អន្តរជាតិ
​រ៉ូ​ហ៊ីង​យ៉ា​៖​ម៉ាឡេស៊ី​ចង់​ពឹង UN ព្រោះ​អស់​សង្ឃឹមលើ​អាស៊ាន ឯ​មី​យ៉ាន់​ម៉ា​រក​ចិន និង​រុស្ស៊ី​ធ្វើ​ខ្នងបង្អែក​
07, Sep 2017 , 10:59 pm        
រូបភាព
​ម៉ាឡេស៊ី​បន្ត​បរិហារ​មី​យ៉ាន់​ម៉ា​ពាក់ព័ន្ធ​ការបន្ត​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ដែលជា​ជនជាតិភាគតិច​ភាគ​កាន់សាសនា​ឥស្លាម​នៅ​រដ្ឋ Rakhine ហើយក៏​ត្រៀម​លើកយក​បញ្ហា​នេះ​ទៅ​ជជែក​នៅ​អង្គការសហប្រជាជាតិ​ដូចគ្នា​។ រដ្ឋ​អាស៊ាន​មួយ​នេះ​រំពឹងថា ចំណាត់ការ​ជា​ដុំកំភួន​អាច​នឹងត្រូវ​ដាក់ចេញ​ដើម្បី​ដាក់​សម្ពាធ​មី​យ៉ាន់​ម៉ា​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​។ ចំណែក មី​យ៉ាន់​ម៉ា​ឯណោះ​វិញ ចាប់ផ្តើម​ងាក​ទៅរក​ជំនួយ​ពី​មហា​យក្ស​ចិន និង​រុស្ស៊ី​វិញ​ម្តង ដើម្បី​ទប់ទល់​សម្ពាធ​សហគមន៍​អន្តរជាតិ​នេះ​។ ក្រុង​ណៃ​ពិដោ ចង់​ឲ្យ​រុស្ស៊ី​និង​ចិន​ដែលជា​មិត្ត​ជិតស្និទ្ធ​នេះ​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ក្នុងនាម​សមាជិក​ក្រុម​ក្រុមប្រឹក្សាសន្តិសុខ​ទប់ស្កាត់​រាល់​ដំណោះស្រាយ​ដែល​ផ្តោតលើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។


១.​អស់​សង្ឃឹមលើ​អាស៊ាន ម៉ាឡេស៊ី​ត្រៀម​លើក​បញ្ហា​ទៅ​អង្គការសហប្រជាជាតិ​

​បន្ទាប់ពី​ទទូច​ឲ្យ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​បញ្ហា​ម្តង​ជា​ពីរដង តែ​គ្មាន​លទ្ធផល ម៉ាឡេស៊ី​ហាក់​ខឹង សម្បារ​ខ្លាំង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ឃើញ​ប្រមុខ​ការទូត​ម៉ាឡេស៊ី​លោក Anifah Aman បញ្ជាក់​យ៉ាងច្បាស់​លាស់​ថា លោក​បាត់បង់​ក្តី​សង្ឃឹមលើ​អាស៊ាន​ហើយ​ក្នុង​ការជួយ​ដោះស្រាយ​វិបត្តិ​មនុស្សជាតិ​នៅ​រដ្ឋ Rakhine មី​យ៉ាន់​ម៉ា​នោះ​។

​យោងតាម​សារព័ត៌មាន​ម៉ាឡេស៊ី The Star  លោក​អះអាងថា អាស៊ាន​មិនមាន​លទ្ធភាព​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា នៅ​មី​យ៉ាន់​ម៉ា​ឡើយ​។ លោក​បញ្ជាក់​ដូច្នេះ​៖« ក្នុង​ក្របខណ្ឌ​អាស៊ាន ខ្ញុំ​អស់សង្ឃឹម​ហើយ​។ យើង​មាន​កិច្ចប្រជុំ​សរុប ប្រាំ​ពីរដង ហើយ​ម៉ាឡេស៊ី​បានបង្ហាញ​ក្តីបារម្ភ​ពី​បញ្ហា​នេះ​រហូត ហើយ​មី​យ៉ាន់​ម៉ា​សន្យា​រហូត​ថា​ខ្លួន​នឹង​ដោះស្រាយ​»​។

​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ជា​មូលហេតុ​តែមួយគត់​ដែល​ធ្វើ​ឲ្យ​អាស៊ាន​ស្ងៀមស្ងាត់​បែបនេះ​។ រដ្ឋ​នីមួយៗ​ក្រៅពី​ម៉ាឡេស៊ី​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​សន្យា​មិន​លូកលាន់​រឿងនេះ​ទេ​។ ប៉ុន្តែ​ឥណ្ឌូណេស៊ី​ឯណោះ​រក្សា​ជំហរ​ក្នុងនាម​ជា​មេដឹកនាំ​អាស៊ាន​និង​មាន​ភាពចាស់ទុំ​ជាង​ម៉ាឡេស៊ី ដោយ​មិន​បរិហារ ថ្កោលទោស​ឬ​រិះគន់​អ្វី​ឡើយ​។ ប្រទេស​នេះ​បញ្ជូន​អ្នកការទូត​ខ្លួន​ទៅ​បញ្ចុះបញ្ចូល​មី​យ៉ាន់​ម៉ា​ឲ្យ​ដោះស្រាយ​បញ្ហា​ឲ្យ​ឆាប់​តាម​ដែល​អាច​ធ្វើបាន ហើយ​គេ​ក៏​សន្យា​ជួយ​ជ្រោមជ្រែង​ផងដែរ​។   

​តំណាង​រដ្ឋាភិបាល​ម៉ាឡេស៊ី​នេះ​បន្ថែមថា​៖ «​រហូតដល់​បច្ចុប្បន្ន គេ​មិន​បានធ្វើ​អ្វី​សោះ​។ ដូច្នេះហើយ​ម៉ាឡេស៊ី​ប្រហែលជា​នឹង​លើកយក​បញ្ហា​នេះ​ទៅ​អង្គការសហប្រជាជាតិ និង​ទៅកាន់​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម​តែម្តង​»​។ 

​កាលពីដើម​សប្តាហ៍​នេះ ក្រសួងការបរទេស​ម៉ាឡេស៊ី​ក៏បាន​កោះហៅ​បេសកជន​មី​យ៉ាន់​ម៉ា​ប្រចាំ​ម៉ាឡេស៊ី​មក​សាកសួរ​ផងដែរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​រដ្ឋ Rakhine​។  រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏បាន​ប្រាប់​ឲ្យ​មី​យ៉ាន់​ម៉ា​ព្យាយាម​ដោះស្រាយ​វិបត្តិ​នេះ​ឲ្យ​បាន​ឆាប់​ព្រោះ​ប្រជាជន​ច្រើន​ម៉ឺន​នាក់​រងគ្រោះ​រួចទៅហើយ​។

​ប៉ុន្តែ​មកដល់ពេលនេះ គេ​មិនទាន់​ឃើញ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដាក់ចេញ​ចំណាត់ការ​ជា​ដុំកំភួន​ឡើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ ថ្វីបើ​សហគមន៍​អន្តរជាតិ​រិះគន់​ឬ​ថ្កោលទោស​យ៉ាងណាក្តី​។ មី​យ៉ាន់​ម៉ា​គ្រាន់តែ​បកស្រាយ​ថា ខ្លួន​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​ក្នុងស្រុក​ប៉ុណ្ណោះ​។

២.​សន្លឹក​បៀរ​ការទូត​មី​យ៉ាន់​ម៉ា​៖ អូស​ចិន និង​រុស្ស៊ី​មកជួយ​ការពារ​ខ្លួន​

​ចំ​ពេលដែល​ស្ថានការណ៍​មិន​ស្រួល ហើយ​ការ​ថ្កោលទោស​ចេញមក​ឥត​ដាច់​ពី​សហគមន៍​អន្តរជាតិ​ផង​នោះ មី​យ៉ាន់​ម៉ា​នៅមាន​សន្លឹក​បៀរ​ការទូត​ក្នុង​ដៃ​ដើម្បី​ដោះស្រាយ​ភាពទាល់ច្រក​មួយគ្រា​។ នោះ​គឺរ​ត់រក​មិត្ត​ចិន​និង​រុស្ស៊ី​ឲ្យ​ផ្តល់​ការការពារ​ផ្នែក​ការទូត​ដល់​ខ្លួន​ក្នុងនាម​ជា​មិត្ត​ជិតស្និទ្ធ​។​

​គេ​ដឹង​ច្បាស់​ណាស់​ថា បណ្តា​លោកខាងលិច និង​បណ្តា​ប្រទេស​ម៉ូ​ស្លី​ម​ម៉ាឡេស៊ី​ក្តី តួ​ក​គី​ក្តី​សុទ្ធតែ​ត្រៀម​លើកយក​បញ្ហា​នេះ​ទៅ​ជជែក​គ្នា​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ដែរ​ព្រោះ​វា​មានតម្លៃ​ការទូត​ខ្ពស់​។ បើ​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស និង​ទាមទារ​ឲ្យ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​បញ្ហា ឬ​បញ្ឈប់​រាល់​ប្រតិ​ប​តិ្ត​ការ​សឹក​ដែល​ប៉ះពាល់​ដល់​ជីវិត​ជន​ស៊ីវិល​នោះ រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​នឹង​កាន់តែ​រង​សម្ពាធ​ធ្ងន់​ទ្វេដង​។ ដូច្នេះហើយ ការរត់​រក​ចិន និង​រុស្ស៊ី​ឲ្យ​ជួយ​ជា​ផ្លូវ​ដើរ​តែមួយគត់​ដែល​មី​យ៉ាន់​ម៉ា​ត្រូវ​ដើរ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​មី​យ៉ាន់​ម៉ា Thaung Tun បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​ពឹងពាក់​លើ​ចិន​និង​រុស្ស៊ី​ដែលជា​សមាជិក​អចិ​ន្ត្រៃ​អង្គការសហប្រជាជាតិ​ដើម្បី​ទន់​ស្កាត់​រាល់​ការចេញ​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​ដែល​កើតឡើង​នៅ​មី​យ៉ាន់​ម៉ា​។​

​តំណាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រូបនេះ​បានបញ្ជាក់​ដូច្នេះ​៖« យើង​កំពុង​ចរចា​ជាមួយ​ប្រទេសមួយ​ចំ​មួន​ដើម្បី​បញ្ចុះបញ្ចូល​កុំ​ឲ្យ​គេ​លើក​បញ្ហា​នេះ​ទៅ​ដាក់​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​។ ចិន​ជា​មិត្ត​របស់​យើង ហើយ​យើង​ក៏មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ដែរ​ជាមួយ​រុស្ស៊ី​។ ដូច្នេះ​វា​មិនអាច​ទៅរួច​ឡើយ​ដែល​បញ្ហា​នេះ​ត្រូវគេ​យកទៅ​ពិភាក្សា​នោះ​»​។​

​គេ​ចាំបាន​ថា មហា​យក្ស​ចិន និង​រុស្ស៊ី​កាលពី​ខែមីនា​បាន​ព្រួត​គ្នា​ជំទាស់​សេចក្តីថ្លែងការណ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​បង្ហាញ​ក្តីបារម្ភ​ចំពោះ​បញ្ហា​រ៉ូ​ហ៊ី​យ៉ា​ផងដែរ​។​

​ខុសពី​លោកខាងលិច ចិន​និង​រុស្ស៊ី​រក្សា​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ជា​មិត្ត​យូរអង្វែង​មកហើយ ទោះ​អ្នកណា​ស្លាប់​ឬ​រស់​ក៏ដោយ​។ រាល់​សេចក្តីថ្លែងការណ៍​របស់​មហាអំណាច​ទាំងពីរ​ពាក់ព័ន្ធ​បញ្ហា​ប្រទេស​ដទៃ​គឺ​ស្ថិតនៅ​កណ្តាល ហើយ​មិន​លះ​ចំ​ចំណុច​ឡើយ​។  ដូច្នេះ​លើក​នេះ ចិន​និង​រុស្ស៊ី​ចៀស​មិន​ផុតពី​ប្រើ​សិទ្ធិ​ជំទាស់​ជាថ្មី​ទៀតឡើយ ដើម្បី​បិទ​រាល់​សេចក្តីថ្លែងការណ៍​ណាមួយ​ដែល​ពាក់ព័ន្ធ​វិបត្តិ​រ៉ូ​ហ៊ី​យ៉ា ទោះជា​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ទទូច​សុំ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ក្តី​។​

​មី​យ៉ាន់​ម៉ា​បន្ត​ប្រតិបត្តិការ​សឹក​នៅ​រដ្ឋ Rakhine ក្រោមលេស​បង្ក្រាប​ក្រុម​បះបោរ     ​«​ទាហាន​រំដោះ​រ៉ូ​ហ៊ីង​យ៉ា​នៅ​Arakan» (ARSA) ដែល​ត្រូវ​រដ្ឋាភិបាល​ចាត់​ចូល​ជា​ក្រុម​ភេរវជន​នោះ​។ ចំណែក​ចិន​គាំទ្រ​មី​យ៉ាន់​ម៉ា ព្រោះ​មហាអំណាច​នេះ​ស្គាល់​ប្រយោជន៍​ខ្លួន​នៅ​មី​យ៉ាន់​ម៉ា​ជាពិសេស​នៅ​រដ្ឋ Rakhine តែម្តង​។ ប្រយោជន៍​នោះ​គឺ Rakhine ស្ថិតក្នុង​គម្រោង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​» ហើយ​វា​សម្បូរ​ធនធាន​រ៉ែ​ធម្មជាតិ ប្រេង និង​ឧស្ម័ន​ផង​។ ដូច្នេះ សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​នេះ​ជា​រឿង​ដែល​ចិន​ចង់បាន​៕


Tag:
 ម៉ាឡេស៊ី​
 Rakhine
  រ៉ូ​ហ៊ី​យ៉ា​
  អាស៊ាន​
  ចិន រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com