អន្តរជាតិ
ស្វ៊ី​ស​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​សម្របសម្រួល​វិបត្តិ​ឧបទ្វីប​កូរ៉េ​
05, Sep 2017 , 1:47 pm        
រូបភាព
ប្រធានាធិបតីស្វ៊ីស Doris Leuthard (រូបភាព Reuters)
ប្រធានាធិបតីស្វ៊ីស Doris Leuthard (រូបភាព Reuters)
​ប្រធានាធិបតី​ស្វ៊ី​ស លោកស្រី Doris Leuthard នៅ​ថ្ងៃទី​៤ ខែកញ្ញា បាន​និយាយថា ប្រទេស​លោកស្រី​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ដើរតួ​ជា​អ្នកសម្របសម្រួល​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​កំពុង​កើន​កម្ដៅ​ខ្លាំង​។ លោកស្រី​ប្រធានាធិបតី​និយាយទៀតថា ស្វ៊ី​ស​ជា​ប្រទេស​អព្យាក្រឹត​ដែល​គេឯង​ទទួលស្គាល់ ដូចនេះ​ស្វ៊ី​ស​អាចជា​កន្លែង​សក្តិសម​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដើម្បី​បញ្ចប់​បញ្ហា​រ៉ាំរ៉ៃ​មួយ​នេះ​។​


​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ពី​សំណាក់​កូរ៉េខាងជើង​នៅ​ចុង​សប្ដាហ៍​មុន ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ឡើងក​ម្ដៅ​ខ្លាំង​។ អាមេរិក​ព្រមាន​ចាត់​វិធានការណ៍​យោធា​ប្រឆាំង​កូរ៉េខាងជើង ព្រម​គ្នា​នឹង​ការ​រិះរក​ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​ដើម្បី​ដាក់បន្ទុក​លើ​កូរ៉េខាងជើង​។ ឯ​ការចរចា​វិញ​ហាក់​គ្មាន​ពន្លឺ​អ្វី​សោះ ដោយសារ​ភាគី​ទាំងសងខាង​សុទ្ធតែ​គ្មាន​ជំហរ​ជាក់លាក់​ក្នុងការ​ពិភាក្សា ទោះជា​មានការ​អំពាវនាវ​ឲ្យ​មានការ​ចរចា​ក្ដី​។ 

​ខណៈ​ស្ថានភាព​កាន់តែ​អាប់អួរ រដ្ឋ​អឺរ៉ុប​ស្វ៊ី​ស បានចេញ​មុខមក​ដើរតួ​ជា​អ្នកសម្របសម្រួល​រវាង​ភាគី​ជម្លោះ​ទាំងអស់ ដោយ​ប្រធានាធិបតី​ស្វ៊ី​ស Doris Leuthard ប្រកាសថា ស្វ៊ី​ស​អាច​ផ្ដល់​កន្លែង​សម្រាប់​ការចរចា​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​បាន​។ ក្នុង​សន្និសីទកាសែត​ថ្ងៃទី​៤ ខែកញ្ញា លោកស្រី Leuthard និយាយថា ស្វ៊ី​ស​ត្រៀមខ្លួន​ដើម្បី​សម្របសម្រួល​ជម្លោះ ព្រោះ​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត​តាំងពីដើម​មក តែ​មហាអំណាច​ធំៗ​ដូចជា​ចិន និង​អាមេរិក ក៏ត្រូវ​រួមចំណែក​ដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ប្រធានាធិបតី​ស្វ៊ី​សរូប​នេះ​ក៏​ឆ្លៀត​រិះគន់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដែល​សំដៅ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ប៉ុន្តែ​ប្រជាជន​ឯណោះ​ទេ​ដែលជា​អ្នករងគ្រោះ​នោះ​។ លោកស្រី Leuthard បន្ថែមថា ពេលវេលា​ចរចា​គួរតែ​មកដល់​ហើយ ហើយ​ស្វ៊ី​ស​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​រួមចំណែក​ក្នុង​កិច្ចការ​នេះ ទោះជា​អាមេរិក និង​ចិន​ជា​អ្នកមាន​ឥទ្ធិពល​លើ​បញ្ហា​នេះ​ក៏ដោយចុះ​។

​ជាការ​ពិត ស្វ៊ី​ស​ត្រូវបានគេទទួលស្គាល់​ជា​ប្រទេស​ដែលមាន​នយោបាយ​ការបរទេស​កណ្ដាល មិន​លម្អៀង​។ គឺ​ប្រទេស​ស្វ៊ី​ស​នេះហើយ​ដែល​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចំណាយពេល​កាលពី​កុមារ​ដើម្បី​ទទួល​ការអប់រំ​។ រដ្ឋ​អឺរ៉ុប​នេះ​ក៏​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង រហូត​ឈានដល់​ការសម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ក្នុង​ឆ្នាំ​១៩៩៤ ដែល​កូរ៉េខាងជើង​ផ្អាក​ការសាងសង់​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការផ្ដល់​រ៉េ​អា​ក់ទ័រ​ធុន​ស្រាល​វិញ​។​

​ក្រោយ​ការសាកល្បង​គ្រាប់បែក​ចុងក្រោយ​នេះ អាមេរិក​ចង់​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​កូរ៉េខាងជើង ខណៈដែល​ចិន និង​រុស្ស៊ី​នៅតែ​ស្នើ​ឲ្យ​មានការ​បញ្ចប់​បញ្ហា​ដោយ​សន្តិវិធី​។ អាមេរិក​អះអាង​ហើយ​ថា ខ្លួន​អស់​ការអត់ធ្មត់​នឹង​កូរ៉េខាងជើង ហើយ​ការចរចា​រយៈពេល​កន្លងមក​ក៏​មិនបាន​ហុច​ផល​អ្វី​ដែរ​។ ឯ​ចិន​វិញ ក៏​ប្រកាស​ដែរ​ថា ការចរចា​នៅតែ​ជា​រឿង​អាទិភាព ហើយ​ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​សង្គ្រាម​ក្បែរ​ខ្លួន​ទេ​៕


Tag:
 ស្វ៊ី​ស​
  កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com