អន្តរជាតិ
ស៊ី ជីន​ភីង ជជែក​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជាមួយ​ប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង​
11, May 2017 , 2:08 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ីន ជីន​ភីង បាន​ទូរ​សព្ទ​ដោយផ្ទាល់​ទៅកាន់​សម​ភាគី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន (Moon Jae-in) ដែល​ទើប​ចូលកាន់​តំណែង​។ ក្រៅពី​ការ​សាទរ​លោក មូ​ន ចេ​អ៊ី​ន ដែ​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង ប្រធានាធិបតី​ចិន និង​ដៃគូ​ពិភាក្សា​ថ្មី​របស់ខ្លួន ក៏បាន​ជជែក​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែលជា​បញ្ហា​ក្ដៅ និង​បាន​សន្យា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ប្រសើរ ដែរ​។​


​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​ប្រធានបទ​ក្ដៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រវាង​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង និង​ប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១១ ខែឧសភា​។ មេដឹកនាំ​ប្រទេស​ក្បែរ​ខាង​ទាំង​២ បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ ក៏ដូចជា​ទំនាក់ទំនង​ទ្វេភាគី​ដែល​កំពុង​ជូរចត់​នា​រយៈពេល​ចុងក្រោយ​ផងដែរ​។ នេះ​ជា​លើក​ទី​១ ដែល​មេដឹកនាំ​ចិន​ទូរ​សព្ទ​ទៅកាន់​មេដឹកនាំ​កូរ៉េខាងត្បូង ដើម្បី​អបអរ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​។​

​បើតាម​ទូរទស្សន៍​រដ្ឋ​ចិន ប្រធានាធិបតី ស៊ី ជីន​ភីង ក៏បាន​ប្រាប់​ជំហរ​របស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​តាមផ្លូវ​ចរចា ព្រោះ​វា​ជា​ផ្លូវ​ដែល​គ្រប់គ្នា​ចង់បាន​។ លោក ស៊ី ជីន​ភីង ក៏បាន​ប្រាប់​សម​ភាគី​កូរ៉េខាងត្បូង​ដែរ​ថា ចិន​នៅតែ​ចង់​ឲ្យ​ឧបទ្វីប​កូរ៉េ​ក្លាយជា​តំបន់​គ្មាន​នុយក្លេអ៊ែរ​ដដែល ហើយ​ចិន​មាន​ឆ​ន្ទះ​ក្នុងការ​ពួតដៃគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត រួមទាំង​កូរ៉េខាងត្បូង​ផង ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​។​

​បន្ថែម​ពីលើ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​បញ្ហា​រួមគ្នា​នោះ ចិន និង​កូរ៉េខាងត្បូង ក៏មាន​បញ្ហា​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD ដែរ​។ តាំងពីដើម​មក ចិន មិន​ពេញចិត្ត​ឡើយ​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ហើយ​តែង​ប្រាប់​ឲ្យ​កូរ៉េខាងត្បូង និង​អាមេរិក​បញ្ឈប់​ការពង្រាយ​ទៀតផង​។ ក្នុងការ​សន្ទនា​ជាមួយ​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​ចិន​និយាយ​បែប​បញ្ឆិតបញ្ឆៀង​បញ្ហា​នេះ​ថា ចិន និង​កូរ៉េខាងត្បូង គួរ​ដោះស្រាយ​ជម្លោះ​ដែល​កើតឡើង​ឲ្យ​បាន​សមស្រប​។

​ក្រៅពី​បញ្ហា​កូរ៉េខាងជើង មេដឹកនាំ​ទាំង​២ ក៏​ឆ្លៀត​លើកឡើង​បញ្ហា​ទ្វេភាគី​មួយចំនួន និង​បានបង្ហាញ​បំណង​ជួបគ្នា​ឆាប់ៗ​ទៀតផង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​កូរ៉េខាងត្បូង​និយាយថា ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង បាន​អញ្ជើញលោក មូ​ន ចេ​អ៊ី​ន ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ចិន ខណៈ​លោក មូ​ន វិញ ក៏​ចង់​ជួប​លោក ស៊ី នៅពេល​ខ្លី​ខាងមុខ​ដែរ សំដៅ​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​ទៅមុខ​។

​ចិន ទំនងជា​សប្បាយចិត្ត​ខ្លាំង​ពេល​ឃើញ​លោក មូ​ន ចេ​អ៊ី​ន ឈ្នះឆ្នោត​។ ម្យ៉ាង​ក៏​ព្រោះ​ប្រធានាធិបតី​ថ្មី​រូបនេះ មាន​ជំហរ​ទន់ភ្លន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ ដល់​ថ្នាក់​ចង់ទៅ​កូរ៉េខាងជើង​ដើម្បី​ដោះស្រាយ​បញ្ហា​ទៅទៀត​។ ម្យ៉ាងទៀត​ក៏ដោយ​សារ​ប្រធានាធិបតី​សេរីនិយម​នេះ ក៏មាន​ជំហរ​ចង់​ចរចា​ឡើងវិញ​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD ដែល​ចិន​មិន​ចូលចិត្ត​ផង​។ ទំនង​ដោយសារ​ហេតុផល​នេះ បានជា​ចិន​ប្រឹង​រូតរះ​មក​ចាប់ដៃ​កូរ៉េខាងត្បូង​ដើម្បី​រក​ច្រកចេញ​នោះ​៕    


Tag:
 ចិន​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  ស៊ី ជីន​ភីង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com