អន្តរជាតិ
យ៉ាងហោច​ពីរ​នាក់​បាន​ស្លាប់​ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី​កម្រិត ៨​រ៉ិ​ច​ទ័​រ​នៅ​ម៉ិ​ក​ស៊ិ​ក​
08, Sep 2017 , 4:25 pm        
រូបភាព
រូបភាព៖ NDTV
រូបភាព៖ NDTV
ដោយ:
​យ៉ាងហោចណាស់​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ការរញ្ជួយ​ដី​កម្រិត ៨ រ៉ិ​ច​ទ័​រ​នៅ​ឆ្នេរ​និរតី​របស់​ម៉ិ​ក ស៊ិ​ក​កាលពី​ថ្ងៃទី ៨ ខែកញ្ញា​។ មកទល់​បច្ចុប្បន្ន​គេ​នៅ​មិនទាន់​ទទួលបាន​សេចក្ដីរាយការណ៍​ភ្លាមៗ​ពី​ការខូចខាត​នៅឡើយ​ទេ​។ នេះ​ជាការ​រញ្ជួយ​ដី​ដែលមាន​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក​។​


​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​បន្ទាប់ពី​ការរញ្ជួយ​ដី​ដែលមាន​កម្រិត​៨ រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ឆ្នេរ​និរតី​របស់​ម៉ិ​ក​ស៊ិ​ក ដែល​វា​ជាស​ញ្ញា​នៃ​ការកើតមាន​រលក​យក្ស​ស៊ូ​ណា​មី​។ គេ​នៅ​មិនទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូ​ត​ខាត​នៅឡើយ​ទេ ក្រៅពី​ចំនួន​មនុស្ស​ស្លាប់​។​

​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ទីភ្នាក់ងារ​ការពារ​ម៉ិ​ក​ស៊ិ​ក​បញ្ជាក់​ដូច្នេះ​ថា នេះ​ជាការ​រញ្ជួយ​ដី​ដែលមាន​កម្រិត​ខ្ពស់​ជាងគេ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៨៥​មក​។ ហេតុការណ៍​រញ្ជួយ​ដី​ឆ្នាំ​១៩៨៥​បានធ្វើ​ឲ្យ​អាគារ​មួយចំនួន​ដួលរលំ និង​មនុស្ស​ច្រើន​ពាន់​នាក់​ទៀត​ស្លាប់​។​

​ភ្ញៀវ​ទេសចរណ៍​ម្នាក់​ដែល​ស្ថិតនៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឈ្មោះ Luis Carlos Briceno បាន​និយាយថា លោក​មិនដែល​ធ្លាប់​ទៅ​កន្លែង​ណា​ដែលមាន​កម្រិត​នៃ​ការរញ្ជួយ​ដី​ខ្លាំង​បែបនេះ​ឡើយ​។ ពីដំបូង​លោក​មិន​នឹកស្មានថា​វា​រញ្ជួយ​ខ្លាំង​បែបនេះ​ឡើយ លុះ​ក្រោយមក​លោក​ស្ទើរតែ​ទប់​ជំហរ​ខ្លួនឯង​មិន​រួចទៅហើយ​។​

​សូម​ជម្រាប​ដែរ​ថា អ្នកប្រើប្រាស់​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​មួយចំនួន​ក៏បាន​បង្ហោះ​វីដេអូ​ពី​ទិដ្ឋភាព​អាគារ និង​ផ្លាកសញ្ញា​មួយចំនួន​ផង​អំឡុងពេល​រញ្ជួយ​ដី​។ ចំណែកឯ​ប្រជាជន​នៅ​ទីក្រុង​ម៉ិ​ក​ស៊ិ​ក​វិញ​បាន​រត់ចេញ​ទៅរក​កន្លែង​មាន​សុវត្ថិភាព​ដោយ​ខ្លះ​ពាក់​ត្រឹម​សំលៀកបំពាក់​គេង​យប់​ប៉ុណ្ណោះ​នៅពេលដែល​កណ្ដឹង​ប្រកាសអាសន្ន​រោទ៍​ឡើង​៕


Tag:
 រញ្ជួយ​ដី​
 ​ ម៉ិចស៊ិក
© រក្សាសិទ្ធិដោយ thmeythmey.com