អន្តរជាតិ
លោក ប្រា​យុទ្ធ រិះគន់​សារព័ត៌មាន​ថៃ​ដែល​បន្ត​ផ្ដោតលើ​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល​ស៊ីណា​វ៉ា​ត់​
07, Sep 2017 , 3:03 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ប្រតិកម្ម​នឹង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដែល​បន្ត​ផ្ដោត​សំខាន់​លើ​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល​ស៊ីណា​វ៉ា​ត់​ទាំងពីរ​។ លោក ប្រា​យុទ្ធ និយាយថា សារព័ត៌មាន​ថៃ​នៅតែ​សរសេរ​ព័ត៌មាន​ទាក់ទង​អតីត​នាយករដ្ឋមន្ត្រី​ទាំងពីរ តែ​ពួកគេ​មិនសូវ​ខ្វល់​ការដឹកនាំ​ប្រទេស​របស់លោក​ឡើយ​។ លោក ប្រា​យុទ្ធ និយាយ​បែបនេះ ក្រោយ​មានការ​ស្ទាបស្ទង់​បង្ហាញថា ប្រជាជន​ថៃ​មាន​ទំនុកចិត្ត​លើ​ការដឹកនាំ​របស់លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ជាង​រូបលោក​។​


​មេដឹកនាំ​របប​សឹក​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៦ ខែកញ្ញា បាន​រិះគន់​សារព័ត៌មាន​ថៃ​ដែល​នៅតែ​យកចិត្តទុកដាក់​លើ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ។ លោក ប្រយុទ្ធ មិន​សប្បាយចិត្ត​ទេ ពេល​ត្រកូល​ស៊ីណា​វ៉ា​ត់ បន្ត​ជា​ប្រធានបទ​សម្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​នោះ​។ ការរិះគន់​នេះ​កើតឡើង បន្ទាប់ពី​លទ្ធផល​នៃ​ការស្ទង់មតិ​មួយ​បង្ហាញថា អតីត​សេដ្ឋី​គមនាគមន៍ ថាក់​ស៊ី នៅតែ​ជា​នាយករដ្ឋមន្ត្រី​មាន​ប្រជាប្រិយភាព​ជាងគេ​ដដែល​។​

​បើតាម​កា​សែង​បាងកក​ប៉ុស្តិ៍ ការ​ស្ទាបស្ទង់​ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន King Prajadhipok ដោយ​សហការ​ជាមួយ​ក្រសួង​ពីរ បាន​បង្ហាញថា លោក ថាក់​ស៊ី ជា​នាយករដ្ឋមន្ត្រី​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ ហើយ​លោក ប្រា​យុទ្ធ ស្ថិតនៅ​លំដាប់​ទី​ពីរ​។ ប្អូនស្រី​លោក ថាកស៊ីន គឺ​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​បី ឯ​ប្អូនថ្លៃ​របស់លោក គឺ​លោក ស៊ុម​ឆៃ វង្ស​សុ​វ៉ាត មាន​លេខ​រៀង​ទី​បួន ហើយ​លោក អាប់​ភី​ស៊ីត វេចា​ជីវ៉ា នៅ​លេខ​ប្រាំ​។​

​លោក ប្រា​យុទ្ធ រង្កៀស​ចិត្តខ្លាំង​នឹង​ការបន្ត​ផ្ដោត​យកចិត្ត​របស់​សារព័ត៌មាន​លើ​លោក ថាក់ស៊ីន ដែល​រឿងនេះ​ធ្វើ​ឲ្យ​បញ្ហា​អតីតកាល​មិនអាច​កប់​ជ្រៅ​បាន​។ លោក ប្រា​យុទ្ធ និយាយថា លោក​បាន​បំភ្លេច​លោក ថាក់ស៊ីន យូរណាស់​មកហើយ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចេះតែ​សរសេរ​ពី​លោក ថាក់ស៊ីន រាល់ថ្ងៃ​។ នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​ចង់​ឲ្យ​ការចងចាំ​របស់លោក ថាក់ស៊ីន កប់​ចោល ព្រោះ​ការបន្ត​លើកយក​ផ្សាយ​រាល់ថ្ងៃ មិនអាច​ធ្វើ​ឲ្យ​ថៃ​ទៅមុខ​បានទេ​។

​មិន​ត្រឹមតែ​រិះគន់​សារព័ត៌មាន​លើ​រឿង​លោក ថាក់ស៊ីន ទេ លោក ប្រា​យុទ្ធ ក៏​មិន​ពេញ​ចិត្តនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ដែល​ចូលចិត្ត​សួរ​រូបលោក​ជុំវិញ​ការ​គេចខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ផងដែរ​។ លោក ប្រា​យុទ្ធ បានស្នើ​ឲ្យ​សារព័ត៌មាន​ថៃ​សួរ​លោក​ពី​សំណួរ​មាន​ប្រយោជន៍​ជាង​នេះ ព្រោះ​លោក​មិន​ខ្វល់ខ្វាយ​ការរត់​គេច​នេះ​ទេ​។ ប្រមុខ​របប​សឹក​ថៃ​ក៏​ត្អូញត្អែរ​ទៀតថា សារព័ត៌មាន​ថៃ​មិនដែល​ខ្វល់ខ្វាយ​ការ​ហត់នឿយ​ក្នុងការ​ដឹកនាំ​របស់លោក​ទេ​។​

​សូមបញ្ជាក់ថា លោក ថាក់ស៊ីន ដែលជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​ជាងគេ​របស់​ថៃ ត្រូវបាន​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ​២០០៦ ហើយ​លោក​ក៏បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស បន្ទាប់ពី​រង​ការចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​ករណី​ពុករលួយ​។ ឯ​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ វិញ ត្រូវបាន​យោធា​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ផ្ទាល់ ទម្លាក់​ពី​អំណាច​ក្នុង​ឆ្នាំ​២០១៤ ។ ពេលនេះ​លោកស្រី​ក៏​កំពុង​គេចខ្លួន​ពី​សំណុំរឿង​ពុករលួយ​ដែរ​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com