តារាល្បីៗ
អន្តរជាតិ
ក្មេងប្រុស​១០​ឆ្នាំ​ម្នាក់​សង្គ្រោះ​ជីវិត​ប្អូនប្រុស​របស់ខ្លួន​ដោយ​ធ្វើតាម​តួអង្គ The Rock
06, Sep 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​កុមារា​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​សង្គ្រោះ​អាយុជីវិត​ប្អូនប្រុស​របស់ខ្លួន ដែល​បាន​លង់ទឹក​នៅក្នុង​អាង​របស់​ជីដូន តាមរយៈ​ការ ម៉ាស្សា​បេះដូង ដូចជា​កាយវិការ​សង្គ្រោះ​របស់​តួអង្គ Dwayne Johnson ហៅ The Rock ក្នុង​រឿង San Andreas​។ នេះ​បើតាម​ការអះអាង​របស់​វីរបុរស​តូច ប្រាប់​ទៅ​ទូរទស្សន៍ Detroit WXYZ 7 News​។​


​ក្រោយ​ឃើញ​ប្អូនប្រុស​របស់ខ្លួន​ស្ថិតក្នុង​ស្ថានភាព​ដ៏​គួរ​គ្រោះថ្នាក់​ក្នុង​អាងទឹក កុមារា​អាមេរិក Jacob O’Connor បាន​នឹកឃើញ​ភ្លាម​សកម្មភាព​របស់​តារាភាពយន្ត Dwayne Johnson ហៅ The Rock ក្នុង​រឿង San Andreas​។ Jacob បាន​ពន្យល់ថា គេ​បានឃើញ​តួអង្គ​ក្នុង​រឿង San Andreas សង្គ្រោះ​ក្មេងស្រី​ម្នាក់​ដែល​លង់ទឹក ដោយសារ​រញ្ជួយ​ផែនដី និង​ស៊ូ​ណា​មី តាមរយៈ​ការធ្វើ​ម៉ាស្សា​បេះដូង ហេតុដូច្នេះ គេ​ក៏បាន​ធ្វើ​សកម្មភាព​ដូចគ្នា​ក្នុងការ​ជួយសង្គ្រោះ​ប្អូនប្រុស​អាយុ​២​ឆ្នាំ​របស់ខ្លួន​ដែល​លង់ទឹក​អាង​។​



​ក្នុង​បទ​សម្ភាស​ជាមួយ ទូរទស្សន៍ Detroit WXYZ 7 News កុមារា​ដែល​រស់នៅ​ក្រុង Roseville បាន​រៀបរាប់ថា គេ​បាន​អង្គុយ​មើល​រឿង ខណៈ​ជីដូន​ស្ថិតនៅ​បន្ទាប់​មួយ​ផ្សេងទៀត​ដើម្បី​រៀបចំ​កន្លែង​ឲ្យ​ចៅៗ​គេង​។ ពេលនោះ ទ្វារ​បើកចំហរ ស្រាប់តែ Jacob ឃើញ Dylan ដែលជា​ប្អូន​អាយុ​២​ឆ្នាំ ធ្លាក់ចូល​ក្នុង​អាង​។

Jacob បាន​អះអាងថា​៖ «​ខ្ញុំ​បាន​ស្រង់​ប្អូន​ខ្ញុំ​ចេញពី​ទឹក ហើយ​ចាប់ផ្តើម​ធ្វើការ​សង្គ្រោះ​ដូច​តួអង្គ​ក្នុង​រឿង San Andreas»​។ ម្តាយ​របស់​កុមារា​ទាំងពីរ​អះអាងថា ប្រសិនបើ​មិនមាន​ការសង្គ្រោះ​ទាន់ពេលវេលា​ទេនោះ Dylan ដែល​លង់ទឹក​ប្រមាណ​១​នាទី អាច​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត​។​



​វីរភាព​របស់​កុមារា​អាយុ​១០​ឆ្នាំ ក៏បាន​ដឹងឮ​ដល់​តារាភាពយន្ត Dwayne Johnson ហៅ The Rock ផងដែរ​។ តាមរយៈ Twitter របស់ខ្លួន The Rock បានសរសេរថា នេះ​ជា​រឿង​មួយ​ដ៏​អស្ចារ្យ ហើយ​បានចាត់ទុក Jacob ជា​វីរបុរស​ក្នុង​ជីវិត​ពិត​។

​កាន់តែ​អស្ចារ្យ​ថែមទៀត​នោះ លោក Dwayne Johnson បាន​ទៅ​ជួប Jacob ដោយផ្ទាល់​។ លោក​មានការ​សប្បាយ​រីក​យ៉ាងខ្លាំង ហើយ​បន្ត​សរសើរ Jacob មិន​ដាច់​ពី​មាត់ ពីព្រោះ​គេ​បាន​អនុវត្តតាម​ឈុត​ឆាក​ក្នុង​សាច់រឿង​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​៕


Tag:
 The Rock
© រក្សាសិទ្ធិដោយ thmeythmey.com