះ បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​១៩៤៥ ពោល​គឺមាន​រយៈពេល​៧១​ឆ្នាំ​។​
 
​ប្រវត្តិ​ស្នេហ៍​ដ៏​អស្ចារ្យ​របស់​លោកតា Wilf Russell និង​លោកយាយ Vera បានធ្វើ​ឲ្យ​បណ្តាញ​ព័ត៌មាន​ជាច្រើន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ កាលពី​ថ្ងៃទី​២៩ ខែមីនា កន្លងមក លោកតា Wilf បានទទួល​មរណភាព​ក្នុង​អាយុ​៩៣​ឆ្នាំ នៅ​មណ្ឌល​ចាស់ជរា​មួយ​ក្នុង​ក្រុង Leicester នា​វេលា​ម៉ោង ៦ និង​៥០​នាទី​ព្រឹក​។ មិនយូរប៉ុន្មាន លោកយាយ Vera ដែលជា​ភរិយា បានទទួល​មរណភាព​ក្នុង​អាយុ​៩១​ឆ្នាំ នា​វេលា​ម៉ោង ៦ និង​៥៤​នាទី​ព្រឹក នៅ​មន្ទីរពេទ្យ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពីគ្នា​។​
 
​យោងតាម​ការផ្សាយ​រប​ស់ Telegraph លោក Wilf Russell ជា​អតីតយុទ្ធជន​សម័យ​ស​ង្គ្រា​ម​លោក​លើក​ទី​ពីរ ដែល​ធ្លាប់​បម្រើការ​នៅ​អ៊ីតាលី និង​អាមេរិក​ខាងជើង ជាមួយ​កងទ័ព​ជើង​អាកាស​អាមេរិក​។ គាត់​ត្រូវបាន​មជ្ឈមណ្ឌល​ចាស់ជរា Magna Care Home នៅ​តំបន់ Wigston ក្រោយ​ចាប់ផ្តើម​កើត​ជំងឺ​វង្វេង​កាលពី​ឆ្នាំមុន​។​
 
 
​គ្រួសារ​សាច់ញាតិ​បាន​អះអាងថា ស្ថានភាព​សុខភាព​លោកយាយ Vera ក៏បាន​ចុះ​ដុនដាប​ផងដែរ បន្ទាប់ពី​គាត់​បាន​ទៅ​សួរ​សុខ​ស្វាមី ហើយ​ស្វាមី​ដែល​រៀបការ​ជាមួយគ្នា​៧១​ឆ្នាំ មើល​គាត់​ពុំ​ស្គាល់​។ លោកយាយ Vera ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ខែមករា ដោយ​គាត់​បានទទួល​មរណភាព​ដោយ​មិនដឹងថា ស្វាមី​បាន​ទៅមុន​ខ្លួន​៤​នាទី​មុន​នោះឡើយ​។​
 
​បើតាម Telegraph ពួកគាត់​បាន​ស្រឡាញ់គ្នា​កាលពី​អំឡុង​អាយុ​១៨​ឆ្នាំ និង​១៦​ឆ្នាំ មុននឹង​ឈានដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​១៩៤៥ ។ អ្នកស្រី Stephanie Welch អាយុ​៤៤​ឆ្នាំ ដែលជា​ចៅស្រី បាន​រៀបរាប់ថា ជីដូន​ជីតា​របស់ខ្លួន​ស្រឡាញ់គ្នា​ខ្លាំងណាស់ រហូតដល់​ពួកគាត់​ធ្លាក់ខ្លួន​ឈឺ​រៀងៗ​ខ្លួន​។​
 
​អ្នកស្រី​បានបញ្ជាក់​ថា ស្ថានភាព​ជំងឺ​របស់​ដី​ដូន បាន​ដុនដាប បន្ទាប់ពី​គាត់​ស្រងាកចិត្ត​ដែល​ស្វាមី​គាត់​មើល​គាត់​មិន​ស្គាល់​។ នៅក្នុង​មន្ទីរពេទ្យ ពេល​បើកភ្នែក​ម្តងៗ លោកយាយ Vera តែងតែ​ដង្ហោយ​រក​ស្វាមី​ជានិច្ច​។ ពេលនេះ ពួកគាត់​បាន​ទៅ​ជួបគ្នា​នៅ​ឋានសួគ៌​ហើយ​៕



Tag:
 ស្នេហា
© រក្សាសិទ្ធិដោយ thmeythmey.com