អន្តរជាតិ
បែលហ្ស៊ិក​៖ នាវា​ដែល​អាច​បើក​បាន​លើគោក​មានតម្លៃ​ប្រមាណ​១២​ម៉ឺន​ដុល្លារ​
11, May 2017 , 8:19 pm        
រូបភាព
ដោយ: ធីតា
Tringa ជានា​វា​មួយ​ដែល​អាច​បើកបរ​លើដី​ដូចជា​រថយន្ត​។ លោក Guirec Daniel ដែលជា​អ្នក​ច្នៃប្រឌិត ទើប​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចរាចរណ៍​យានយន្ត​ថ្មី​នេះ​នៅលើ​ផ្លូវថ្នល់ ហើយ​វា​ក៏​ជាការ​បើកផ្លូវ​ឲ្យ​ពង្រីក​ការផលិត​របស់ខ្លួន​ផងដែរ​។​


​ចំណាយពេល​អស់​ប្រមាណ​៦​ឆ្នាំ ទើប​លោក Guirec Daniel បានធ្វើ​ឲ្យ​សុបិន​របស់ខ្លួន​ក្លាយជា​ការពិត​។ វិស្វករ​ដែលមាន​កំណើត​ពី​តំបន់ Perros-Guirec, Cotes-d’Armor ប្រទេស​បែលហ្ស៊ិក​នេះ ទើប​បង្ហាញ​ស្នាដៃ​ខ្លួន​។ នាវា​ដែល​លោក​ដាក់ឈ្មោះថា Tringa ស្តែង​ឲ្យ​ឃើញ​នូវ​ការវិវត្ត​ថ្មី​មួយទៀត ដោយ​វា​អាច​បើក​លើគោក​បាន​ដូច​រថយន្ត​។​



​សម្រាប់​ស្នាដៃ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មី​នេះ ក្រុមហ៊ុន TRINGABOAT របស់លោក Guirec Daniel ត្រូវ​ដំណើរការ​ដោយ​អូសបន្លាយ​បន្ថែមទៀត ពីព្រោះ​វា​ត្រូវតម្រូវ​ឲ្យ​មាន​បទដ្ឋាន​ត្រឹមត្រូវ ទាំង​ទៅតាម​ច្បាប់​ច​រា​រណ៍​ផ្លូវគោក ទាំង​ចរាចរណ៍​ផ្លូវទឹក​។



«​យើង​ពិតជា​រីករាយ​ដែល​ទទួលបាន​ភ្លើង​ខៀវ​ពី​ក្រុមប្រឹក្សារដ្ឋ រដ្ឋបាល​ក្រុង​ប្រ៊ុ​ច​សែ​ល និង​ការចុះហត្ថលេខា​របស់​នា​យក​រដ្ឋមន្ត្រី​»​។ នេះ​ជាការ​លើកឡើង​របស់លោក Daniel ដោយបាន​អះអាង​បន្ថែមថា យានយន្ត​ប្រភេទ​ថ្មី​មួយ​នេះ ទទួលបាន​សិទ្ធិ​ធ្វើ​ចរាចរណ៍​សាកល្បង​តាំងពី​ថ្ងៃទី​១០ ខែមីនា មកម្ល៉េះ​។​





​យោងតាម​ការផ្សាយ​រប​ស់ Bateaux.com នាវា​រថយន្ត Tringa នឹង​ដាក់លក់​ក្នុងតម្លៃ​ជិត​១២​ម៉ឺន​ដុល្លារ​អាមេរិក​។ នៅលើ​ផ្លូវ វា​អាច​រត់​បាន​ចម្ងាយ​ប្រមាណ​១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕


Tag:
 នាវា​
  បែលហ្ស៊ិក​
  បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com