អន្តរជាតិ
បង់​ក្លា​ដែ​ស​ចោទថា មី​យ៉ាន់​ម៉ា​បង្កប់​មីន​តាម​ព្រំដែន​ទប់ស្កាត់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ចូល​ស្រុក​វិញ​
07, Sep 2017 , 10:59 am        
រូបភាព
រូបភាព៖ Hindustan Times
រូបភាព៖ Hindustan Times
ដោយ:
​បង់​ក្លា​ដែ​ស​សង្ស័យថា​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​បង្កប់​មីន​នៅតាម​របង​ព្រំដែន​មី​យ៉ាន់​ម៉ា​-​បង់​ក្លា​ដែ​ស​ក្នុង​គោលបំណង​ទប់ស្កាត់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ បន្ទាប់ពី​មាន​មនុស្ស​រងរបួស​ដោយសា​រ​ផ្ទុះ​មីន​។ មេដឹកនាំ​មី​យ៉ាន់​ម៉ា​មិនអាច​ឆ្លើយតប​ភ្លាមៗ​ជុំវិញ​ហេតុការណ៍​នេះឡើយ​។​


​ប្រភព​ខាង​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​ពីរបាន​បង្ហើប​ថា កងសន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​លួច​បង្កប់​មីន​នៅតាម​របង​ព្រំដែន​មី​យ៉ាន់​ម៉ា​-​បង់​ក្លា​ដែ​ស​ដើម្បី​ទប់ស្កាត់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ចង់​ត្រឡប់​ទៅ​មាតុភូមិ​វិញ​។ ប្រភព​ដដែល​នោះ​បន្ថែមថា នៅ​ថ្ងៃ​ពុធ​ទី ៦​ខែកញ្ញា រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​ជា​ផ្លូវការ​ប្រឆាំង​ការ​បង្កប់​មីន​នៅតាម​ព្រំដែន​នេះដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuter ប្រភព​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​ដេ​ល​មិន​បង្ហាញ​អត្តសញ្ញាណ​នោះបាន​អះអាង​ដូច្នេះ​ថា​៖«​ក្រុម​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​បង្កប់​មីន​នៅ​ព្រំដែន​ដែល​ស្ថិតក្នុង​ទឹកដី​ពួកគេ​។ ហើយ​ពួកយើង​ដឹងថា វា​គឺជា​មីន​ដោយ​សម្អាង​លើ​រូបភាព​ដែល​ថត​បាន និង​មាន​គេ​ប្រាប់​ផង​»​។ ក្រុម​សន្តិសុខ​បង់​ក្លា​ដែ​ស​ក៏​បានឃើញ​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​បី​ទៅ​បួន​ក្រុម​បាន​បង្កប់​អ្វី​ម្យ៉ាង​ទៅក្នុង​ដី​ជិត​របង​ព្រំប្រទល់ ក្រោយមក​ទើប​ដឹងថា​នោះ​គឺជា​មីន​។​

​បើតាម​មន្ត្រី​ព្រំដែន​បង់​ក្លា​ដែ​សលោក​Manzurul Hassan Khan កាលពី​ថ្ងៃ​ចន្ទ​មាន​ករណី​ផ្ទុះ​នៅ​តំបន់​ព្រំដែន​ពីរលើក ហើយ​នៅ​ថ្ងៃ​អង្គារ​គេ​លឺ​សំឡេង​ផ្ទុះ​ពីរដង​ទៀត​។ ករណី​ផ្ទុះ​កាលពី​ថ្ងៃ​អង្គារ​បានធ្វើ​ឲ្យ​ក្មេងប្រុស​ម្នាក់​ដាច់​ជើង ហើយ​ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​បង់​ក្លា​ដែ​ស​។ ចំណែកឯ​ក្មេងប្រុស​ម្នាក់ទៀត​បានរ​ង​របួសស្រាល​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល​បាន​ស្រង់​សម្ដី​ជនភៀសខ្លួន​ពីរ​នាក់​ថា កាលពី​ថ្ងៃ​ចន្ទ មុនពេល​គ្រាប់មីន​ផ្ទុះ ពួកគេ​ទាំងនោះ​បានឃើញ​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​នៅ​ជិត​កន្លែង​ផ្ទុះ​។​
​ទោះជា​បែបនេះ​ក្ដី ទីភ្នាក់ងារ​ព័ត៌មាន​Reuter មិនអាច​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ច្បាស់​ថា កងសន្តិសុខ​មី​យ៉ាន់​ម៉ា​ពិតជា​អ្នក​បង្កប់​មីន​មែនឬ​យ៉ាងណា​ឡើយ​។ តំណាង​កងទ័ព​មី​យ៉ាន់​ម៉ា​មិនបាន​ផ្តល់យោបល់​ឡើយ​ពាក់ព័ន្ធ​ការផ្ទុះ​មីន​នេះ​។​

​ឯ​អ្នកនាំពាក្យ​ទីប្រឹក្សា​រដ្ឋ​លោកស្រី អ៊ុង​សាន ស៊ូ​ជី លោក Zaw Htay ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា វា​ចាំបាច់​ត្រូវមាន​ការស្រាវជ្រាវ​ច្បាស់លាស់​មុនពេល​សន្និដ្ឋានថា​អ្នកណា​ជា​អ្នក​បង្កប់​មីន​។ លោក​បាន​ចោទសួរ​ដូច្នេះ​ថា​៖« តើ​មីន​ផ្ទុះ​នៅ​កន្លែង​ណា​? តើ​អ្នកណាខ្លះ​អាច​ទៅ​កន្លែង​ផ្ទុះ​បាន​?​តើ​អ្នកណា​ជា​អ្នក​បង្កប់​មីន​ទាំងនោះ​? ថា​មិនត្រូវ​អ្នក​បង្កប់​មីន​អាចជា​ក្រុម​ភេរវ​ករ​ផង​»​។​

​សូមជម្រាបថា ទាក់ទិន​នឹង​ការផ្ទុះ​នេះ មី​យ៉ាន់​ម៉ា​បាន​ទទួលស្គាល់ថា ខ្លួន​ធ្លាប់​បង្កប់​មីន​នៅតាម​ព្រំដែន​ពិតប្រាកដ​មែន ប៉ុន្តែ​គ្រាប់មីន​ទាំង​នោះបាន​បង្កប់​ក្នុងអំឡុង​ឆ្នាំ​១៩៩០ មកម្ល៉េះ​ដើម្បី​ការពារ​ការឈ្លានពាន​ប៉ុណ្ណោះ​។ កងសន្តិសុខ​មី​យ៉ាន់​ម៉ា​កន្លងមក​ក៏បាន​ព្យាយាម​បោសសម្អាត​មីន​ទាំង​នោះដែរ​៕


Tag:
 បង់​ក្លា​ដែ​ស​
 ​ Manzurul Hassan Khan
 ​ ​Zaw Htay
© រក្សាសិទ្ធិដោយ thmeythmey.com