ជាតិ
ពីនេះ ពីនោះ
ពាក្យ​«​ស្រី​សន្ធរ​» មិនមែន​មកពី​ពាក្យ​«​ស្រី​ស​ឈរ​»​ទេ​!
28, May 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ស្រី​សន្ធរ​» មិនមែន​មកពី «​ស្រី​ស​ឈរ​»​ទេ គឺ​មកពី «​ស្រី​យ​សោធរ​» ដែលជា​ឈ្មោះ​រាជធានី​អង្គរ​ដ៏​ល្បីល្បាញ និង​ជា​ប្រពៃណី​របស់​ចក្រភព​កម្ពុ​ជ​ទេស​។ អ្នកគ្រូ​ពៅ​សោ​វរ​ស ពន្យល់​រឿងនេះ​ថា មកពី​ខ្មែរ​មិនចេះ​ហៅ​ពាក្យ បី​បួន​ព្យាង្គ ទើប​ហៅ​សង្កត់​យកតែ​ព្យាង្គ​ដើម​«​ស្រី​» និង​ចុង​«​ធរ​» ទុក​។​


ឈ្មោះ​នេះ ក្រោយមក​បន្សល់ទុក​នៅ​បួ​នទី​តាំងទី​១ ស្រុក​ស្រី​សន្ធរ​, ទី​២ ស្រុក​ស៊ីធរ​ពារាំង ដែល​នៅសល់​ត្រឹម​ឃុំ​ស៊ីធរ វត្ត​ស៊ីធរ​, ទី​៣ ស្រុក​ស៊ីធរ​កណ្តាល និង​ទី​៤ នៅ​ខេត្ត​ស្រី​យ​សោធរ នា​ភាគ​ឥសាន​ប្រទេស​ថៃ​សព្វថ្ងៃ​។​

តាម​ភស្តុតាង​ទាំងនេះ រាជធានី​ស្រី​យ​សោធរ​(​បុ​រៈ​)​នៅ​អង្គរ មាន​ជើង​ដើរ​តាម​មនុស្ស​ទៅ​ប្រតិ​ស្ថាន​នៅ​ទីតាំង​ថ្មី​ពីរ​កន្លែង​ផ្សេងគ្នា គឺ​នៅ​ខាងត្បូង និង​ខាងកើត​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា​សព្វថ្ងៃ និង​នៅ​ខាងជើង​ជួរ​ភ្នំ​ដងរែក​ក្នុង​ភាគ​ឥសាន​ថៃ​សព្វថ្ងៃ​។​

អ្នកខ្លះ​យល់ថា រាជធានី​ទួល​បា​សាន​ស្រី​សន្ធរ​នៅ​វត្ត​ព្រះ​ធាតុ​បារាយណ៍ តែ​ខ្ញុំ​ពិបាក​ជឿ​បាន ដោយសារ​ទីនោះ​គ្មាន​ស្ថាន​នាម​«​ទួល​បា​សាន​» ឬ «​ប៉ា​សាន​» ដែល​ចិន​បាន​កត់ត្រា​នៅ​ទសវត្សរ៍​១៣៧០​។ ផ្ទុយទៅវិញ នៅ​តំបន់​វត្ត​ស៊ីធរ ទើប​មាន​ទួល​បា​សាន ព្រមទាំង​អនុវិទ្យាល័យ​ទួល​បា​សាន​ផង​។ ហេតុនេះ​រាជធានី​ស្រី​សន្ធរ​ទួល​ប៉ា​សាន គួរតែ​តាំងនៅ​តំបន់​វត្ត​ស៊ីធរ ក្នុង​ឃុំ​ស៊ីធរ​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​សព្វថ្ងៃនេះ​។​

ទាំងនេះជាសេចក្តីពន្យល់របស់លោក​បណ្ឌិត វង់ សុធា​រ៉ា ប្រធានស្ដីទី​ដេ​ប៉ា​តឺ​ម៉​ង​ប្រវត្តិសាស្ត្រ នៃ​សកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ ដែលលោកបានសរសេរលើបណ្តាញសង្គមហ្វេសហប៊ុកកាលពី​ថ្ងៃទី​២៤ កក្ត​ដា ម្សិលមិញ​៕




© រក្សាសិទ្ធិដោយ thmeythmey.com