អន្តរជាតិ
ក្រុម​ប្រទេស ៧ ដាក់​សម្ពាធ​ឲ្យ ត្រាំ គិតគូរ​ដោះស្រាយ​រឿង​ប្រែប្រួល​អាកាសធាតុ​
12, May 2017 , 9:26 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស ៧​នៅ​ប្រទេស​អ៊ីតាលី​ចុងខែ​ឧសភា​ខាងមុខ​។ លោក​នឹង​ប្រឈម​ការដាក់​សម្ពាធ​ពី​បណ្តា​ប្រទេស​៦​ផ្សេងទៀត​ពាក់ព័ន្ធ​ការបន្ត​គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។ បច្ចុប្បន្ននេះ ត្រាំ កំពុង​ពិចារណា​សិន​ថា លោក​គួរ​នាំ​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ឬ​អត់​។​


​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ មិន​ជឿជាក់ថា ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​ពិត​ឡើយ ឬ​ប្រហែលជា​លោក​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ហើយ​ជាមួយ​ម្ចាស់​រោងចក្រ​ឧស្សាហកម្ម​ធំៗ​ទើបបានជា​លោក​យល់ឃើញ​បែបនេះ​។

​មុន​ជាប់ឆ្នោត​លោក​សន្យា​ឈប់​គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ប៉ុន្តែ​បច្ចុប្បន្ន​លោក​កំពុង​ពិចារណា​សិន​ថា​តើ​លោក​ត្រូវ​បញ្ចប់​សមាជិកភាព​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​ឬ​អត់​។ បើ​យោ​តាម​សារព័ត៌មាន AFP លោក ត្រាំ​ពន្យារពេល​សម្រេចចិត្ត​ពាក់ព័ន្ធ​បញ្ហា​នេះ​សិន​ទោះបីជា​លោក​ត្រូវ​សម្រេចចិត្ត​សប្តាហ៍​នេះ​ក៏ដោយ​។​

​ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​លោក ត្រាំ ព្រោះ​លោក​នឹងត្រូវ​ប្រឈម​សម្ពាធ​ពី​បណ្តា​ក្រុម​ប្រទេស​៧ ពាក់ព័ន្ធ​បញ្ហា​នេះ​។ នា​កិច្ចប្រជុំ​នៅ​ចុងខែ​ឧសភា​ខាងមុខ​នៅ​អ៊ីតាលី វា​ច្បាស់​ណាស់​ថា មេដឹកនាំ​រដ្ឋ​សមាជិក ៦​ផ្សេងទៀត​នឹង​លើកយក​បញ្ហា​នេះ​ដាក់​លើ​តុ និង​ទទូច​ឲ្យ​លោក ត្រាំ បន្ត​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សកល​នេះ​។​

​ដោយឡែក អ្នកនាំពាក្យ​សេត​វិមាន​លោក Sean Spicer បាន​លើកឡើងថា ពន្យារពេល​សម្រេចចិត្ត​នេះ​រហូតដល់​ពេលដែល​លោក​ត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​វិញ​។ វា​ជា​យុទ្ធសាស្ត្រ​មួយ​ដែរ​ក្នុងការ​ទុកពេល​វេលា​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​សិន​ទម្រាំ​លោក​សម្រេចចិត្ត​ចុងក្រោយ​ដើម្បី​រក្សា​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​សហរដ្ឋអាមេរិក​។​

​ពាក់ព័ន្ធ​ការពន្យារពេល​នេះដែរ វា​នឹង​អាច​ផ្តល់ឱកាស​ឲ្យ​ក្រុម​ប្រទេស ៧ ដែល​សុទ្ធសឹងតែ​ជា​រដ្ឋ​គាំទ្រ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ជួប​ជជែក​ពិភាក្សា​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ផ្ទាល់មាត់​។ ពួក​ប្រទេស​មហាអំណាច​សមាជិក​ក្រុម​ប្រទេស​៧​នេះ​គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ ដោយ​ពួកគេ​មាន​គោលដៅ​ជំរុញ​ការឈប់​ប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ទៅប្រើ​ប្រាស់​ថាមពល​កកើត​ឡើងវិញ ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។​

​មន្ត្រី​បារាំង​ម្នាក់​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បាន​លើកឡើងថា​៖«​ការសម្រេចចិត្ត​ពន្យារពេល​ដោយ​សេត​វិមាន​នេះ​ជា​ឱកាស​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទាំងអស់​ឲ្យ​បាន​ស៊ីជម្រៅ​។ វេទិកា​កិច្ចប្រជុំ​ប្រទេស ៧​ជា​កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ការពិភាក្សា​នេះ​ព្រោះ​វា​ជា​វេទិកា​មិន​ផ្លូវ​ការដែល​គេ​អាច​និយាយ​ពី​បញ្ហា​ធំៗ​របស់​ពិភពលោក​បាន​ច្រើន ហើយ​ការពិភាក្សា​នេះ​ជា​រឿង​អាទិភាព​»​។​

​តាមពិតទៅ សូម្បីតែ​ប្រធានាធិបតី​បារាំង​ទើប​ជាប់ឆ្នោត​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក៏បាន​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រួចរាល់​ហើយ​ថា បារាំង​មិន​បោះបង់​ការប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឡើយ​។ បារាំង​ស្វាគមន៍​និង​បើ​ទ្វារ​ទទួល​រាល់​អ្នកវិទ្យាសាស្ត្រ​និង​អ្នកជំនាញ​អាមេរិក​ដែល​ជឿជាក់​លើ​បញ្ហា​ប្រឈម​នៃ​ការប្រែប្រួល​អាកាសធាតុ​និង​ចង់​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ផងដែរ​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com