អន្តរជាតិ
Mourinho៖ កំហុស​រដូវ​កាល​នេះ ជា​មេរៀន​សម្រាប់​ជោគជ័យ​នៅ​រដូវ​កាល​ក្រោយ​
22, May 2017 , 5:45 pm        
រូបភាព
​លោក Jose Mourinho ជឿជាក់ថា​លោក​នឹងមិន​ធ្វើឱ្យមាន​កំហុស​នៅក្នុង​រដូវ​កាល​ទី​ពីរ​របស់លោក​នៅ Manchester United ទៀតឡើយ ពីព្រោះ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​យល់ច្បាស់​ពី​កូនក្រុម​របស់លោក បន្ទាប់ពី​ឡើងកាន់តំណែង​អស់​រយៈពេល​មួយ​រដូវ​កាល​មក​។​


​ក្រោម​ការដឹកនាំ​ក្នុង​រដូវ​កាល​ដំបូង​របស់ Mourinho ក្រុម​បិសាច​ក្រហម Manchester United អាចមាន​ឱកាស​ច្រើន​ដើម្បី​ឈ្នះ​ពាន​ពីរ ប្រសិនបើ​អាច​ផ្តួល​ក្រុម Ajax ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Europa League បាន​បន្ទាប់ពី​ឈ្នះ​ពាន EFL Cup មួយ​រួចទៅហើយ​កាលពី​ពាក់កណ្តាល​រដូវ​កាល​។​

​បើទោះបីជា Man Utd បញ្ចប់​ទៅក្នុង​ចំណាត់​ទី​៦​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​នេះ​ក៏ដោយ ប៉ុន្តែ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​វ័យ​៥៤​ឆ្នាំនេះ នៅមាន​ឱកាស​ចុងក្រោយ​មួយទៀត​ដើម្បី​បាន​កៅអី​លេង UEFA Champion League រដូវ​កាល​ក្រោយ ដោយ​គ្រាន់តែ​ឈ្នះ​ពាន Europa League ឲ្យ​បាន​នា​ការប្រកួត​ក្នុង​រាត្រី​ថ្ងៃ​ពុធ​ស​ប្តា​ហិ៍​នេះ​។​

 Mourinho បាន​បញ្ជាក់ថា រដូវ​កាល​ដំបូង​សម្រាប់​ក្រុម​ថ្មី​គឺ​តែងតែមាន​ការលំបាក​អ៊ីចឹង​ហើយ ប៉ុន្តែ​ក្នុង​រដូវ​កាល​ក្រោយ ២០១៧-២០១៨ នឹងធ្វើ​ឲ្យ​បានល្អ​ជាង​នេះ ព្រោះ​បាន​សិក្សា​ពី​កូនក្រុម​អស់​រយៈពេល​១​ឆ្នាំ​រួចមក​។​

«​ខ្ញុំ​បាន​ព្យាយាម​ដើម្បី​វិភាគ​ពី​ដំណើរការ​របស់​ក្រុម Man Utd មុន​ពេលដែល​ខ្ញុំ​មកដល់​ទីនេះ ប៉ុន្តែ​អ្នក​គ្រាន់តែ​ដឹង​តិចតួច​ពី​ផ្ទៃក្នុង​របស់​ក្លិប​នេះ​ប៉ុ​ណ្ណោះ»​។  Mourinho បាន​ប្រាប់ Omnisport ដូច្នេះ​។ 

​អតីត​អ្នកចាត់ការ​ក្រុម Chelsea រូបនេះ​បន្ថែមទៀតថា​៖«​រដូវ​កាល​ដំបូង​គឺ​ពិតជា​មានការ​លំបាក​ណា​ស់​។ ខ្ញុំ​រីករាយ​នឹង​ការដឹកនាំ​នា​រដូវ​កាល​ទី​ពីរ​បន្ទាប់​ទៀត ហើយ​ខ្ញុំ​ជឿជាក់ថា​នឹងមិន​ធ្វើ​ឲ្យ​មាន​កំហុស​ដូច​រដូវ​កាល​ចាស់​ទៀត​នោះទេ​»៕


Tag:
 បាល់ទាត់​
  Jose Mourinho
  Europa League
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com