អន្តរជាតិ
ក្រុមហ៊ុន​មួយ​នៅ​ចិន​ផ្តល់ប្រាក់​១៤​ដុល្លារ​ក្នុង​១​គីឡូក្រាម​ដល់​រាល់​បុគ្គលិក​ដែល​សម្រក​ទម្ងន់​
14, May 2017 , 9:59 am        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​មួយ​នៅ​ចិន បាន​បង្កើត​កម្មវិធី​លើកទឹកចិត្ត​បុគ្គលិក​របស់ខ្លួន​ដែល​បញ្ចុះទម្ងន់​។ តាម​គោលការណ៍ រាល់​បុគ្គលិក​ដែល​អាច​បញ្ចុះទម្ងន់​ចាប់ពី​៣​គីឡូក្រាម ពួកគេ​នឹង​ទទួលបាន​ប្រាក់រង្វាន់​១០០​យន់ [​ប្រមាណ​១៤​ដុល្លារ​អាមេរិក​] ។ តាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ចិន CNWest ប្រាក់​លើកទឹកចិត្ត​នេះ គិត​តាម​ចំនួន​គីឡូ ដែល​ស្រក​ចុះ​។​


​ចាប់ផ្តើម​ពី​ខែមីនា​មក ក្រុមហ៊ុន Xian Jingtian Investment Consulting ដែល​ស្ថិតនៅ​ខេត្ត Shaanxi ប្រទេស​ចិន បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​ប្រចាំខែ​សម្រាប់​បុគ្គលិក​របស់ខ្លួន ដែល​ចង់​បញ្ចុះទម្ងន់ និង​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​។ លោក Wang Xuebao ប្រធាន​ក្រុមហ៊ុន បាន​លើកឡើងថា បុគ្គលិក​របស់លោក​ភាគច្រើន​អង្គុយ​ក្នុង​ការិយាល័យ ដោយ​មិនសូវ​ចល័ត​នោះឡើយ វា​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ពួកគេ​លើស​ទម្ងន់​។​



​លោក Wang ដែល​ខ្លួន​លោក​ផ្ទាល់​លើស​ទម្ងន់​ដែល​ពិបាក​សម្រក​នោះ បាន​អះអាងថា ការបង្កើត​កម្មវិធី​ប្រកួតប្រជែង​សម្រក​ទម្ងន់​នេះ គឺ​ដើម្បី​ជួយ​ដល់​បុគ្គលិក ជាពិសេស​ឲ្យ​ពួកគេ​យកចិត្តទុកដាក់​លើ​សុខភាព​។ ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​រូបនេះ ទទួលស្គាល់ថា ខ្លួន​លោក​ប្រហែលជា​មិនអាច​សម្រក​ទម្ងន់​ទៅតាម​លក្ខន្តិកៈ​ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​ពី​ក្រុមហ៊ុន​នោះឡើយ​។​

​នាង Zhou Wei ដែលជា​បុគ្គលិក​ម្នាក់​បានបញ្ជាក់​ប្រាប់ CNWest ថា បុគ្គលិក​ជាង​ពាក់កណ្តាល​សុទ្ធតែ​អាច​ទទួលបាន​ប្រាក់រង្វាន់​ពី​ក្រុមហ៊ុន​សម្រាប់​ការបញ្ចុះ​ទម្ងន់​។ ដោយ​មិនបាន​បញ្ជាក់​ពី​ទម្ងន់​ពិតប្រាកដ​របស់ខ្លួន Zhou បាន​អះអាងថា នា​រយៈពេល​២​ខែ​ចុង​ក្រោយនេះ នាង​ទទួលបាន​រង្វាន់​២០០០​យន់ [​ប្រហែល​២៩០​ដុល្លារ​អាមេរិក​] ហើយ​សម្រាប់​ការ​សម្រក​ទម្ងន់​រហូត​ដល់​ទៅ​២០​គីឡូក្រាម​។​



​ការបង្កើត​កម្មវិធី​ប្រកួតប្រជែង​នេះ នាំ​ឲ្យ Zhou Wei និង​បុគ្គលិក​ផ្សេងទៀត ផ្លាស់ប្តូរ​ទម្លាប់​បរិភោគ​ប្រចាំថ្ងៃ​របស់ខ្លួន ហើយ​ពង្រឹង​ការហាត់​ប្រាណ​។ Zhou បាន​រៀបរាប់ថា​៖ «​ថ្ងៃនេះ ខ្ញុំ​ញ៉ាំ​ផ្សិត និង​ពង​ទា​ចៀន​។ ពីមុន ខ្ញុំ​ពិត​ចូលចិត្ត​ញាំ​សាច់​ណាស់ ពោលគឺ​រៀងរាល់ថ្ងៃ​តែម្តង​»៕


Tag:
 ចិន​
  សម្រក​ទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com