អន្តរជាតិ
ទាហាន​មួក​ខៀវ​ម៉ា​រ៉ុ​ក​ដែល​បាត់​ខ្លួន បាន​ស្លាប់​ហើយ​
12, May 2017 , 10:25 am        
រូបភាព
​ទាហាន​រក្សា​សន្តិភាព​របស់​ម៉ា​រ៉ុ​ក​ដែល​បាន​បាត់​ខ្លួន អំឡុងពេល​វាយឆ្មក់​លើ​ក្បួន​រថយន្ត​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ត្រូវបាន​រកឃើញថា​ស្លាប់​ហើយ​។ នេះ មានន័យថា​ចំនួន​កងទ័ព​មួក​ខៀវ​ដែល​បាត់​បង់ជីវិត​ក្នុងការ​ហេតុការណ៍​វាយឆ្មក់​កើនឡើង​ដល់​៥​នាក់​ហើយ ខណៈ​ចំនួន​អ្នករងគ្រោះ​មាន​ចំនួន​១០​នាក់​។​


​យោងតាម AFP អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ Stephane Dujarric បាន​និយាយថា សាកសព​ទាហាន​មួក​ខៀវ​ម៉ា​រ៉ុ​ក ដែល​បាន​បាត់​ខ្លួន ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​១១ ខែឧសភា​។ ទាហាន​ម៉ា​រ៉ុ​ក​ដែល​ស្លាប់​នេះ គឺជា​ទាហាន​បេសកកម្ម​រក្សា​សន្តិភាព Minusca ទី​៥ ដែល​បាន​ពលីការ​វាយឆ្មក់ អំឡុងពេល​បំពេញការងារ​របស់ខ្លួន​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។​

​ក្រុម​ឧទ្ទាម​គ្រិស្តសាសនា anti-Balaka គឺជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​មកលើ​ក្បួន​រថយន្ត​របស់​កងរ​ក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​៨ ខែឧសភា​។ ទាហាន​មួក​ខៀវ​កម្ពុជា​ម្នាក់ បាន​ស្លាប់​ភា្ល​មៗ​ក្នុងការ​បាញ់​តដៃ​គ្នា ខណៈ​ទាហាន​កម្ពុជា និង​ម៉ា​រ៉ុ​ក​ផ្សេងទៀត​បាន​រងរបួស និង​បាត់​ខ្លួន​។ ក្រោយមក ទាហាន​កម្ពុជា​៣​នាក់​ដែល​បាត់​ខ្លួន ក៏ត្រូវ​រកឃើញថា​បាន​ស្លាប់​នៅក្បែរ​កន្លែង​ប៉ះទង្គិច ហើយ​ពេលនេះ សាកសព​ទាហាន​ម៉ា​រ៉ុ​ក​ដែល​បាត់​ខ្លួន​ជាមួយគ្នានេះ ទើប​រកឃើញ​ដែរ​។​

​មន្ត្រី​អង្គការសហប្រជាជាតិ និយាយថា សាកសព​ទាហាន​កម្ពុជា​ទាំង​៤ មាន​លក្ខណៈ​ដាច់ដោច​ខ្លាំង ដែល​ពិបាក​កំណត់​អត្តសញ្ញាណ​ណាស់​។ ជាមួយគ្នានេះ ប្រធាន​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ Jean-Pierre Lacroix នឹង​ទៅកាន់​រដ្ឋធានី Bangui ដើម្បី​ចូលរួម​កម្មវិធី​មរណទុក្ខ​របស់​ទាហាន​ទាំង​៥ និង​ជួប​បណ្ដា​មេដឹកនាំ​ប្រទេស​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ដែរ​។​

​ដោយឡែក ម៉ា​រ៉ុ​ក​ក៏​ប្រកាស​ដែរ​ថា សាកសព​កងទ័ព​រប​ស់​ខ្លួន​ដែល​ទើប​រកឃើញ​នេះ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​វិញ​ហើយ ខណៈដែល​ទាហាន​របួស​ម្នាក់ កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​៕ 


Tag:
 UN
  ម៉ា​រ៉ុ​ក​
  កងទ័ព​មួក​ខៀវ​
  Minusca
© រក្សាសិទ្ធិដោយ thmeythmey.com