អន្តរជាតិ
ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែរ​ដើម្បី​ឆ្លើយតប​កូរ៉េខាងជើង​
06, Sep 2017 , 9:38 am        
រូបភាព
ដោយ:
​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ផលិត​អាវុធ​នុយក្លេអ៊ែរ​ខ្លួន ក្នុងពេលដែល​ប្រទេស​នេះ​កំពុង​ស្ថិតក្រោម​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​។ នេះ​ក៏ដោយ​សារ​កូរ៉េខាងត្បូង​មិនអាច​ពឹង​ផ្អែកលើ​សន្តិសុខ​ផ្តល់​ឲ្យ​ដោយ​អាមេរិក​គ្រប់ពេល​ឡើយ​។​


​ទាហាន​ចំនួន​២៨៥០០​នាក់​ស្ថិតនៅ​កូរ៉េខាងត្បូង ដើម្បី​ជួយ​ការពារ​ប្រទេស​នេះ​ពី​ការវាយប្រហារ​ឬ​គំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​។ ចាប់ពី​ឆ្នាំ​១៩៧៤ មក កូរ៉េខាងត្បូង​បាន​ចុះសន្ធិសញ្ញា​ជាមួយ​អាមេរិក​ដោយ​ព្រម​លះបង់​សិទ្ធិ​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​ទទួលយក​ការការពារ​ពី​អាមេរិក​វិញ​។​

​ទោះជា​យ៉ាងនេះ​ក្ដី ដោយសារ​ការបន្ត​គំរាមកំហែង​ដោយសារ​អាវុធ​នុយក្លេអ៊ែ​រ​ក្រុង​ព្យុងយ៉ាង  សារព័ត៌មាន​កូរ៉េខាងត្បូង Donga Ilbo បានស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ពិចារណា​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​។ បទ​វិចារណកថា​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​Donga Ilbo បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មិនអាច​ពឹងផ្អែក​លើ​ឆ័​ត្រ​សន្តិសុខ និង​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​រហូត​ឡើយ ស្របពេល​ដែល​យើង​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះ​»​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​នេះ​បាន​បន្ថែមថា វា​គ្មាន​ហេតុផល​អ្វីដែល​កូរ៉េខាងត្បូង​ត្រូវគោរព​សន្ធិសញ្ញា​រំសាយ​អាវុធ​ទៀតឡើយ ខណៈដែល​សន្ធិសញ្ញា​នេះ​ផ្តោតលើ​កូរ៉េខាងត្បូង​មិនមែនជា​ការរំសាយ​អាវុធ​នៅ​ឧបទ្វីប​កូរ៉េ​នោះ​។ ដូច្នេះហើយ ក្រុង​សេ​អ៊ូ​ល​ក៏​មិនគួរ​ស្ទាក់ស្ទើរ​ក្នុងការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​ដែរ​។​

​ដោយឡែក កាលពី​ថ្ងៃអាទិត្យ​ទី ៣ ខែកញ្ញា បន្ទាប់ពី​កូរ៉េខាងជើង​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​កោះប្រជុំ​ពិភាក្សា​ពាក់ព័ន្ធ​ការដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ដ្រ​អាមេរិក​លើទឹក​ដី​ខ្លួន​។​ប៉ុន្តែ ការិយាល័យ​លោក មូ​ន ចេ​អ៊ី​ន បានបញ្ជាក់​យ៉ាងច្បាស់​ថា កូរ៉េខាងត្បូង​មិនបាន​ពិចារណា​ផលិត​នុយក្លេអ៊ែរ​ឡើយ​។​

​គួរ​បញ្ជាក់ដែរថា អាមេរិក​ធ្លាប់​ពង្រាយ​អាវុធ​បរិ​មារ​ណូ​មួយចំនួន​ទៅ​កូរ៉េខាងត្បូង​ដែរ​ក្រោយ​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ ១៩៥៣​។ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៩១ អាមេរិក​បាន​ដក​អាវុធ​បរិ​មារ​ណូ​ពី​កូរ៉េខាងត្បូង​វិញ បន្ទាប់​កូរ៉េ​ទាំងសងខាង​បានប្រកាស​រួមគ្នា​បង្កើត​តំបន់​គ្មាន​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​នោះ​៕


Tag:
 កូរ៉េខាងត្បូង​
 ​ Donga Ilbo
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com