អន្តរជាតិ
ប្រមុខ​អង្គការសហប្រជាជាតិ សរសេរ​លិខិតផ្លូវការ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​រឿង​រ៉ូ​ហ៊ីង​យ៉ា​
07, Sep 2017 , 8:19 pm        
រូបភាព
ដោយ:
​ប្រមុខ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​លើ​ហិង្សា​ប្រដាប់អាវុធ​នៅ​មី​យ៉ាន់​ម៉ា ដែល​បណ្តាល​ឲ្យ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់​ម៉ឹ​ន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ​ទៅកាន់​បណ្តា​ប្រទេសជិតខាង​។ លោក​អគ្គលេខាធិការ បាន​ទទូច​ទាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​សហគមន៍​អន្តរជាតិ​ចេញ​ចំណាត់ការ​ក្នុងការ​បញ្ឈប់​ហិង្សា​នេះ​ដើម្បី​ចៀសវាង​អស្ថិរភាព​នៅក្នុង​តំបន់ ។


​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ António Guterres នៅ​ថ្ងៃទី​០៥ កញ្ញា បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​ហិង្សា ដែល​ផ្ទុះឡើង​ពី​ខែសីហា​របស់​មី​យ៉ាន់​ម៉ា ដែល​បង្ខំ​ឲ្យ​ប្រជាជន​រាប់ម៉ឺន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស និង​ធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​តំបន់​ប្រឈម​នឹង​អស្ថិរភាព​។ លោក António ក៏​ទទូច​ឲ្យ​មានការ​ផ្តល់​ទាំង​សញ្ជាតិ និង​ឋានៈ​ជា​ប្រជាជន​ស្របច្បាប់​ដល់​ជនជាតិភាគតិច​ម៉ូ​ស្លី​ម រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅក្នុង​ទី​ស្នាក់​ក្រុង​ញូវយ៉ក ប្រមុខ​អង្គការសហប្រជាជាតិ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក បាន​សរសេរ​លិខិតផ្លូវការ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​សម្តែង​ពី​ការព្រួយបារម្ភ​របស់លោក​លើ​បញ្ហា​នេះ ក៏ដូចជា​ស្នើ​ឲ្យ​មាន​ចំណាត់​ចម្រុះ​បន្ថែមទៀត​ដើម្បី​បញ្ចប់​ពី​បញ្ហា​នេះ ។ លោក បានចាត់ទុក​ហិង្សា​នៅ​តំបន់​រដ្ឋ Rakhine កំពុងតែ​ក្លាយជា​កត្តា​មួយ ដែល​អាច​ជំរុញ​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់ ។

​បន្ថែម​ពីនេះ ប្រមុខ​ថ្មី​របស់​អង្គការសហប្រជាជាតិ ក៏បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ចូលរួម​សកម្មភាព​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​បញ្ហា និង​ស្វែងរក​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេល ក៏ដូចជា​ទទូច​ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ធានា​ពី​សន្តិសុខ និង​ជំនួយ​ដល់​ជនរងគ្រោះ​នៅ​ទីនោះ​ផងដែរ ។

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន មី​យ៉ាន់​ម៉ា The Irrawaddy នៅ​ថ្ងៃទី​០៤ កញ្ញា មកទល់ពេលនេះ មាន​ជនជាតិភាគតិច​ឥស្លាម Rohingya ប្រមាណ ៩ ម៉ឺន​នាក់​ហើយ បាន​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា ទៅកាន់​បង់​ក្លា​ដែ​ស ដោយសារតែ​ការប៉ះទង្គិច​គ្នា​ប្រដាប់អាវុធ​រវាង​កងក​ម្លាំ​ង​រដ្ឋាភិបាល​មី​យ៉ា់ន់​ម៉ា និង​ក្រុម​សកម្មប្រយុទ្ធ ដែល​បាន​ផ្ទុះឡើង​ជាថ្មី​នៅ​ខែសីហា ។​

​ខណៈពេលដែល​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​នេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​រួមទាំង​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព និង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​មិនទាន់មាន​ចំណាត់ការ​សមស្រប​ដើម្បី​បង្ហាញ​សហគមន៍​អន្តរជាតិ ជាពិសេស ជនរងគ្រោះ​ដែលជា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា មាន​ភាព​ភាពកក់ក្តៅ និង​ទំនុកចិត្ត​ឡើយ ៕


Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com