អន្តរជាតិ
ប៉ូលិស​អា​ហ្ស​ង់​ទីន​បាញ់សម្លាប់​ព្រាប​១​ក្បាល​ដែល​នាំ​គ្រឿងញៀន​ចូល​ពន្ធនាគារ​
05, Sep 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​សត្វ​ព្រាប​មួយ​ក្បាល​ត្រូវបាន​បាញ់សម្លាប់​កាលពីពេល​ថ្មីៗ​កន្លងមកនេះ បន្ទាប់ពី​ប៉ូលិស​អា​ហ្ស​ង់​ទីន ពិនិត្យឃើញថា វា​បាន​នាំ​គ្រឿងញៀន​ចូលទៅក្នុង​ពន្ធនាគារ​មួយ​ក្នុង​ខេត្ត Pampa ចំ​កណ្តាល​នៃ​ប្រទេស​អា​ហ្ស​ង់​ទីន​។ នេះ​បើតាម​កា​រស​ផ្សាយ​របស់​សារព័ត៌មាន Clarin.com ។​


​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​មន្ទីរឃុំឃាំង Santa Rosa ក្នុង​ខេត្ត Pampa សត្វ​ព្រាប​ដែល​អ្នកកាសែត​អា​ហ្ស​ង់​ទីន​ដាក់ឈ្មោះថា «​ព្រាប​ថ្នាំញៀន​» (Narcopigeon) បាន​រង​ការបាញ់ប្រហារ​ពី​ប៉ូលិស រហូតដល់​ងាប់​។ របាយការណ៍​បាន​បង្ហាញថា ព្រាប​នោះ បាន​ហើរ​នាំយក​កញ្ឆា ៧.៥​ក្រាម ថ្នាំ Rivrotril និង Clonazepam ៤៤​គ្រាប់ រួមទាំង USB មួយ​។​

​ប៉ូលិស​ដែល​ប្រចាំការ​នៅ​ពន្ធនាគារ បាន​អះអាងថា ពួកគេ​ធ្វើការ​កត់សម្គាល់ បន្ទាប់ពី​ឃើញ​សត្វ​ហើរ​ឆ្លងកាត់​អគារ​អស់​ជាច្រើន​ថ្ងៃ​។ ឆ្លងកាត់​ការស៊ើបអង្កេត គេ​បាន​រកឃើញថា សត្វ​ព្រាប​នោះ ទទួលបាន​ការហ្វឹកហាត់​យ៉ាង​ត្រឹមត្រូវ ដោយ​វា​អាចធ្វើ​ដំណើរ​បាន​១៥​លើក​ក្នុង​១​ថ្ងៃ​។​

​ជាមួយគ្នានេះ ប៉ូលិស​បាន​រកឃើញ​អ្នកទោស​សង្ស័យ​៣​នាក់ ហើយ​ចាប់បាន​សត្វ​ព្រាប​១៥​ក្បាល​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការនាំយក​គ្រឿងញៀន​ចូល​ពន្ធនាគារ​។​

​ករណីបែបនេះ ធ្លាប់បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៣​ម្តង​រួចហើយ ដោយ​វា​ជាការ​រៀបចំ​របស់​ក្រុមជើងកាង​ដែល​ជាប់ពន្ធនាគារ​។ ព្រាប​នាំ​គ្រឿងញៀន​ចូល​ពន្ធនាគារ​ក៏​ធ្លាប់បាន​អនុវត្ត​នៅ​ក្រុង Buenos Aires និង​ពន្ធនាគារ​នៅក្នុង​ប្រទេស​គូ​វែ​ត​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com