អន្តរជាតិ
វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​៖ បាតុករ ដុត​ទង់ជាតិ គប់​ដប​ទឹក​សុទ្ធ ដុំថ្ម​នៅ​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​ឥណ្ឌូណេស៊ី
08, Sep 2017 , 9:21 am        
រូបភាព
ដោយ:
​ស្រប​ពេលដែល​បញ្ហា​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine នៃ​ប្រទេស​មី​យ៉ាន់​ម៉ា កាន់តែ​វិ​វត្ត​ទៅរក​ភាពអាក្រក់​ទៅៗ ក្រុមបាតុករ​ជាច្រើន​នាក់​នៅ​ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​ដែលមាន​ចំនួន​ប្រជាជន​ឥស្លាម​ច្រើនជាងគេ​របស់​ពិភពលោក ក៏បាន​ផ្ទុះ​បាតុកម្ម​ទាមទារ​ឲ្យ​មី​យ៉ាន់​ម៉ា ចាត់វិធានការ​ដើម្បី​បញ្ឈប់​បញ្ហា​នេះ​។


​កំហឹង​របស់​ជនជាតិ​ឥស្លាម​ឥណ្ឌូណេស៊ី​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា បាន​ឈានដល់​ដំណាក់កាល​មួយ​កាន់តែ​អាក្រក់​ហើយ ។ ក្រុមបាតុក​ឥស្លាម​ជាច្រើន​នាក់ នៅ​ថ្ងៃទី​០៦ កញ្ញា បាន​ដុត​ទង់ជាតិ​មី​យ៉ាន់​ម៉ា​ក្នុងពេលដែល​ពួកគេ បាន​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​នៅ​ខាងក្រៅ​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​រដ្ឋធានី​ហ្សា​ការ​តា ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន ឥណ្ឌូណេស៊ី The Jakarta Post

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ បន្ទាប់ពី​ក្រុមបាតុករ បាន​ដុត​ទង់ជាតិ​រួចហើយនោះ ពួកគេ ក៏បាន​គប់​ដប​ទឹក​សុទ្ធ និង​ដុំថ្ម​ទៅកាន់​ស្ថានទូត​មី​យ៉ាន់​ម៉ា និង​ថែមទាំង​ប៉ុនប៉ង​ទម្លាយ​បន្លា​លួស​ទៅកាន់​ស្ថានទូត​ទៀតផង ។ យ៉ាងណាក៏ដោយ ស្ថានការណ៍ ត្រូវបាន​បន្ធូរបន្ថយ ដ្បិត មាន​ការធានា​សន្តិសុខ​ពី​ប៉ូលិស​ឥណ្ឌូណេស៊ី ។

​សូម​ជម្រាប​ផងដែរ​ថា ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​នៅ​ខែសីហា នៅក្នុង​រដ្ឋ Rakhine មក មាន​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ជាង​១០​ម៉ឺន​នាក់​ហើយ បាន​រត់​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា​ទៅកាន់​បណ្តា​ជា​ប្រទេសជិតខាង ។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការសហប្រជាជាតិ UNHCR ។

​ជុំវិញ​ការប្រមូលផ្តុំ​នេះដែរ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក៏បាន​ប្រាប់​ពលរដ្ឋ​ខ្លួន កុំ​ឲ្យ​ចេញមុខ​បាតុកម្ម​នោះទេ ពោលគឺ ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល ដើម្បី​ចេញ​ចំណាត់ការ​ជាមួយនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដោយផ្ទាល់​។

​តាមពិតទៅ នេះ​មិនមែនជា​ការប្រមូល​ជា​លើកដំបូង​ឡើយ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ធ្វើឡើង​ក្នុង​គោលដៅ​ទាមទារ​ឲ្យ​មី​យ៉ាន់​ម៉ា បញ្ឈប់​សកម្មភាព​រើស​អើ​ង និង​ហិង្សា​លើ​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​នោះ​។ នៅ​ចុងឆ្នាំ​២០១៦​កន្លងទៅ ក៏មាន​ចលនា​ប្រមូលផ្តុំ​ស្រដៀង​គ្នា​របស់​ពលរដ្ឋ​ឥស្លាម​នៅ​បណ្តា​រដ្ឋ​អាស៊ាន ដែល​រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ បន្ទាប់ពី​មាន​ហិង្សា​ប្រដាប់អាវុធ​នៅ​រដ្ឋ Rakhine នៅ​ខែតុលា ឆ្នាំ​២០១៦​នោះ ដែល​បាន​បណ្តាល​ឲ្យ​មាន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​នាក់ បាន​ភៀសខ្លួន​ចេញពី​ប្រទេស និង​រក​ជំនួញ​អន្តរាគមន៍​នោះ ៕


Tag:
 ឥណ្ឌូណេស៊ី​
  មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com