កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារអាជ្ញាកណ្តាលស៊ីសំណូក FIFA ឲ្យអាហ្វ្រិកខាងត្បូង និងសេណេហ្គាល់ប្រកួតឡើងវិញ 07, Sep 2017 , 2:18 pm
× ការប្រកួតជម្រុះ World Cup រវាងក្រុមបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូង ជាមួយសេណេហ្គាល់ នឹងត្រូវប្រកួតឡើងវិញម្តងទៀតបន្ទាប់ពី FIFA រកឃើញថាអាជ្ញាកណ្តាលដែលកាត់សេចក្តីប្រកួតនេះស៊ីសំណូក។ នេះបើតាមការផ្សាយរបស់ BBC។
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានបញ្ចប់តំណែងលោកអាជ្ញាកណ្តាល Joseph Lamptey អស់មួយជីវិត ក្រោយរកឃើញថាបានទទួលសំណូកក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោករវាង អាហ្វ្រិកខាងត្បូងជាមួយសេណេហ្គាល់ ដើម្បីឆ្ពោះទៅរុស្ស៊ី ឆ្នាំ២០១៨។
អាជ្ញាកណ្តាលសញ្ជាតិហ្គាណា វ័យ៤២ឆ្នាំរូបនេះបានផ្តល់បាល់ពិន័យ ១១ម៉ែត្រដល់អាហ្វ្រិកខាងត្បូងក្នុងជ័យជម្នះ ២-១ លើក្រុមសេណេហ្គាល់កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដោយចាប់កំហុសកីឡាករ Kalidou Koulibaly ថាបានប៉ះដៃក្នុងតំបន់គ្រោះថ្នាក់។ ប៉ុន្តែក្រោយការពិនិត្យឡើងវិញរកឃើញថាបាល់បានប៉ះជង្គង់ខ្សែការពាររបស់ Napoli ប៉ុណ្ណោះ។
ក្រោយរកឃើញថាមានការសូកប៉ាន់អាជ្ញាកណ្តាលក្នុងការប្រកួតរវាងក្រុមនៅទ្វីបអាហ្វ្រិកនេះ FIFA បានសម្រេចឲ្យក្រុមទាំងពីរត្រូវប្រកួតម្តងទៀតនាខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។
Lamptey ត្រូវបានហាមមិនឲ្យទាក់ទងជាមួយនឹងកីឡាបាល់ទាត់អស់មួយជីវិតកាលពីខែមីនា ប៉ុន្តែកាលពីថ្ងៃពុធទី៦ ខែកញ្ញានេះ តុលាការអាជ្ញាកណ្តាលកីឡាបានសម្រេចព្យួរការពិន័យនេះបណ្តោះអាសន្នវិញ។
សូមបញ្ជាក់ថា សេណេហ្កាល់និងអាហ្វ្រិកខាងត្បូងស្ថិតនៅចំណាត់ថ្នាក់ទី ៣ និងទី ៤ ក្នុងពូល D នៃវគ្គជម្រុះ World Cup 2018 ទ្វីបអាហ្វ្រិក តាមពីក្រោយក្រុមនាំមុខគេ បូគីណាហ្វាសូ និង កាប់វែរ។ ក្នុងចំណោមក្រុមទាំង៤ មានតែ១ក្រុមប៉ុណ្ណោះដែលមានពិន្ទុលើសគេក្នុងពូល ទើបអាចឈានទៅវគ្គផ្តាច់ព្រ័ត្រនៅរុស្ស៊ីបាន៕
Tag:
បាល់ទាត់
FIFA
Joseph Lamptey
© រក្សាសិទ្ធិដោយ thmeythmey.com