អន្តរជាតិ
កូរ៉េខាងត្បូង​៖ ៣៨​នាក់​របួស​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំងនឹង​ការដាក់​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល THAAD
07, Sep 2017 , 5:16 pm        
រូបភាព
ដោយ:
​ប៉ូលិស​កូរ៉េខាងត្បូង​បាន​បង្ក្រាប បាតុករ​ជាច្រើន​នាក់​ដែល​បាននាំគ្នា​បាតុកម្ម​ប្រឆាំងនឹង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​(THAAD)​របស់​អាមេរិក​បន្ថែ​ដើម្បី​ឆ្លើយតប​នឹង​ការបន្ត​បាញ់​សាកល្បង​មី​ស៊ី​លឥត​ឈប់​របស់​កូរ៉េខាងជើង​នោះ​។  បាតុករ​ប្រហែល ៣៨​នាក់ បាន​រងរបួស​ដោយសា​រ​ការប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​នោះ​។


​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​(THAAD )​បង្ក​ឲ្យ​ប្រជាជន​រស់​ភូមិ Soseong-ri ដែល​នៅក្បែរ​តំបន់​នោះ​ខឹងសម្បារ និង​បាតុកម្ម​ប្រឆាំង​ខ្លាំងៗ​ផងដែរ​។ ថ្ងៃ​ព្រហស្បតិ៍​ទី ៧​ខែកញ្ញា​នេះ គេ​សង្កេតឃើញ​បាតុករ​ជាង​៣០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា ខណៈ​ប៉ូលិស​ប្រហែល ៨០០០​នាក់​ឯណោះ​ត្រូវបាន​គេ​បញ្ជូនមក​ទប់ទល់​បាតុករ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ការ​បាតុកម្ម​នេះ​បាន​ឈានដល់​មានការ​ប៉ះទង្គិច​គ្នា​ផងដែរ​។ ចំណែក ប្រជាជន​ប្រហែល ៣៨​នាក់​បាន​រងរបួស​ដោ​យ​សារ​ការ​ប្រ​វ៉ា​យ​ប្រតប់​ជាមួយនឹង​ប៉ូលិស ហើយ​មនុស្ស ២១​នាក់ ត្រូវគេ​បញ្ចូនទៅ​មន្ទីរពេទ្យ​។​

​ប្រជាជន​មួយចំនួន​នៅ​ភូមិ Soseong-ri បាន​អះអាងថា ពួកគេ​តវ៉ា​មិនមែន​ផ្អែកលើ​ហេតុផល​នយោបាយ​ឡើយ ប៉ុន្តែ​ពួកគេ​រង​ការរំខាន​ខ្លាំង​ដោយសារ​ការពង្រាយ​អាវុធ​នេះ​។ ពួកគេ​លើកឡើង​ដូច្នេះ​ថា​៖«​ពួកយើង​ប្រឆាំងនឹង​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មិនមែន​ដោយសារ​ហេតុផល​នយោបាយ​នោះទេ ប៉ុន្តែ​វា​មកពី​សំឡេង​រំខាន​របស់​ឧទ្ធម្ភាគចក្រ រថយន្តក្រុង និង​រថយន្ត​ដឹកទំនិញ​ដែល​បើក​ឆ្លង​តាមផ្លូវ​ជិត​តំបន់​ដែល​យើង​រស់នៅ​»​។​

​ថ្វីបើ​មានការ​រិះគន់​ដូច្នេះ​ក្តី ភាគី​រដ្ឋាភិបាល បានចាត់ទុក​ការពង្រាយ​អាវុធ​ទំនើប​នេះ​ជាការ​ឆ្លើយតប​យ៉ាង​ចាំបាច់​ចំពោះ​ស្ថានការណ៍​សន្តិសុខ​បច្ចុប្បន្ន​។  រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​ពន្យល់ថា កូរ៉េខាងត្បូង​សម្រេចចិត្ត​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល នោះ​ក៏​ដោយសារតែ​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ដែល​អាច​សាកល្បង​ការបាញ់​មី​ស៊ី​ល​បន្តបន្ទាប់​ក្រោយ​ពេលដែល​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី ឡើងកាន់តំណែង​។

​ប៉ុន្តែ​ចិន​ដែលជា​មិត្ត​ជិតខាង​កូរ៉េខាងត្បូង​តែងតែ​ប្រឆាំង​គម្រោង​បំពាក់​ប្រព័ន្ធ​ការពារ​(THAAD)​អាមេរិក​នេះ​ជា​ញយ​ដង​ដែរ​កន្លងមក​។ ចិន​យល់ថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​អាច​ក្លាយជា​ឧបករណ៍​សម្រាប់​ឃ្លាំមើល​ដល់​ទឹកដី​ខ្លួន និង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ខ្លួន​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា កូរ៉េខាងត្បូង​ធ្លាប់បាន​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទំនើប​នេះ​ពីរ​គ្រឿង​រួចហើយ​នៅ​ជិត​ក្រុង​Seongju  ហើយ​លើក​នេះ​កូរ៉េខាងត្បូង​បាន​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បួន​ដើម​បន្ថែមទៀត​នៅក្បែរ​កន្លែង​ដដែល​៕


Tag:
 THAAD
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com