អន្តរជាតិ
សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP ប្តេជ្ញា​បន្ត​ដើរ​ដោយ​គ្មាន​អាមេរិក តែ​ទុក​ទ្វារ​ចំហរ​ក្រែង​អាមេរិក​ត្រឡប់មកវិញ​
22, May 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ចុង​សប្តាហ៍​នេះ បណ្តា​ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែល​នៅសល់​ទាំង ១១ យក​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​វៀតណាម​ដើម្បី​ជជែក​ពិភាក្សា​ថា​គួរ​បន្ត​កិច្ចព្រមព្រៀង​នេះ​ទៅមុខ​ដោយ​របៀប​ណា​ដោយ​គ្មាន​អាមេរិក​។ ប្រទេស​ទាំងនោះ​នៅតែ​ប្តេជ្ញាចិត្ត​រិះរក​វិធី​សា​សស្ត្រ​នានា​ដែល​អាច​ឲ្យ​គេ​អាច​បន្ត​កិច្ចព្រមព្រៀង​នេះ ស្រប​ពេលដែល​ផ្លូវ​ដើរ​នៅតែ​លំបាក និង​មិនសូវ​ច្បាស់លាស់​នោះ​។ អ្វីដែល​សំខាន់​សមាជិក​នៅសល់​ទាំង​១១ នៅតែមាន​ឆន្ទៈ​រក្សាទុក​ទ្វារ​បើកចំហរ​ទទួលយក​អាមេរិក​វិញ​ដែរ ក្នុងករណី​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ​នេះ​ចង់​ត្រឡប់មកវិញ​។​


​ក្រោយ​ស្បថ​ចូលកាន់​តំណែង​ចុងខែ​មករា លោក ដូ​ណា​ល់ ត្រាំ ចេញ​ក្រឹត្យ​បញ្ចប់​សមាជិកភាព​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែលជា​មរតក​បន្សល់ទុក​ពី​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​អនុវត្តតាម​គោលនយោបាយ​«​ដ​ម្ក​ល់​ប្រយោជន៍​អាមេរិក​ជាធំ​»​របស់លោក​នោះ​។ ការចាកចេញ​របស់​អា​មេ​រិ​ក​ដែលជា​សមាជិក​ស្នូល​នោះ ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តង់ដា​មាស​ដែល​មិនទាន់​ចេញ​ជា​រូបរាង​នេះ​ស្លាប់​ទៅវិញ​។ ប៉ុន្តែ​សមាជិក​នៅសល់​មិន​ចង់​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ស្លាប់ទៅ​បែបនេះ​ឡើយ ដ្បិត​គេ​ប្រឹងប្រែង​និង​ចំណាយ​ពេលវេលា​ច្រើនណាស់​ដើម្បី​ចរចា​បង្កើត​វា​ឡើងមក​។​

​ដូច្នេះហើយ តំណាង​ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​បាន​ជួបជុំគ្នា​ជាថ្មី​ម្តងទៀត​នៅក្នុង​ទឹកដី​វៀតណាម​ក្រោម​ក្របខណ្ឌ​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ដើម្បី​ជជែក​ពិភាក្សា​រិះរក​វិធី​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នេះ​ឲ្យ​រស់​ឡើងវិញ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ជប៉ុន និង​បណ្តា​តំណាង​ឲ្យ​ប្រទេស​សមាជិក TPP  បាន​ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ​ដើម្បី​រក្សា​កិច្ចព្រមព្រៀង​នេះ ទោះ​គ្មាន​សហរដ្ឋអាមេរិក​ចូលរួម​ក៏ដោយ​។

​កាលពី​ខែមីនា​តំណាង​ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​នេះ ក៏បាន​ជួប​ពិភាក្សាគ្នា​ម្តង​ដែរ នៅក្នុង​ទីក្រុង Vina del Mar នៅ​ប្រទេស​ស៊ី​លី ។ កាល​នោះគេ​ឃើញ​មាន​វត្តមាន មន្ត្រីជាន់ខ្ពស់​ដែលជា​តំណាង​ប្រទេស​១២ នៃ​កិច្ចព្រមព្រៀង​នេះ រួម​ជាម​ន្ត្រី​ចិន​, កូ​ឡុំ​ប៊ី និង​កូរ៉េខាងត្បូង​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​កិច្ចពិភាក្សា​នា​ក្រុង​ហាណូយ​នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ណូ​វែ​ល​សេ​ឡង់ លោក Todd McClay បាន​លើកឡើងថា ការជួបពិភាក្សាគ្នា​នេះ​គឺ​ផ្តោត​សំខាន់​លើ​ការ​ស្វែ​រក​វិធានការ​អាច​ធានា​ឲ្យ​ប្រទេស​ទាំង ១១ ដែល​នៅ​ជា​សមាជិក​អាច​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​បាន​។ គេ​មិនដឹង​ច្បាស់​ថា សមាជិក​នឹងត្រូវ​បន្ត​កិច្ចព្រមព្រៀង​នេះ​ដោយ​របៀប​ណា​ច្បាស់លាស់​ទេ ប៉ុន្តែ​រដ្ឋមន្ត្រី​ណូ​វែ​ល​សេ​ឡង់​ខាងលើ​បាន​បញ្ជាក់ថា គេ​នឹង​ចំណាយពេល​សិក្សា​ពី​លទ្ធភាព​បន្ថែម​និង​ជួបគ្នា​ជាថ្មី​នៅ​ជប៉ុន​នៅ​ខែកក្កដា​ខាងមុខ​។ ដល់​ខែវិច្ឆិកា សមាជិក​ទាំងអស់​នឹង​សម្រេច​ឲ្យ​បាន​នូវ​សំណើរ​មួយ​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​នេះ អាច​ស្រប​ពេលដែល​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​រៀបចំឡើង​នៅ​ប្រទេស​វៀតណាម​ផង​។​

១.​សង្គ្រោះ​ជីវិត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP នៅ​ជួប​ឧបសគ្គ​ធំ​

​ថ្វីបើ​រដ្ឋ​សេសសល់​មាន​ឆន្ទៈ​ចង់​ឈានទៅ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ដោយ​គ្មាន​អាមេរិក​ក៏ដោយ គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ច្រើនណាស់​។​បញ្ហា​ទីមួយ វា​ចាំបាច់​ត្រូវមាន​ការចរចា​គ្នា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​។ នេះ​ក៏ដោយ​សារ តាម​បទបញ្ញត្តិ វា​តម្រូវ​ឲ្យ​សមាជិក​ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប​យ៉ាងហោចណាស់​ស្មើ ៨៥​ភាគរយ​នៃ​ផលិតផល​ក្នុង​សរុប​នៃ​សមាជិក​កិច្ចព្រមព្រៀង​ទាំងមូល​នោះ ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​។ ដូច្នេះហើយ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​នៅពេលដែល​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះនោះ​។​

​បញ្ហា​មួយទៀត គឺ​ប្រទេស​សមាជិក​ទាំងអស់​នៅតែ​រារែក​និង​ខ្វះ​ការប្តេជ្ញាចិត្ត​បន្ត​សង្គ្រោះ​ជី​វិ​កិច្ចព្រមព្រៀង​នេះ​។ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នេះ​មាន​សមាជិក​ដូចជា ម៉ាឡេស៊ី​,​វៀតណាម​, សិង្ហ​បុរី​, ព្រុយ​ណេ​, អូស្ត្រាលី​, ណូ​វែ​ល​សេ​ឡង់​, ស៊ី​លី​, ម៉ិ​ក​ស៊ិ​ក​, កាណាដា​,​ជប៉ុន និង ប៉េ​រូ​។ ក្នុងចំណោម​សមាជិក​ទាំង ១១ នេះ គេ​ឃើញ​ប្រទេស​ពីរ​ដូចជា វៀតណាម និង​ម៉ាឡេស៊ី ដែល​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដោយ​សន្យា​អនុវត្ត​គោលនយោបាយ​កែទម្រង់​ទ្រង់ទ្រាយ​ស៊ីជម្រៅ ដើម្បី​ធ្វើយ៉ាងណា​អាច​ចូល​ទីផ្សារ​អាមេរិក​បាន​ស្រួល​ជាង​មុន​។ ប៉ុន្តែ​នៅពេលនេះ វា​លែងមាន​អាមេរិក​ទៀតហើយ ហើយ​វា​ក៏​បញ្ជាក់បាន​ថា ប្រទេស​ទាំងពីរ​នេះ​មិនសូវមាន​ឆន្ទៈ​ដើរទៅ​មុខជា​ប្រទេស​ផ្សេង​ទៀតឡើយ​។ ណាមួយ​ប្រទេស​ទាំងនេះ​ហាក់ដូចជា​ងាក​ទៅ​ផ្តោត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RECEP) ដែល​ប្រទេស​ក្នុង​តំបន់​ប្រឹង​ជំរុញ​ឲ្យ​ចេញ​ជា​រូបរាង​ឆាប់ៗ​ផងដែរ​។​

២. ទ្វារ​បើកចំហរ រង់ចាំ​អាមេរិក​ត្រឡប់​វិញ​

​ក្នុង​កិច្ចប្រជុំ​ក្រុង​ហាណូយ​ចុង​សប្តាហ៍​នេះដែរ សមាជិក​កិច្ចព្រមព្រៀង​នេះ​នៅ​លួច​សង្ឃឹមថា អាមេរិក​អាច​នឹង​ងាក​មក​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​វិញ​។ ដូច្នេះហើយ​ទ្វារ​នៅ​បើកចំហរ​ជានិច្ច​ដើម្បី​ចាំ​ទទួល​អាមេរិក​នៅពេល​ណាមួយ​ខាងមុខ​។​

​ប៉ុន្តែ វា​ជា​សុបិន​ច្រើនជាង​ការពិត​។ មន្ត្រី​តំណាង​ពាណិជ្ជ​អាមេរិក​ថ្មី​លោក Robert Lighthizer ដែលមាន​វត្តមាន​ក្នុង​វេទិកា APEC ដែរ​នោះបាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គ្មាន​ផ្លូវ​ដែល​អាមេរិក​ត្រូវ​ងាក​មក​ចូលរួម​កិច្ចព្រមព្រៀង​ពាណិជ្ជកិច្ច​នេះឡើយ​។ តំណាង​ជាន់ខ្ពស់​អាមេរិក​ដែល​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម រូបនេះ​បាន​អះអាងថា ដើម្បី​សម្រេចបាន​ពាណិជ្ជកម្ម​សេរី វា​ចាំបាច់​ត្រូវមាន​ចំណាត់ការ​ដោះស្រាយ​ការប្រើប្រាស់​វិធានការ​ពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ​ដែល​កន្លង​មកវា​ធ្វើ​អាមេរិក​ប្រឈម​ឱនភាព​ពាណិជ្ជកម្ម​រហូត​។ ប៉ុន្តែ​លោក​បាន​បង្ហើប​ថា អាមេរិក​នឹង​ព្យាយាម​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ច្រើន​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​នៅពេល​ខាងមុខ​ដែរ​។

«​ខ្ញុំ​រង់ចាំ​ធ្វើ​ការងារ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង​នៅក្នុង​តំបន់​ដើម្បី​ពង្រីក​ទីផ្សា​នាំចេញ​របស់​អាមេរិក​និង​ដោះស្រាយ​បញ្ហា​ប្រឈម​មាន​ទាំង​ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​មិន​ស្មោះត្រង់​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Robert Lighthizer​។

​ក្នុង​វេទិកា​ពិភាក្សា​នេះដែរ តំណាង​ក្រុង​វ៉ាស៊ីនតោន​ខាងលើ​បាន​ព្យាយាម​បកស្រាយ​ពី​គោលជំហរ​របស់​អាមេរិក​ក្នុងការ​បង្កើត​កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជកម្ម​សេរី ហើយ​លោក​បាន​ព្យាយាម​ពន្យល់ថា អាមេរិក​មិនមែន​កំពុង​អនុវត្ត​គោលនយោបាយ​គាំពារ​និយម​ដូច​គេ​ចោទប្រកាន់​ឡើយ​។ ហើយ​ដោយសារ​ពាក្យ «​គាំពារ​និយម​» នេះហើយ​បានធ្វើ​ឲ្យ​សមាជិក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ចេញ​សេចក្តីថ្លែងការណ៍​រួម​មិនបាន​។

​លោក Robert Lighthizer បាន​ពន្យល់ថា វា​មានការ​ភាន់ច្រឡំ​ច្រើន​ជុំវិញ​ការប្រើប្រាស់​ពាក្យ គាំពារ​និយម​នេះ ហើយ​គេ​មិនអាច​វែកញែក​ឲ្យ​ដាច់ស្រឡះ​នៅឡើយ​រវាង​វិធាន​ការដែល​ជួយ​គាំទ្រ​ពាណិជ្ជកម្ម​សេរី និង​គោលនយោបាយ​គាំពារ​និយម​ពាណិជ្ជកម្ម​។ លោក​បាន​បន្ថែម​ដូច្នេះ​ថា​៖« អ្វីដែល​យើង​ចង់បាន​គឺ​ពាណិជ្ជកម្ម​សេរី​។ យើង​ចង់បាន​ពាណិជ្ជកម្ម​ដែល​ត្រឹមត្រូវ និង​ស្មោះត្រង់​។ យើង​ចង់បាន​ប្រព័ន្ធ​មួយ​ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​ពង្រីក​ទីផ្សារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទូទាំង​ពិភពលោក​ផង​»​។



Tag:
 TPP
  APEC
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com