អន្តរជាតិ
កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ទៀត ធ្វើ​ឲ្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី​ក្រពុលមុខ​ខ្លាំង​
14, May 2017 , 11:02 am        
រូបភាព
​ថ្ងៃអាទិត្យ​នេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​ជាថ្មីទៀត ដើម្បី​ផ្គើន​សហគមន៍​អន្តរជាតិ​ជាពិសេស​អាមេរិក​ដែល​ទាមទារ​ឲ្យ​មានការ​បន្ថែម​ទណ្ឌកម្ម​ប្រឆាំង​ខ្លួន​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ក៏​នឹង​ក្លាយជា​វិញ្ញ​សារ​ថ្មី​សម្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែលមាន​ជំហរ​ទន់ភ្លន់​ជាមួយ​កូរ៉េខាងជើង​ស្បថ​ចូលកាន់​តំណែង​ប៉ុន្មាន​ថ្ងៃមុន​ដែរ​។ ប្រធានាធិបតី​ថ្មី​ទំនងជា​ក្រពុលមុខ និង​សោកស្តាយ​ខ្លាំង​ដែរ​ចំពោះ​ឥរិយាបថ​កូរ៉េខាងជើង​នេះ​។​


​កុំ​ឲ្យ​ស្ងៀមស្ងាត់​យូរ ក្រុង​ព្យុងយ៉ាង​បានសម្រេច​បាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មីទៀត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ១៤ ខែឧសភា​នេះ ។ ការបាញ់​មី​ស៊ី​ល​ជាថ្មី​នេះ​កើតឡើង​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​អំពាវនាវ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​របប​ដឹកនាំ​ឯកោ​មួយ​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​ការចរចា​និង​បញ្ឈប់​សកម្មភាព​បង្ករឿង​ផង​។​

 យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​សម្តី​មន្ត្រី​កូរ៉េខាងត្បូង មី​ស៊ី​ល​នេះ​បាញ់​ចេញពី​ទីក្រុង Kusong ហើយ​វា​ហោះ​បាន​ចម្ងាយ ៦៩០ គីឡូម៉ែត្រ មុនពេល​ធ្លាក់​ចូលក្នុង​សមុទ្រ​កូរ៉េខាងជើង​និង​សមុទ្រ​ជប៉ុន​។​ប​ច្ចុ​ប្ប​នេះ​របាយការណ៍​ពាក់ព័ន្ធ​ការបាញ់​សាកល្បង​នេះ​ស្ថិតនៅក្រោម​ការវិភាគរ​បស់​កូរ៉េខាងត្បូង​នៅឡើយ ហើយ​គេ​ព្យាយាម​កំណត់​ប្រភេទ​មី​ស៊ី​ល​ដែល​ត្រូវបាន​បាញ់​នេះ​។​

​មុន​បាញ់​សាកល្បង​អាវុធ​នេះ សេត​វិមាន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អំពាវនាវ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​ប្រឆាំង​កូរ៉េខាងជើង ហើយក៏​ភ្ជាប់​រឿងនេះ​ជាមួយ​រុស្ស៊ី​ផង​។ អាមេរិក​លើកឡើងថា ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ប៉ះពាល់​រុស្ស៊ី​ជាង​ប៉ះពាល់​ជប៉ុន​ផង ហើយ​អាមេរិក​ដាក់​ចម្ងល់​ថា ហេតុអ្វី​រុស្ស៊ី​នៅតែ​មិន​ខ្វាយខ្វល់​ទៀត​។​

​តាមពិតទៅ នេះ​ជាការ​បាញ់​សាកល្បង​មី​ស៊ី​ល​លើកដំបូង បន្ទាប់ពី​ការបាញ់​ចុងក្រោយ​ថ្ងៃ ២៩ មេសា​កន្លងទៅ ដោយ​បរាជ័យ ព្រោះ​មី​ស៊ី​ល​នោះ​ផ្ទុះ​ភ្លាម​ក្រោយ​បាញ់​ចេញ​។  ដូច្នេះហើយ​បានជា​មានការ​ទទូច​សុំ​ជា​បន្តបន្ទាប់​ឲ្យ​មានការ​ពង្រឹង​ការអនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​និង​ដាក់​សម្ពាធ​កូរ៉េខាងជើង​ឲ្យ​កាន់តែខ្លាំង​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​នេះ​បញ្ឈប់​ការបាញ់​សាកល្បង​អាវុធ​ទៀត​។​

​ស្របពេល​ដែលមាន​ចលនា​ទាមទារ​ឲ្យ​ដាក់ទណ្ឌកម្ម​បន្ថែម បេសកជន​ពិសេស​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ចេញមុខ​ប្រាប់​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ ទាំងឡាយ​គិត​ម្ដងទៀត​លើ​ការដាក់ទណ្ឌកម្ម​ខ្លួន​។ តំណាង​កូរ៉េខាងជើង ថែមទាំង​ចោទថា អាមេរិក​បាន​បង្ខំ​ប្រទេស​ដទៃទៀត​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​ខ្លួន ដោយ​គំរាម​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ទាំងនោះ បើ​ពួកគេ​មិន​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ទេនោះ​។​

​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ធ្វើ​ឲ្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី​ក្រពុលមុខ​

​គេ​មិន​ភ្លេច​ឡើយ​ថា កូរ៉េខាងជើង​ប្រហែល​ជាមាន​ចេតនា​ផ្សេងទៀត ក្រៅពី​ផ្គើន​សហគមន៍​អន្តរជាតិ​ដោយ​បាញ់​មី​ស៊ី​ល​ជាថ្មី​។ គោលដៅ​របស់​របប​ក្រុង​ព្យុងយ៉ាង​ប្រហែលជា​ប្រធានាធិបតី​ដែលមាន​និ​ន្ន​ការ​ទន់ភ្លន់​ចង់​ចរចា​ជាមួយ​កូរ៉េខាងជើង ដែល​ទើប​ស្បថ​ចូលកាន់​តំណែង​ប៉ុន្មាន​ថ្ងៃមុន​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ។​

​លោក មូ​ន ចេ​អ៊ី​ន ជាប់ឆ្នោត​ថ្ងៃ ៩ ឧសភា ហើយ​លោក​បាន​ស្បថ​ចូលកាន់​តំណែង​ភ្លាមៗ​នៅ​ថ្ងៃ ១០ មួយថ្ងៃ​បន្ទាប់​។ លោក​ជឿជាក់​លើ​នយោបាយ​ការទូត ហើយ​លោក​ចង់​ប្រើ​ភាពទន់ភ្លន់​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ផង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ នៅ​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង លោក​បង្ហាញ​បំណង​ចង់ទៅ​កូរ៉េខាងជើង​ដើម្បី​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ថែម​ទៀតផង បើ​ចាំបាច់​។​

​ក្រោយ​ការបាញ់​សាកល្បង​មី​ស៊ី​ល ប្រធានាធិបតី​ថ្មី​រូបនេះ​បាប​ញ្ជា​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​ក្នុងចំណោម​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់ ហើយ​លោក​បាន​ថ្កោលទោស​ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ផង​។ លោក​បញ្ជាក់​ច្បាស់​ថា វា​ជាការ​រំលោភ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ ហើយ​លោក​ក៏​បញ្ជា​ឲ្យ​រាល់​យោធា​កូរ៉េខាងត្បូង​ត្រៀម​ប្រុង​ជើងការ​ទប់ទល់​រាល់​ការគំរាមកំហែង​នានា​ដែរ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​លោក មូ​ន ចេ​អ៊ី​ន បាន​លើកឡើងថា លោក​សោកស្តាយ​ខ្លាំង​ចំពោះ​សកម្មភាព​នេះ ព្រោះ​លោក​ទើបតែ​អំពាវនាវ​ឲ្យ​មានការ​ចាប់ផ្តើម​សន្ទនា​ឡើងវិញ​ជាមួយ​កូរ៉េខាងជើង​។​

«​យើង​រក្សា​ទ្វារ​ចំហរ​សម្រាប់​ការសន្ទនា​គ្នា​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​យើង​ត្រូវ​ប្រឆាំង​រាល់​សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង​យ៉ាង​ដាច់​ណាត់​បំផុត​។ យើង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញថា ការសន្ទនា​អាច​កើតឡើង​បាន​ដរាបណា​កូរ៉េខាងជើង​ប្តូរ​ឥរិយាបថ​របស់ខ្លួន​»​។​

​ក្រៅពីនេះ​លោក​ក៏បាន​ជំរុញ​ឲ្យ​ទាហាន​របស់ខ្លួន​ប្រញាប់​ព​ន្លឿ​ន​ការងារ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​មី​សីល​ក្នុងស្រុក​របស់ខ្លួន​ដែល​អាច​ការពារ​មី​ស៊ី​ល​បាលី​ស្ទិ​កបាន​ផងដែរ​៕


Tag:
 កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com