អន្តរជាតិ
នាយករដ្ឋមន្ត្រី​អា​បេ ៖ កូរ៉េខាងជើង​គ្មាន​អនាគត​ល្អ​ទេ បើ​បន្ត​ដើរ​លើផ្លូវ​ដូច​សព្វថ្ងៃ​
06, Sep 2017 , 9:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​៦ ខែកញ្ញា បាន​ប្រាប់​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​មើល​អនាគត​ឲ្យ​បាន​វែងឆ្ងាយ ព្រោះ​ផ្លូវ​ដើរ​បច្ចុប្បន្ន​របស់​កូរ៉េខាងជើង​គ្មាន​នាំ​អ្វី​ល្អ​ដល់​ខ្លួន​ទេ​។ លោក អា​បេ ក៏បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​ផ្លាស់ប្ដូរ​គោលនយោបាយរ​បស់​ខ្លួន​ដែរ​។ លោក អា​បេ និយាយ​បែបនេះ បន្ទាប់ពី​កូរ៉េខាងជើង​ទើប​សាកល្បង​គ្រាប់​អ៊ីដ្រូសែន ដែល​គេ​ជឿថា​មាន​អានុភាព​ខ្លាំង​គ្រាប់​បរមាណូ​អាមេរិក​ទម្លាក់​លើ​ជប៉ុន​កាលពី​សង្គ្រាមលោកលើកទី​ពីរ​ទៅទៀត​។


​កូរ៉េខាងជើង​កំពុង​ដើរ​លើផ្លូវ​ខុស​ហើយ​។ នេះ​គឺជា​សម្ដី​ព្រមាន​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ចំពោះ​មេដឹកនាំ​កូរ៉េខាងជើង ដែល​នៅតែ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយ​ក្ល​អ៊ែរ​ទាំង​ងងើល ផ្ទុយ​ពី​បម្រាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ជប៉ុន​ព្រួយបារម្ភ​ជាខ្លាំង​នឹង​ទង្វើ​ផ្គើន​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង ជាពិសេស​ការបាញ់​មី​ស៊ី​ល​រំលង​ដែនអាកាស​របស់ខ្លួន និង​ការ​សាក​ល្ប​គ្រាប់បែក​អ៊ីដ្រូសែន​កាលពី​ចុង​សប្ដាហ៍​ជាដើម​។​

​មុន​ដំណើរ​ទៅកាន់​ទឹកដី​រុស្ស៊ី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​តំបន់ នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​បាន​ណែនាំ​ឲ្យ​របប​ដឹកនាំ​កូរ៉េខាងជើង​ពិនិត្យមើល​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​ព្រោះ​កូរ៉េខាងជើង​នឹង​គ្មាន​អនាគត​ភ្លឺស្វាង​ទេ បើ​បន្តធ្វើ​សកម្មភាព​ដូច​សព្វថ្ងៃនេះ​ទៀត​នោះ​។ លោកនាយក​រដ្ឋមន្ត្រី អា​បេ ក៏បាន​ស្នើ​ឲ្យ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​ផ្លាស់ប្ដូរ​នយោបាយ​របស់​ខ្លួន​ម្ដងទៀត ដ្បិត​គោលនយោបាយ​ចាស់​គ្មាន​បាន​ផល​អ្វី​ឡើយ​។​

​យោងតាម​សារព័ត៌មាន The Japan Times លោក អា​បេ ក៏​នឹង​លើក​បញ្ហា​កូរ៉េខាងជើង​នេះ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅឯ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ដែល​ស្ថិតនៅ​តំបន់​ចុង​បូព៌ា​ដែរ​។ មិនមែន​តែ​ជប៉ុន​ទេ​ដែល​បារម្ភ សូម្បីតែ​កូរ៉េខាងត្បូង​ក៏​មិនសូវ​ស្រួល​ចិត្តនឹង​សកម្មភាព​របស់​កូរ៉េខាងជើង​ដែរ ខណៈដែល​រុស្ស៊ី​មិនបាន​គាំទ្រ​ការដាក់ទណ្ឌកម្ម​ឡើយ​។​

​ទោះជា​បាន​ថ្កោលទោស​ទង្វើ​កូរ៉េខាងជើង​ក្ដី រុស្ស៊ី​ក៏​នៅតែ​រក្សា​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដដែល​។ ខុសពី​មេដឹកនាំ​ជប៉ុន និង​កូរ៉េខាងត្បូង ប្រធានាធិបតី ពូ​ទីន ជឿជាក់ថា ការដាក់ទណ្ឌកម្ម​ជា​រឿង​គ្មាន​បានការ ហើយក៏​មិនអាច​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​បានដែរ​។ ជាមួយគ្នា​នោះ លោក ពូ​ទីន ក៏​ព្រមាន​ដែរ​ថា ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​អាច​ក្លាយជា​បញ្ហា​ដ៏​មហន្តរាយ​សម្រាប់​ពិភពលោក​ទៅទៀត​។  

​ដោយសារ​ទង្វើ​របស់​កូរ៉េខាងជើង ទាំង​ជប៉ុន ទាំង​កូរ៉េខាងត្បូង​ក៏មាន​គំនិត​ចង់​ពង្រឹង​គ្រឹះ​ការពារជាតិ​របស់ខ្លួន​ផងដែរ​។ កូរ៉េខាងត្បូង​ស្វះស្វែង​នាំ​អាវុធ​ចូល​ពី​អាមេរិក​បន្ថែមទៀត​ដើម្បី​ពង្រឹងសមត្ថភាព​ទប់ទល់​ការគំរាមកំហែង​ពី​ខាងក្រៅ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​មួយចំនួន​ចង់​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ផ្ទាល់ខ្លួន​ផង​។ ចំណែកឯ​ជប៉ុន​វិញ ក៏​គ្រោង​បង្កើន​ថវិកា​ចំណាយ​លើ​វិស័យ​ការពារជាតិ សំដៅ​ត្រៀម​ទប់ទល់​កូរ៉េខាងជើង​៕


Tag:
 ជប៉ុន​
  កូរ៉េខាងជើង​
  ស៊ីន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com