អន្តរជាតិ
ប្រមុខ​ការពារជាតិ​ថៃ សន្យា នាំ​អ្នក​ជួយ​សម្រួល​លោកស្រី​យី​ង​ឡាក់​មក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​
08, Sep 2017 , 7:59 am        
រូបភាព
ដោយ:
​ប្រមុខ​ការពារជាតិ​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍  Prawit Wongsuwan បាន​អះអាងថា លោក នឹង​ចាត់វិធានការ​ផ្នែក​ច្បាប់​ប្រឆាំងនឹង​ជន​ទាំងឡាយណា ដែល​បាន​អន្តរាគមន៍​ដល់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា​ឲ្យ​ចេញពី​ប្រទេស ។


« នៅពេលដែល​ពេលវេលា​មួយ​សមរម្យ​បានមក​ដល់ គ្រប់យ៉ាង នឹងត្រូវ​បង្ហាញ​។ អ្នក ដែល​បាន​ជួយ​សម្រួល​លោកស្រី យី​ង​ឡាក់ ចេញពី​ប្រទេស ក៏​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ផងដែរ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ  Prawit Wongsuwan ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃទី​០៦ កញ្ញា ។

​យ៉ាងណាក៏ដោយ ស្រប​នឹង​ការប្តេជ្ញា​នាំយក​អ្នក​នៅ​ពីក្រោយ​នៃ​ការ​គេចខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​មក​ទទួលខុសត្រូវ​ផ្នែក​ច្បាប់​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ Prawit ក៏បាន​បញ្ជាក់ដែរថា មកទល់ពេលនេះ លោក មិនទាន់​បានដឹងថា​តើ លោកស្រី យី​ង​ឡាក់ នៅទីណា​ឲ្យ​ប្រាកដ ហើយ អ្នកណា ជា​អ្នក​សម្រួល​មធ្យោបាយ​ដល់​លោកស្រី​ឡើយ ។

​សូម​រម្លឹក​ដែរ​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ត្រូវបាន​ជាប់ចោទ​ពីបទ​ធ្វេសប្រហែស​ក្នុងពេល​ដឹកនាំ​រដ្ឋាភិបាល ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​ថវិកាជាតិ​រាប់លាន​ដុល្លារ ។ លោកស្រី បាន​អវត្តមាន​ក្នុង​ថ្ងៃ​ប្រកាស​សាលដីការ​សំណុំរឿង​របស់លោក​ស្រី ដែល​បាន​ប្រព្រឹត្តឡើង​នៅ​ចុងខែ​មុន ។

​តាម​ប្រភពព័ត៌មាន​ជាច្រើន លោកស្រី យី​ង​ឡាក់ បានគេច​ខ្លួន​ទៅដល់​ក្រុង​ឌូ​ប៉ៃ ដែលជា​កន្លែង​បងប្រុស​បង្កើត​របស់លោក​ស្រី និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា រស់នៅ​ដោយ​សុវត្ថិភាព​ហើយ​។​

​ការរត់​គេច​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ស្រី​ដំបូង​គេ​រូបនេះ បាន​បង្កើតជា​មន្ទិល​ជាច្រើន ថា​តើ​លោកស្រី អាច​ចាក​ចេញពី​រាជាណាចក្រ​ថៃ​ដោយ​របៀប​ណា បើ​តាំងពី​អស់អំណាច ហើយ​ត្រូវបាន​តុលាការ​ចោទប្រកាន់ លោកស្រី ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចាក​ចេញទៅ​បរទេស​នោះ​៕


Tag:
 ​ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com