អន្តរជាតិ
ក្រោយ​មាន​ជម្លោះព្រំដែន ស៊ី ប្រាប់ ម៉ូ​ឌី ថា ចិន​និង​ឥណ្ឌា​ត្រូវការ​ទំនាក់ទំនង​ល្អ​
05, Sep 2017 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​៥ ខែកញ្ញា បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ថា អ្នកជិតខាង​ទាំងពីរ​គួរតែ​ជ្រើសរើស​ទំនាក់ទំនង​ដែល​ល្អប្រសើរ ហើយ​ចិន​ត្រៀមខ្លួន​ដើម្បី​រឹតចំណង​មិត្តភាព​ជាជាង​ការប្រឈមមុខ​ខាង​យោធា​។ លោក ស៊ី ជិន​ភីង និយាយ​បែបនេះ ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន ដែល​ទើបបាន​ធូរស្រាល​ក្នុង​ខែសីហា បន្ទាប់ពី​មានការ​ចរចា​ច្រើនដង និង​ឈានដល់​ការដក​កងទ័ព​រៀងៗ​ខ្លួន​ពី​តំបន់​ជម្លោះ​នៅលើ​ជួរ​ភ្នំ​ហិមាល័យ​។


​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានទទួល​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នៅ ទីក្រុង Xiamen នៅក្រៅ​កិច្ចប្រជុំ​ប្រទេស BRICS ដែល​បញ្ចប់​នៅ​ថ្ងៃទី​៥ ខែកញ្ញា​។ គេ​រំពឹងថា ការជួបគ្នា​រវាង​មេដឹកនាំ​ចិន និង​ឥណ្ឌា នឹងធ្វើ​ឡើង​ដោយ​សោះកក្រោះ ព្រោះ​ទើប​មាន​ជម្លោះព្រំដែន​។ ផ្ទុយទៅវិញ លោក ស៊ី ជិន​ភីង និង​លោក ម៉ូ​ឌី បែរជា​បាន​ចាប់ដៃគ្នា​ដោយ​ទឹកមុខ​រីករាយ ដែលជា​សញ្ញា​បង្ហាញ​ពី​ការ​ត្រឡប់​ទៅរក​ភាពប្រក្រតី​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្នុងជំនួប​ទ្វេភាគី​ក្នុង​ទីក្រុង​នៅ​អាស៊ីអាគ្នេយ៍ លោក ស៊ី ជិន​ភីង បាន​ប្រា​ប់លោក ម៉ូ​ឌី ថា ទំនាក់ទំនង​ល្អប្រសើរ គឺជា​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ​។ ប្រធានាធិបតី​ចិន​រូបនេះ​បន្តថា ចិន​មាន​ឆន្ទៈ​ក្នុង​ការសហការ​ជាមួយ​ឥណ្ឌា​ដោយ​ផ្អែកលើ​គោលការណ៍​សន្តិ​សហ​វិជ្ជមាន​ទាំង​៥​ចំណុច សំដៅ​ជំរុញ​ការទុកចិត្ត​ផ្នែក​នយោបាយ ក៏ដូចជា​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ដើរ​លើផ្លូវ​ត្រូវ​ផងដែរ​។​

​ជម្លោះព្រំដែន​រវាង​ចិន និង​ឥណ្ឌា បាន​ឡើងក​ម្ដៅ​តាំងពី​ខែមិថុនា បន្ទាប់ពី​កងទ័ព​ឥណ្ឌា​ឆ្លង​ចូល​តំបន់ Donglam ដើម្បី​រារាំង​សកម្មភាព​សាងសង់​ផ្លូវ​របស់​យោធា​ចិន​លើ​ទឹកដី​ដែល​ចិន​អះអាងថា​ជា​របស់ខ្លួន​។ យោធា​ប្រទេស​ម​ហ​អំណាច​នុយ​ក្ល​អែ​រ៊​ទាំងពីរ​បាន​ប្រឈមមុខគ្នា​ពីរ​ខែ រហូតដល់​មានការ​ឆ្លើយឆ្លង​ពាក្យសម្ដី និង​ការ​ប្រទូស្ត​រាយ​រវាង​កងទ័ព និង​កងទ័ព​ទៅទៀត​។ ក្រោយ​មានការ​ចរចា​ចុះ​ឡើងមក ស្ថានការណ៍​ក៏បាន​ធូរស្រាល​វិញ​នៅ​សប្ដាហ៍​មុន ដោយ​ឥណ្ឌា​បាន​ដកទ័ព​របស់ខ្លួន​។​

​ការបញ្ចប់​ជម្លោះព្រំដែន ត្រូវគេ​មើលឃើញថា​ជា​បង្ក​បរិយាកាស​ល្អ​សម្រាប់​កិច្ចប្រជុំ BRICS ដែល​លោក ម៉ូ​ឌី ត្រូវមាន​វត្តមាន​ដែរនោះ ហើយ​ម្យ៉ាង​ក៏​ជាការ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ដូចគ្នា​ផង និង​ជា​អ្នកជិតខាង​ល្អ​ផង​។ ក្រោយ​ការដក​ទ័ព​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិចិន វ៉ាង យី និយាយថា ចិន​សង្ឃឹមថា​ឥណ្ឌា​នឹង​រៀប​សូត្រ​ពី​ហេតុការណ៍​នេះ និង​ចៀសវាង​បង្កបញ្ហា​របៀបនេះ​ម្ដងទៀត​នៅពេល​អនាគត​។  

​ចិន និង​ឥណ្ឌា មាន​ព្រំដែន​ជាមួយគ្នា​ប្រវែង​ច្រើន​ពាន់​គីឡូម៉ែត្រ ប៉ុន្តែ​ជា​ព្រំដែន​ពោរពេញ​ដោយ​ជម្លោះ ភាពមិន​ដាច់ស្រេច ហើយក៏​បណ្ដាល​ឲ្យ​មាន​ការមិនជឿ​ទុកចិត្ត​គ្នា​រវាង​មហាអំណាច​ទាំងពីរ​។ ការប៉ះទង្គិច​យោធា​តែង​កើតមាន​ជារឿយៗ ជាពិសេស​ក្នុង​ឆ្នាំ​១៩៦២ ដែល​ពេលនោះ​កងទ័ព​ឥណ្ឌា​បាន​បរាជ័យ​ធ្ងន់ធ្ងរ​។ ដោយឡែក​ការប្រឈមមុខ​ថ្មីៗ​នេះ គឺជា​វិបត្តិ​ស្រួចស្រាល់​បំផុត​ក្នុងពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​៕

Tag:
 ចិន​
  ឥណ្ឌា​
  ស៊ី ជិន​ភីង​
  នា​រិ​ន្ទ្រា ម៉ូ​ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com