អន្តរជាតិ
ចិន​ធ្វើ​សមយុទ្ធ​របៀបការ​ពារ​ខ្លួន​នៅក្បែរ​ឧបទ្វីប​កូរ៉េ
08, Sep 2017 , 8:59 am        
រូបភាព
​កងទ័ពអាកាស​ចិន កាលពី​ថ្ងៃទី​៦ ខែកញ្ញា បានចាប់ផ្ដើម​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ឈូង​សមុទ្រ​ប៉​ហៃ ក្បែរ​ឧបទ្វីប​កូរ៉េ​។ សមយុទ្ធ​នេះ គឺជា​លំ​ហាត់​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ដោយ​សត្រូវ​ខាងក្រៅ និង​ផ្ដោត​សំខាន់​លើ​ការវាយប្រហារ​គោលដៅ​លើ​ផ្ទៃសមុទ្រ និង​លើ​អាកាស​។ សមយុទ្ធ​នេះ​ធ្វើឡើង​ចំពេល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ស្ថិតក្នុង​ភាពមិន​នឹងនរ ដោយសារ​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន និង​ការព្រួយបារម្ភ​ចំពោះ​ការប្រើប្រាស់​ចំណាត់​យោធា​ប្រឆាំង​កូរ៉េខាងជើង​។
 


​កងទ័ពអាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ត្រូវបាន​ពង្រាយ​កងទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​នៅ​មាត់សមុទ្រ​ប៉​ហៃ ដើម្បី​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​។ សមយុទ្ធ​ដែល​ធ្វើឡើង​ចំពេល​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​កើន​កម្ដៅ មាន​គោលដៅ​ពង្រឹងសមត្ថភាព​កងទ័ព​ចិន និង​ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ហ្វឹកហាត់​ផងដែរ​។ សមយុទ្ធ​នេះ​នឹងមាន​ការបាញ់​មី​ស៊ី​ល​តម្រង់​គោលដៅ​នៅលើ​សមុទ្រ និង​អាកាស ដោយ​ប្រើប្រាស់​មី​ស៊ី​ល​ទំនើបៗ និង​កាំភ្លើង​ធំ​ជាច្រើន​គ្រឿង​ផង​។​

​យោធា​ចិន​និយាយថា លំ​ហាត់​យោធា​ដែល​ចាប់ផ្ដើម​នៅ​ដើម​សប្ដាហ៍​នេះ ក៏មាន​គោលដៅ​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​ម​កលើ​ចិន​ដែរ​។ មី​ស៊ី​ល​ការពារ​អាកាស HQ-6 ក៏មាន​វត្តមាន​ក្នុង​សមយុទ្ធ​នេះដែរ ហើយ​បើតាម​យោធា​ចិន មី​ស៊ី​ល​នេះ​បាន​បាញ់​ចំ​គោលដៅ​យ៉ាងច្បាស់​ទៀតផង​។ ក្រសួងការពារជាតិ​ចិន​និយាយ​ដែរ​ថា សមយុទ្ធ​នេះ ក៏​មិនមែន​សំដៅ​ប្រទេស​ណា​ដែរ ហើយ​វា​ជា​ផ្នែក​មួយ​នៃ​ផែនការ​អភិវឌ្ឍ​សមត្ថភាព​យោធា​ប៉ុណ្ណោះ​។​

​ជាមួយនឹង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ មេបញ្ជាការ​កងទ័ពអាកាស​ចិន Ding Laihang អះអាងថា កងទ័ពអាកាស​នឹងមិន​ត្រឹមតែ​ផ្ដោតលើ​ការការពារ​ដែនអាកាស​ចិន​តែមួយ​មុខ​ទេ តែ​ក៏​នឹង​យកចិត្តទុកដាក់​លើ​ផលប្រយោជន៍​ចិន​នៅ​ឆ្ងាយ​ពី​ទឹកដី​ដែរ​។ លោក​បញ្ជាក់ថា យើង​បាន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ដោយ​ផ្តោត​ការយកចិត្ត​របស់​យោង​ទុក​លើ​ការបាញ់​មី​ស៊ី​ល​សំដៅ​គោលដៅ​ឆ្ងាយៗ និង​មិន​ផ្ដោត​តែ​គោលដៅ​ជិត​ទឹកដី​ចិន​ឡើយ​។​

​ចិន​ពិតជា​បារម្ភ​ខ្លាំង ពេល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​មិនទាន់​ស្រាកស្រាន្ត​។ ការ​គំរាម​ប្រើ​កម្លាំង​ទ័ព​របស់​អាមេរិក​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ពិតជា​ធ្វើ​ឲ្យ​ចិន​នៅ​មិន​ស្ងប់​ឡើយ ព្រោះ​ចិន​មាន​ព្រំដែន​ជាប់​កូរ៉េខាងជើង ហើយ​បើ​អាមេរិក​វាយ​កូរ៉េខាងជើង​មែន​នោះ ចិន​ក៏ត្រូវ​រងគ្រោះ​ដែរ ជាពិសេស​លំហូរ​ជនភៀសខ្លួន​តែម្ដង​។ ម្យ៉ាងទៀត ចិន​ក៏ត្រូវ​ការពារ​ខ្លួន ក្រែងលោ​មានការ​វាយប្រហា​រលើ​អធិបតេយ្យ​របស់ខ្លួន​ដែរ​។​

​លើ​បញ្ហា​កូរ៉េខាងជើង ក្រុង​ប៉េកាំង​ជំទាស់​ដាច់ខាត​ហើយ​លើ​ការប្រើប្រាស់​យោធា និង​ប្រកាន់​ជំហរ​ចរចា​ដោយ​សន្តិវិធី​ដើម្បី​ឈានដល់​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​ឯណោះ ក៏បាន​ធ្វើ​ឲ្យ​ចិន​បាក់មុខ​មិនតិច​ដង​ដែរ ព្រោះ​បាន​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល​រំលង​ទ្វីប​ជា​ញឹកញាប់​។ ទំនង​អន់​ចិត្តនឹង​រឿងនេះ ចិន​ក៏​គាំទ្រ​ទណ្ឌកម្ម​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​៕


Tag:
 ចិន​
  ឧបទ្វីប​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com