អន្តរជាតិ
ពូ​ទីន​៖«​លី​ប៊ី និង​អ៊ីរ៉ាក់ ធ្វើ​ឲ្យ​កូរ៉េខាងជើង​គិតថា នុយក្លេអ៊ែរ​សំខាន់​សម្រាប់​សុវត្ថិភាព​ខ្លួន​»
05, Sep 2017 , 10:59 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជឿជាក់ថា ទោះ​ដាក់ទណ្ឌកម្ម​ធ្ងន់​យ៉ាងណាក៏ដោយ ក៏​មិនអាច​បង្ខម​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ​។ មេដឹកនាំ​រូបនេះ​ពន្យល់ថា បញ្ហា​នៅ​អ៊ីរ៉ាក់ និង​លី​ប៊ី​ជាហេតុ​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ជឿថា អាវុធ​នុយក្លេអ៊ែរ​វា​សំខាន់​សម្រាប់​សន្តិសុខរ​បស់​ខ្លួន​។


​ពី​ក្រុង​ប៉េកាំង នា​ថ្ងៃ​អង្គា​នេះ ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន បានផ្តល់​យោបល់​មួយចំនួន​ពាក់ព័ន្ធ​ភាព​តានតឹង​ដែល​កើតមានឡើង​នៅ​ឧបទ្វីប​កូរ៉េ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រៅ​កិច្ចប្រជុំ​ប្រទេស BRICS នៅ​ចិន​។ លោក​ផ្តល់យោបល់​ថា ទណ្ឌកម្ម ឬ​ការ​គំរាម​ដោយ​ប្រើ​កម្លាំង​គ្មាន​ប្រសិទ្ធិភាព​ក្នុងការ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​លះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ​។​

​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RT បាន​ស្រង់​សម្តី​មេដឹកនាំ​រុស្ស៊ី​រូបនេះ​ថា កូរ៉េខាងជើង​មើលឃើញ​អ្វីដែល​កើតឡើង​នៅ​អ៊ីរ៉ាក់ និង​លី​ប៊ី ជា​មេរៀន​មួយ​ដែល​តម្រូវ​ឲ្យ​ខ្លួន​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​សុវត្ថិភាព និង​សន្តិសុខ​ផ្ទាល់ខ្លួន​។ លោក ក៏​ព្រមាន​ផងដែរ​ពី​គ្រោះមហន្តរាយ​ដែល​អាច​កើតមានឡើង​ដោយសារ​ការប្រឈមមុខ​ដាក់គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​បញ្ហា​កូរ៉េ​កន្លងមក​។​

​ដោយ​លើកយក​ឈ្មោះ​លី​ប៊ី និង​អ៊ីរ៉ាក់ លោក ពូ​ទីន ចង់​សំដៅលើ​ការអន្តរាគមន៍​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់​ឆ្នាំ ២០០៣  និង​នៅ​លី​ប៊ី​នៅក្នុង​ឆ្នាំ ២០១១ ក្រោយ​ពេលដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ​ព្រម​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​និង​ព្រម​គោរព​តាមច្បាប់​អន្តរជាតិ​នោះ​។

« ការ​សម្ញែង​សាច់ដុំ​យោធា ក្នុងស្ថានភាព​នេះ​គឺ​គ្មាន​ប្រយោជន៍​ទេ​។ វា​ចប់​ទៅវិញ​ដោយ​គ្រោះថ្នាក់​។ វា​អាច​នាំទៅរក​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​មួយ និង​បាត់បង់​ជីវិត​មនុស្ស​ច្រើនសន្ធឹក​ផង​។ វា​គ្មាន​ផ្លូវ​ណា​ផ្សេងទៀត​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ ក្រៅពី​សង្គ្រោះ​ការសន្ទនា​គា្ន​ដោយ​សន្តិវិធី​ឡើយ​»​។ លោក ពូ​ទីន បាន​ពន្យល់​ដូច្នេះ​។

​ប្រមុខរដ្ឋ​រុស្ស៊ី​រូបនេះ​បាន​បន្ត​ថែម​ទៀតថា​៖« ដូច​ខ្ញុំ​បាន​ប្រាប់​សហសេវិក​ខ្ញុំ​កាលពី​ម្សិលមិញ​អ៊ី​ចឹ ង កូរ៉េខាងជើង​សុខចិត្ត​ប្រឈម​ការលំបាក​គ្រប់យ៉ាង តែ​គេ​មិន​ព្រម​ឈប់​ផលិត​អាវុធ​ឡើយ ដរាបណា​គេ​មិនមាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព​នោះ​។ ដូច្នេះ តើ​អ្វីដែល​អាច​ធានា​សន្តិសុខ​របស់គេ​បាន​? វា​មានតែ​ការស្តារ​ឡើងវិញ​នូវ​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​»​។​

​លោក ពូ​ទីន លើកឡើង​ពី​បញ្ហា​នេះ ចំ​ពេលដែល​ក្រុមប្រឹក្សាសន្តិសុខ​បន្ត​ជជែក​ពិភាក្សាគ្នា​ដើម្បី​រក​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​មុន​ដើម្បី​ដាក់​គំនាប​លើ​កូរ៉េខាងជើង​ជាពិសេស​ផ្តាច់​ចរន្ត​សេដ្ឋកិច្ច ក្រោយពេល​ប្រទេស​នេះ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាថ្មីទៀត​កាលពី​សប្តាហ៍​មុន​។ ចំណែក​អាមេរិក​និង​កូរ៉េខាងត្បូង​ក៏​បន្តធ្វើ​សមយុទ្ធ​យោធា​សម្ញែង​សាច់ដុំ និង​ចង់​ពង្រឹង​កម្លាំងយោធា​ដើម្បី​ទប់ទល់​កូរ៉េខាងជើង​ផងដែរ​នោះ​។ កូរ៉េខាងជើង​បាន​ទិតៀន​សមយុទ្ធ​នេះ ហើយក៏​អះអាង​ផងដែរ​ថា អាមេរិក​និង​កូរ៉េខាងត្បូង​មាន​មហិច្ឆតា​ត្រៀម​ឈ្លានពាន​ខ្លួន​ផងដែរ​៕


Tag:
 លី​ប៊ី​
 ​ អ៊ីរ៉ាក់ BRICS
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com