អន្តរជាតិ
Malala ទទូច​ឲ្យ​លោកស្រី ស៊ូ​ជី ថ្កោលទោស​អំពើហិង្សា​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ី​យ៉ា​
05, Sep 2017 , 5:13 pm        
រូបភាព
ដោយ:
​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​វ័យក្មេង​ជាងគេ Malala Yousafzai បាន​ទទូច​ឲ្យ​ម​ដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព​ដូចគ្នា​នោះ ចូលរួម​ចេញ​ថ្លែងការណ៍​ថ្កោលទោស​ប្រឆាំង​ហិង្សា​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ។ Malala បាន​ផ្ញើ​សារ​ទៅកាន់​លោកស្រី ស៊ូ​ជី ថា ពិភពលោក កំពុងតែ​រង់ចាំ ការបង្ហាញ​ជំហរ​របស់លោក​ស្រី​លើ​វិបត្តិ រ៉ូ​ហ៊ីង​យ៉ា ។


​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន មី​យ៉ាន់​ម៉ា Irrawaddy នៅ​ថ្ងៃទី​០៤ កញ្ញា មកទល់ពេលនេះ មាន​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ប្រាំបួន​ម៉ឺន​នាក់​ហើយ បាន​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា ទៅកាន់​បង់​ក្លា​ដែ​ស ដោយសារតែ​ការប៉ះទង្គិច​គ្នា​ប្រដាប់អាវុធ​រវាង​កងក​ម្លាំ​ង​រដ្ឋាភិបាល​មី​យ៉ា់ន់​ម៉ា និង​ក្រុម​សកម្មប្រយុទ្ធ ។

​ស្ថាប័ន​អន្តរជាតិ ជាពិសេស​ពិសេស​អង្គការសិទ្ធិមនុស្ស បានចេញ​សេចក្តីថ្លែងការណ៍​ព្រួយបារម្ភ និង​ថ្កោលទោស​ហិង្សា​នេះ​ជា​បន្តបន្ទាប់ និង​ថែមទាំង​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ចាត់​វិធាន​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ និង​បញ្ឈប់​ហិង្សា ។​

​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​វ័យក្មេង​ជាងគេ ក៏បាន​ចូលរួម​ចេញ​សេចក្តី​ថ្លែង​ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ ។ Malala Yousafzai បាន​សរសេរ​នៅក្នុង​គណនី Twitter យ៉ាង​ដូច្នេះ​ថា​៖«​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខ្ញុំ តែងតែ​ថ្លែងការណ៍​ថ្កោលទោស​ម្តង​ហើយ​ម្តងទៀត​លើ​សោកនាដកម្ម និង​ការ​គាំពារ​ដ៏​គួរ​ឲ្យ​ខ្មាស​នេះ​(​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​)​។ ហើយ​ខ្ញុំ ក៏​តែងតែ​រង់ចាំ​សហជីវិនី ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព លោកស្រី អ៊ុង​សាន ស៊ូ​ជី ចូលរួម​ថ្កោលទោស​ផងដែរ ។ ពិភពលោក កំពុងតែ​រង់ចាំ ហើយ រ៉ូ​ហ៊ីង​យ៉ា ក៏​កំពុងតែ​រង់ចាំ ដូចគ្នា​ដែរ​» ។

​សូម​ជម្រាប​ផងដែរ​ថា Malala Yousafzai គឺជា​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​សម្រាប់​ឆ្នាំ​២០១៤ ។ Malala ដែល​បាន​ពានរង្វាន់​លើ​ការតស៊ូ និង​ទាមទារ​សិទ្ធិ​ដើម្បី​ការអប់រំ​កុមារ និង​ប្រឆាំង​ការ​រឹតត្បិត​កុមារ ប​ច្ចុ​ប្ប​ន្ម មាន​អាយុ ២០​ឆ្នាំ​ហើយ​។ រីឯ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បច្ចុប្បន្ន ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា បានទទួល​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​នៅ​ឆ្នាំ 1991 ។ លោកស្រី ស៊ូ​ជី គឺជា​និមិត្តរូប​នៃ​សិទ្ធិមនុស្ស និង​ការតស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ហិង្សា ៕


Tag:
 Rohingya
  មី​យ៉ា់ន់​ម៉ា​
  Malala Yousafzai
© រក្សាសិទ្ធិដោយ thmeythmey.com