អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ប្រកាស​លក់​អាវុធ​ទំនើបៗ​ឲ្យ​ជប៉ុន និង​កូរ៉េខាងត្បូង​ឲ្យ​កាន់តែច្រើន​
06, Sep 2017 , 5:29 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ពេញៗ​មាត់​ថា លោក​អនុញ្ញាត​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​មាន​កូរ៉េខាងត្បូង និង​ជប៉ុន​នាំចូល​អាវុធ​ទំនើបៗ​បាន​កាន់តែច្រើន​ពី​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​។ ការប្រកាស​នេះ​កើតឡើង ចំ​ពេលដែល​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​កាន់តែ​កើន​កម្តៅ​ខ្លាំង​។


​ស្រប​ពេលដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង មេដឹកនាំ​អាមេរិក​បានប្រកាសថា​ខ្លួន​មាន​ឆន្ទៈ​លក់​សព្វាវុធ​ទំនើបៗ បន្ថែម​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​នៅពេល​ខាងមុខ​ដើម្បី​ពង្រឹងសមត្ថភាព​ដើម្បី​ទប់ទល់​ការគំរាមកំហែង​។

​ថ្ងៃ​អង្គារ​ទី ៥ ខែកញ្ញា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​ក្នុង​គណនី Twitter ផ្លូវការ​របស់ខ្លួន​ដូ​ច្នេ​ថា​៖ «​ខ្ញុំ​អនុញ្ញាត​ឲ្យ​ជប៉ុន​និង​កូរ៉េខាងត្បូង​ទិញ​អាវុធ​ទំនើបៗ​ពី​អាមេរិក​បាន​ក្នុង​បរិមាណ​ច្រើនជាង​មុន​»​។

​ការប្រកាស​ពេញៗ​មាត់​របស់​មេបញ្ជាការ​កំពូល​របស់​អាមេរិក​រូបនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​អាមេរិក​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​យូរអង្វែង​របស់​អាមេរិក​ដូចជា​ជប៉ុន និង​កូរ៉េខាងត្បូង​នេះ​។ ប៉ុន្តែ គេ​ឃើញ​មានការ​រិះគន់ថា អាមេរិក​ទំនង​ចង់ឃើញ​អាវុធ​ខ្លួន​លក់​កាន់តែ​ដាច់​ពេល​ស្ថានការណ៍​អាក្រក់​នោះ​។

​យ៉ាងណាមិញ ក្រៅពី​ប្រកាស​លក់​សព្វាវុធ​ទំនើប​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន អាមេរិក​ក៏​ស្វះស្វែង​ជំរុញ​ឲ្យ​មានការ​ដាក់ចេញ​ចំណាត់ការ​ថ្មី​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ឲ្យ​បញ្ឈប់​ឥរិយាបថ​ច្រងេង​ច្រ​ង៉ាង និង​បង្ករឿង​ជា​បន្តបន្ទាប់​នេះ​ទៀត​ដែរ​។

​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ប្រកាស​បើកភ្លើង​បៃតង​ក្នុង​ការលក់​អាវុធ​ឲ្យ​សម្ព័ន្ធមិត្ត​ទាំងពីរ រដ្ឋាភិបាល​ជប៉ុន​ក៏បាន​ប្រកាស​ផងដែរ​ថា ខ្លួន​មាន​គម្រោង​បន្ត​ទិញ​អាវុធ​ទំនើប​និង​សម្ភារៈ​យោធា​ផ្សេងទៀត​ពី​អាមេរិក​នៅពេល​ខាងមុខ​ក្នុងនោះ​មាន​ទាំង​យន្តហោះ​ចម្បាំង F-35 ផង​។​

​សារព័ត៌មាន​រុស្ស៊ី Sputnik ស្រង់​សម្តី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី Yoshihide Suga ថា ជប៉ុន​នៅតែមាន​ផែន​ការទិញ​អាវុធ​បន្ថែម​ពី​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​និង​ធានា​សន្តិសុខ​របស់ខ្លួន​ដើម្បី​ទប់ទល់​រាល់​ការគំរាមកំហែង​ពី​ខាងក្រៅ​។

​តាមពិតទៅ ជប៉ុន​បាន​បន្ត​បង្កើន​ថវិកា​ការពារជាតិ​របស់ខ្លួន​ជាប្រចាំ​ចាប់ពី​ពេលដែល​នាយករដ្ឋមន្ត្រី​ស៊ីន​ហ្សូ អា​បេ ឡើងកាន់តំណែង​ឆ្នាំ ២០១២ មក​។ កាលពី​សីហា​កន្លងទៅ ក្រសួងការពារជាតិ​ជប៉ុន​បានស្នើ​កញ្ចប់​ថវិកា​ឆ្នាំ ២០១៨ ដែលមាន​ទំហំ ៦៥,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​សភា​ដើម្បី​អនុម័ត​។

​ជារួម ថវិកា​នេះ​កើនឡើង​២,៥​ភាគរយ បើ​ធៀប​នឹង​ទំហំ​ថវិកា​ដែល​គ្រោងឡើង​ដំបូង​កាលពី​ខែមីនា​កន្លងទៅ​ផងដែរ​។​ការបង្កើន​ទំហំ​ថវិកា​យោធា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន ឆ្លើយតប​នឹង​ស្ថានការណ៍​សន្តិសុខ​ក្នុង​តំបន់​ដែល​គំរាមកំហែង​ដោយ​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដែរ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  ជប៉ុន​
  កូរ៉េខាងត្បូង​
  Yoshihide Suga
© រក្សាសិទ្ធិដោយ thmeythmey.com