អន្តរជាតិ
អង្គការសហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​១​សែន​២ ម៉ឺន​នាក់​រត់គេច​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា
06, Sep 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​អង្គការសហប្រជាជាតិ​ប៉ាន់​ស្មានថា ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​១​សែន​២​ម៉ឺន​នាក់​បាន​ឆ្លងកាត់​ព្រំដែន​ពីរ​ដ្ឋ Rakhine ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​ចូលក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​នៅក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ​។​


​លោក Vivan Tan មន្ត្រី​សា​ព័ត៌មាន​ប្រចាំ​តំបន់​អាស៊ី​របស់​ស្នងការ​ទទួលបន្ទុក​ជ​ន ភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​មី​យ៉ាន់​ម៉ា​ថា «​ពួកគេ​បានរស់នៅ​រាយប៉ាយ​នៅក្នុង​ភូមិ​នានា ជំរំ​ជនភៀសខ្លួន​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​។ ពួកគេ​ភាគច្រើន​កំពុង​ទៅដល់​តំបន់​នោះ​ក្នុងស្ថានភាព​អាក្រក់​បំផុត​។ ពួកគេ​និយាយថា ពួកគេ​បាន​ដើរ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​។ ពួកគេ​មិនបាន​ទទួលទាន​ម្ហូបអាហារ​ចាប់តាំងពី​ពួកគេ​បាន​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​ខ្លួន​។ ពួកគេ​ជាច្រើន​បាន​និយាយថា ពួកគេ​រស់រានមានជីវិត​ដោយសារ​ទឹក​ដែល​ពួកគេ​អាច​ស្វែង​រកបាន​។ ពួកគេ​បាន​ស្ថិតនៅក្នុង​ស្ថានភាព​យ៉ាង​យ៉ឺ​ន​បំ​ផុ​ត‍​»​។​

​លោក Tan បាន​និយាយទៀតថា ជំរំ​ជនភៀសខ្លួន​ផ្លូវការ​២​នៅក្នុង​ប្រទេស​បង់​ក្លា ដែ​ស មាន​មនុស្ស​ច្រើន​ហួស​កម្រិត ដោយមាន​មនុស្ស​មកដល់​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។​

​លោក Tan និយាយថា «​ជាទូទៅ មិនមាន​កន្លែង​ដើម្បី​ទទួល​ជនភៀសខ្លួន​ទៀត​ទ‍េ​»​។​

​មេដឹកនាំ​ជាច្រើន​នៅក្នុង​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​អំពើហិង្សា​នេះ​ដោយបាន​អំពាវនាវ​ឲ្យ​លោកស្រី អង់​សាន ស៊ូ​ជី​មេដឹកនាំ​កាន់អំណាច​ពិតប្រាកដ​របស់​ប្រទេស​មី​យ៉ាន​ម៉ា​ថ្កោលទោស​បញ្ហា​នេះហើយ​នឹង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​។​

​កាលពី​ថ្ងៃ​អង្គារ សហភាព​អឺរ៉ុប​បានចេញ​សេចក្តីថ្លែងការណ៍​អំពាវ​ដល់​ភាគី​ទាំង​២​ឲ្យ​កាត់បន្ថយ​ការតានតឹង​នេះ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com