អន្តរជាតិ
​បារាំង​៖ សិស្សសាលា​ប៉ូលិស​ម្នា​ក់រង​ពិន័យ​ដោយសារ​ផ្សាយ​វីដេអូ​មួយ​របស់​ក្រុម ISIS
24, May 2017 , 8:39 am        
រូបភាព
ដោយ: ធីតា
​សិស្ស​ម្នាក់​ដែល​រៀន​នៅ​សាលា​ប៉ូលិស​ក្នុង​ទីក្រុង Nimes ប្រទេស​បារាំង ត្រូវបាន​ព្យួរ​ការសិក្សា បន្ទាប់ពី​រូបគេ​បាន​ផ្សព្វផ្សាយ​វីដេអូ​មួយ​របស់​ក្រុម​ភេ​វរ​កម្ម ISIS នៅក្នុង​សាលា​របស់ខ្លួន​។ ក្រោយ​ការឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ នាយក​សាលា​បាន​អះអាងថា សិស្ស​រូបនោះ មិនមាន​ការជាប់​ពាក់ព័ន្ធ​អ្វី​នោះឡើយ​ជាមួយ​ក្រុម​ភេរវជន​។​


​សាលា​ហ្វឹកហ្វឺន​ប៉ូលិស​នៅ​ទីក្រុង Nimes ប្រទេស​បារាំង បានសម្រេច​ព្យួរ​សិស្ស​ម្នាក់​ពី​ការសិក្សា និង​ដាក់​ក្រោម​ការត្រួតពិនិត្យ​របស់​ក្រុមប្រឹក្សាវិន័យ​នៅ​ទីក្រុង​ប៉ារីស យ៉ាងហោចណាស់​រយៈពេល​១​ខែ​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​តំបន់ France Bleu Gard Lozere សិស្ស​រូបនោះ បាន​ផ្សព្វផ្សាយ​វីដេអូ​មួយ​របស់​ក្រុម​ភេរវកម្ម ISIS នៅក្នុង​សាលា កាលពី​ថ្ងៃទី​២០ ខែឧសភា កន្លងមក​។​

​សិស្ស​ប៉ូលិស​ដែលមាន​វ័យ​ប្រមាណ​៣០​ឆ្នាំ បាន​យក​វីដេអូ​នៅក្នុង​ទូរ​សព្ទ​ដៃ​របស់ខ្លួន​ទៅ​បង្ហាញ​មិត្ត​រួម​ថ្នាក់ និង​មិត្ត​រួម​សាលា​ហ្វឹកហ្វឺន​ទាំងមូល​។ ថ្នាក់ដឹកនាំ​សាលា​បានធ្វើការ​ហាមឃាត់ និង​សួរនាំ​ភ្លាមៗ មុននឹង​ឈានដល់​ការសម្រេចចិត្ត​ព្យួរ​ការសិក្សា​របស់​សិស្ស​នោះ​។​

​លោក Gil Andreau នាយក​សាលា​ប៉ូលិស Nimes បាន​អះអាងថា ក្រោយ​ការស៊ើបអង្កេត​រួមគ្នា​រវាង​ប៉ូលិស​ជំនាញ ប៉ូលិស​យុត្តិធម៌ និង​ថ្នាក់ដឹកនាំ​សាលា គេ​រក​មិនឃើញ​ទំនាក់ទំនង​ណាមួយ​ឡើយ​រវាង​សិស្ស​ដែលមាន​បញ្ហា ជាមួយ​បណ្តាញភេរវកម្ម​។​

​សាលា​រង់​ចាំមើល​ការសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ​ថា​តើ​សិស្ស​រូបនោះ អាច​រៀន​បន្តទៀត ឬ​យ៉ាងណា​។ បើតាម​លោក Gil Andreau នេះ​ជាការ​សម្រេច​ដ៏​លឿន​បំផុត​មួយ ហើយ​វា​ក៏​ជា​ឧទាហរណ៍​មួយ​ផងដែរ​សម្រាប់​សិស្ស​ដែល​អនុវត្ត​ច្បាប់ តែ​បែរជា​ចែកចាយ​វីដេអូ​ពី​សកម្មភាព​ព្រៃផ្សៃ​៕


Tag:
 សាលា​ប៉ូលិស​
© រក្សាសិទ្ធិដោយ thmeythmey.com