អន្តរជាតិ
អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​លពីរ​នាក់​រង​ការចោទប្រកាន់​ករណី​ពុករលួយ​
06, Sep 2017 , 4:09 pm        
រូបភាព
អតីតប្រធានាធិបតីប្រេស៊ីល Dilma Rousseff និង Luiz Inacio Lula da Silva ដែលរងការចោទប្រកាន់ករណីពុករលួយ (រូបភាព៖ MercoPress)
អតីតប្រធានាធិបតីប្រេស៊ីល Dilma Rousseff និង Luiz Inacio Lula da Silva ដែលរងការចោទប្រកាន់ករណីពុករលួយ (រូបភាព៖ MercoPress)
អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ពីររូប គឺ​លោកស្រី Dilma Rousseff និង​លោក Luiz Inacio Lula da Silva ត្រូវបាន​ចោទប្រកាន់​ផ្លូវការ​ហើយ​ទាក់ទង​សំណុំរឿង​ពុករលួយ​ក្នុងការ​កេងប្រវ័ញ្ច​លុយ​រដ្ឋ​ពី​ក្រុមហ៊ុន​ប្រេង​ជាតិ Petrobras ។ ក្រៅពី​អតីត​ប្រធានាធិបតី​ទាំងពីរ​នេះ បុគ្គល​ចំនួន​៦​រូប​ទៀត​ក៏​រង​ការចោទប្រកាន់​លើ​ករណី​ស្រដៀង​គ្នា​ដែរ​។ យ៉ាងណាក្ដី ជនជាប់ចោទ​ទាំងអស់​សុទ្ធតែ​ទាត់ចោល​ការចោទប្រកាន់ និង​អះអាងថា​រដ្ឋអាជ្ញា​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដាក់បន្ទុក​ឡើយ​។


​រដ្ឋអាជ្ញា​កំពូល​ប្រេ​ស៊ី​ល Rodrigo Janot បាន​ចោទប្រកាន់​សមាជិក​បក្ស​កម្មករ​៨​នាក់​រួមទាំង​អតីត​ប្រធានាធិបតី Dilma Rousseff និង Luiz Inacio Lula da Silva ពីបទ​ល្មើស​ឧក្រិដ្ឋ​ជាច្រើន​ក្នុងករណី​ពុករលួយ​នៅ​ក្រុមហ៊ុន​ប្រេង​ជាតិ Petrobras ។ បុគ្គល​ទាំង​៨ នាក់​នេះ​ត្រូវ​ជាប់ចោទ​លើ​ករណី​ដូចជា​ការបង្កើត​បណ្ដាញ​រកស៊ី​ផ្ដាច់មុខ​ដើម្បី​ផលប្រយោជន៍​គ្នា​ខ្នង អំពើពុករលួយ និង​ការលាង​លុយកខ្វក់​ជាដើម​។​

​នេះ​គឺជា​ចោទប្រកាន់​ផ្លូវការ​លើកដំបូង​ប្រឆាំង​លោកស្រី Dilma Rousseff ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​កាលពី​ឆ្នាំ​២០១៦ ក្រោយ​រកឃើញថា​ប្រើប្រាស់​ថវិកាជាតិ​ខុស​គោលដៅ​។ ការចោទប្រកាន់​នេះ ក៏បាន​ប៉ះពាល់​បំណង​វិលត្រឡប់​ចូល​សង្វៀន​នយោបាយ​វិញ​របស់លោក Lula ។ លោក Lula ក៏​កំពុងតែ​ប្ដឹង​ទាស់​ការចោទប្រកាន់​លើ​រូបលោក​លើ​ករណី​បួន​ផ្សេងទៀត ដែល​អាច​បិទ​ផ្លូវលោក​ចូល​ប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៨ ។​

​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Al Jazeera ការិយាល័យ​រដ្ឋអាជ្ញា​ប្រេ​ស៊ី​ល​និយាយថា បទឧក្រិដ្ឋ​ខាងលើ កើតឡើង​យ៉ាងហោចណាស់​ចន្លោះ​ឆ្នាំ​២០០២ ដល់​ខែឧសភា ឆ្នាំ​២០១៦ ដែល​ពេលនោះ​លោកស្រី Rousseff មិនទាន់​ត្រូវបាន​ដកតំណែង​នៅឡើយ​។ បើតាម​ការចោទប្រកាន់​ដដែល បក្ស​កម្មករ​របស់លោក​ស្រី Rousseff  ក៏មាន​ឈ្មោះ​ទទួលបាន​ប្រាក់​សំណូក​៤៧៥​លាន​ដុល្លារ ដោយ​ប្រើប្រាស់​ក្រុមហ៊ុន​រដ្ឋ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​លោក Janot អះអាងថា បទឧក្រិដ្ឋ​ដែល​ប្រទាក់ក្រឡា​ក្នុង​ស្ថាប័ន​ជាតិ​ធំៗ ត្រូវបាន​គ្រប់គ្រង​ដោយ​លោក Lula ។ យ៉ាងណាក្ដី មេធាវី​របស់​អតីត​ប្រធានាធិបតី​រូបនេះ​បាន​ឆ្លើយថា ច្បាប់​ប្រទេស​ត្រូវបាន​ប្រើប្រាស់​ខុស​ដើម្បី​កាត់ទោស​កូនក្ដី​របស់ខ្លួន​។ ចំណែក​បក្ស​កម្មក​រវិ​ញ​ក៏​ប្រកាស​ដែរ​ថា ការចោទប្រកាន់​មកលើ​ខ្លួន គឺ​គ្មាន​មូលដ្ឋាន និង​គ្រាន់តែ​ជា​បង្វែរ​ការចាប់អារម្មណ៍​ពី​ករណី​ផ្សេង​ប៉ុណ្ណោះ ឯ​តំណាង​លោកស្រី Rousseff បញ្ជាក់ថា​ការចោទប្រកាន់​របស់រ​ដ្ឋ​អាជ្ញា គ្មាន​ភស្តុ​ង​តាង​ទេ​។​

​លោក Lula ដែល​កាន់​តំ​ណែ​ប្រធានាធិបតី​មុន​លោកស្រី Rousseff នៅតែ​ជា​អ្នកនយោបាយ​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុងចំណោម​ប្រជាជន​រដ្ឋ​មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅ​តំបន់​អាមេរិក​ខាងត្បូង​មួយ​នេះ​។ ប្រជាជន​ប្រេ​ស៊ី​ល​មិនសូវ​ពេញចិត្ត​ការដឹកនាំ​របស់​ប្រធានាធិបតី​បច្ចុប្បន្ន Michel Temer ប៉ុន្មាន​ឡើយ ព្រោះ​សេដ្ឋកិច្ច​ប្រេ​ស៊ី​ល​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​លោក Temer ឡើងកាន់តំណែង​នេះ​ក៏​ដោយសារ​លោកស្រី Rousseff ត្រូវ​សភា​ទម្លាក់​ពី​តំណែង​ប៉ុណ្ណោះ​៕

Tag:
 ប្រេ​ស៊ី​ល​
  Dilma Rousseff
  Luiz Inacio Lula da Silva
© រក្សាសិទ្ធិដោយ thmeythmey.com