អន្តរជាតិ
ក្រោយ​គ្រូៗ​ប្តឹង​ថា កូន​ពូកែ​ឡូឡា ឪពុក​ទៅ​អង្គុយ​ក្នុង​ថ្នាក់​ដើម្បី​តាមដាន​កូន​ខ្លួន​
12, May 2017 , 8:19 am        
រូបភាព
ដោយ: ធីតា
​ឪពុក​របស់​សិស្ស​កម្រិត​វិទ្យាល័យ​ម្នាក់ បាន​ចំណាយពេល​អង្គុយ​ក្នុង​ថ្នាក់រៀន​ជាមួយ​កូន ដើម្បី​ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាប់ ជៀសវាង​ការនិយាយ​ច្រើន​ឥតប្រយោជន៍​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន BuzzFeed News​។​


​សិស្ស​ឈ្មោះ Bradley Howard អាយុ​១៧​ឆ្នាំ ដែល​រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ត្រូវបាន​ខាង​សាលា​រាយការណ៍​ទៅ​អាណាព្យាបាល​ថា រូបគេ​ជា​សិស្ស​ដែល​ចូលចិត្ត​និយាយ​ឡូឡា​ច្រើន​នៅ​ម៉ោង​សិក្សា​ថ្នាក់​រូបវិទ្យា​។ ឪពុក Bradley បាន​រៀបរាប់ថា​៖ «​ខ្ញុំ​សម្រេចចិត្ត​ទៅ​អង្គុយ​ជាមួយ Bradley នៅក្នុង​ថ្នាក់រៀន ដោយសារតែ​គេ​ចូលចិត្ត​បង្កបញ្ហា​នៅក្នុង​ថ្នាក់ ជាពិសេស​និយាយ​ច្រើន​»​។​



​ឪពុក​ម្នាក់នេះ បាន​អះអាងថា បណ្តឹង​ជាច្រើន​ពី​សំណាក់​គ្រូបង្រៀន ត្រូវបាន​ផ្ញើ​ទៅដល់​ផ្ទះ​របស់លោក  ដោយ​គ្រូ​ទាំងនោះ ពោល​គ្រូ​ដែល​បង្រៀន​ម៉ោង​រូបវិទ្យា សុទ្ធតែ​ត្អូញត្អែរ​ទាក់ទង​នឹង​អាកប្បកិរិយា​មិនល្អ​របស់ Bradley​។ លោក​រៀបរាប់​ប្រាប់ BuzzFeed News ថា​៖ «​ខ្ញុំ​ពិតជា​មានការ​ពិបាក​ដែល​អង្គុយ​ក្នុង​ថ្នាក់រៀន​ជាមួយ​ក្មេងៗ​ជំទង់​។ ខ្ញុំ​មិនដែល​បាន​ត្រៀមខ្លួន​សម្រាប់​ស្ថានភាព​បែបនេះ​ឡើយ​»​។​
 
​លោក​បាន​អះអាងថា មិត្តភក្តិ​មួយចំនួន សង្កេតឃើញថា Bradley ហាក់ដូចជា​មានការ​ប្រែ​ច្រើន បើទោះបីជា​រូបគេ​មានការ​តប់​ប្រ​ម៉​ល់​ជាមួយនឹង​វត្តមាន​របស់​ឪពុក​ក៏ដោយ​។ សម្រាប់​បុរស​ដែលជា​ឪពុក នេះ​ជា​លើកដំបូង និង​ជា​លើកចុងក្រោយ​ផងដែរ ហើយ​លោក​សង្ឃឹមថា កូនប្រុស​ខ្លួន​នឹង​ក្លាយជា​សិស្ស​ល្អ​៕


Tag:
 ​ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com