អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោស​ការវាយប្រហា​រលើ​កងទ័ព​មួក​ខៀវ​នៅ​អាហ្វ្រិក​កណ្ដាល​
11, May 2017 , 8:39 pm        
រូបភាព
​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១០ ខែឧសភា បាន​ចេញមក​ថ្កោលទោស​ការវាយប្រហារ​លើ​ក្បួន​រថយន្ត​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​បណ្ដាល​ឲ្យ​កងទ័ព​មួក​ខៀវ​ចំនួន​៤​នាក់​បាត់​បង់ជីវិត និង​១​នាក់​ទៀត​រងរបួស​។ ក្រៅពី​ការ​ថ្កោលទោស សមាជិក​ទាំង​១៥​ប្រទេស ក៏បាន​រំ​ឮ​ក​ដែរ​ថា សកម្មភាព​បែបនេះ អាច​ត្រូវបាន​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​។​


​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាសន្តិសុខ​លើកឡើងថា សមាជិក​ក្រុមប្រឹក្សា​ទាំងអស់ មានការ​សោកស្ដាយ​យ៉ាងខ្លាំង និង​សូម​ចូលរួម​មរណទុក្ខ​ចំពោះ​គ្រួសារ​ជនរងគ្រោះ ក៏ដូចជា​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ពី​ការវាយប្រហារ​លើ​ក្បួន​រថយន្ត​របស់​កងទ័ព​មួក​ខៀវ​ប្រចាំ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។ ក្រុមប្រឹក្សាសន្តិសុខ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​បន្ត​ស្វែងរក​ទាហាន​ដែល​បាន​បាត់​ខ្លួន​ផងដែរ​។​

​ក្នុង​ហេតុការណ៍​វាយប្រហារ​លើ​ក្បួន​រថយន្ត​របស់​បេសកកម្ម​អង្គការសហប្រជាជាតិ Minusca នៅឯ​ភូមិ Yogofongo ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ក្រុង Bangassou កាលពី​ថ្ងៃទី​៨ ខែឧសភា កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៤​នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស ខណៈ​កងទ័ព​មួក​ខៀវ​មកពី​ម៉ា​រ៉ុ​ក​ចំនួន​៩​នាក់​របួស និង​ម្នាក់​បាត់​ខ្លួន​។  

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល សមាជិក​ទាំង​១៥​ប្រទេស ក៏​ថ្កោលទោស​ការវាយប្រហារ​ណា​មួយ​លើ​បេសកកម្ម Minusca ពី​សំណាក់​កម្លាំងប្រដាប់អាវុធ​ណាក៏ដោយ​។ ក្រុមប្រឹក្សាសន្តិសុខ​ក៏​រំ​ឮ​ក​ដែរ​ថា ការ​ប្រហារ​លើ​ទាហាន​រក្សា​សន្តិភាព អាច​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បានបញ្ជាក់​ម្ដងទៀត​ពី​កា​ត្វ​កិច្ច​របស់​គ្រប់ភាគី​ទាំងអស់​ក្រោម​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ ក្រុមប្រឹក្សាសន្តិសុខ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​អាហ្វ្រិក​កណ្ដាល បើក​ការស៊ើបអង្កេត​លើ​ករណី​នេះដែរ​។

​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ​ផ្លូវការ MINUSCA លោក Peter Thomson  ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ ក៏បាន​ទៅដល់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ដែរ​នៅ​ថ្ងៃទី​១០ ខែឧសភា ដើម្បី​សួរសុខទុក្ខ​ជនរងគ្រោះ​។ ទស្សនកិច្ច​នេះ ក៏មាន​គោលបំណង​បង្ហាញ​ពី​ជំហរ​ដ៏​រឹងមាំ​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​គាំទ្រ​អាជ្ញាធរ និង​ពលរដ្ឋ​អាហ្វ្រិក​កណ្តាល រួមទាំង​កងកម្លាំង​ក​ង​ទ័ព​មួក​ខៀវ​ដែល​រង​ការវាយប្រហារ​ពី​សំណាក់​ពួក​ឧទ្ទាម​៕
 

Tag:
 UN
  MINUSCA
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com